ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៣ដួង បានតំណែងធំពីកម្មវិធី របស់ សារ៉ាយ សក្ខណា

កាលពីរសៀលថ្ងៃទី១១ មិថុនា តារាសម្ដែង និងជាពិធីការិនី៣ដួង ត្រូវបានប្រកាសថាមានតួនាទីក្នុងកម្មវិធី«Xeno Make Over» យ៉ាងកាលីប ដែលកម្មវិធីត្រូវបានបង្កើតឡើងដោយតារាសម្ដែងអ្នកនាង សារ៉ាយ សក្ខណា ដើម្បីផ្ដល់ឱកាសឲ្យបុរសនារីដែលមានរាងធាត់ចាប់ពីជាង៧០គីឡូឡើងទៅ បានទទួលឱកាសសម្រកខ្លាញ់ សម្រករាង និងកែប្រែទម្រង់មុខដោយឥតគិតថ្លៃ ដើម្បីកែប្រែរូបសម្រស់របស់អ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកប្រកួតប្រជែង ឲ្យក្លាយជាមនុស្សដែលមានរូបរាងថ្មី និងជាមនុស្សមុខV តាមក្ដីស្រម៉ៃ។ អ្នកទាំង៣នឹងមានតួនាទីសំខាន់ដូចគ្នា ដោយគ្រាន់តែម្នាក់ៗទទួលខុសត្រូវដោយឡែកពីគ្នា ប៉ុន្តែត្រូវបំពេញតួនាទីតាំងពីដើមដល់ចប់ដូចគ្នា ខណៈដែលតួនាទីរបស់តារា២រូប ក៏មិនខុសពីអ្នកកំណត់ជោគវាសនារបស់អ្នកប្រកួតប្រជែងផង។

លោក រ៉ាប៊ីត អ្នកគ្រប់គ្រងមជ្ឈមណ្ឌលថែរក្សាសម្រស់ Xeno ដែលត្រូវគេស្គាល់ជាហាងរបស់អ្នកនាង សារ៉ាយ សក្ខណា បានថ្លែងបញ្ជាក់ថា ដើម្បីផ្ដល់ឱកាសឲ្យបុរសស្រ្តីដែលមានរូបរាងធាត់លើសគីឡូ ហើយមិនមានលទ្ធភាពកែប្រែរូបសម្រស់របស់ខ្លួន ដោយសារតែអស់លុយថ្លៃ ទើបអ្នកនាងសារ៉ាយ សក្ខណា ម្ចាស់ហាងមួយនេះ សម្រេចបង្កើតកម្មវិធី«Zeno Make Over» ដោយចាប់ផ្ដើមទទួលពាក្យបេក្ខជនបេក្ខនារីចាប់ពីថ្ងៃទី១២ មិថុនា តទៅ ដើម្បីឈានទៅជម្រុះយកតែ២០រូបតាមរូបថត និងបន្តជម្រុះយក១០នាក់ ដើម្បីឲ្យអ្នកទាំង១០ ឡើងប្រកួតប្រជែងក្នុងកម្មវិធីក្រោមការបង្វឹករបស់កញ្ញា ទឹម រដ្ឋា និងកញ្ញា ឌុច លីដា ដោយមានពិធីការិនីមួយរូបជាអ្នកសម្របសម្រួលកម្មវិធី។

លោកអះអាងថា ក្នុងកម្មវិធីនេះតារា៣ដួងនឹងមានតួនាទីដោយឡែកពីគ្នា ដោយកញ្ញាទឹម រដ្ឋា ត្រូវបំពេញការងារជាគ្រូបង្វឹក ជាអ្នកបង្ហាត់បេក្ខជនបេក្ខនារី ជាអ្នកសង្កេតអត្តចរឹក និងការវិវត្តន៍របស់អ្នកប្រកួត កញ្ញាឌុច លីដា គឺជាអ្នកបង្ហាញពីបទពិសោធន៍ក្នុងការសម្រកខ្លាញ់ដល់បេក្ខជន ដោយត្រូវប្រាប់របៀបថាមុនពេលសម្រកខ្លាញ់ត្រូវធ្វើយ៉ាងមិច ក្រោយសម្រកត្រូវធ្វើយ៉ាងមិចខ្លះ ដើម្បីកុំឲ្យបេក្ខជនបេក្ខនារីដែលភ័យខ្លាចមុនពេលបូបខ្លាញ់ និងកញ្ញា ជីមី គឺជាពិធីការិនីក្នុងកម្មវិធីតាំងពីដើមដល់ចប់ ដែលនាងគឺជាតួឯកធំមួយសម្រាប់ការប្រកួតប្រជែងទាំងមូល។

លោកថាក្នុងកម្មវិធីប្រកួតប្រជែងនេះ នឹងប្រកាសអ្នកឈ្នះនៅដើមខែ៧ខាងមុខ ដោយអ្នកឈ្នះម្នាក់ចុងក្រោយ នឹងទទួលបានការសម្រកខ្លាញ់ពីគីឡូ៧០ជាងដែលបានកំណត់ នឹងទទួលបានការសម្រកខ្លាញ់ និងកែសម្ផស្សតាំងពីចុងសក់ដល់ចុងជើង ដែលគិតជាទឹកប្រាក់គឺរហូតដល់ជាង១២០០០ដុល្លារ។

កញ្ញាទឹម រដ្ឋា និយាយថា សម្រាប់កម្មវិធីនេះ កញ្ញានឹងប្រើសមត្ថភាពដែលធ្លាប់មាននៅក្នុងសិល្បៈ ដើម្បីបំពេញការងារជាគ្រូបង្វឹក ដោយកញ្ញារំពឹងថានឹងជ្រើសបានបេក្ខជន ឬបេក្ខនារីម្នាក់ដែលមានរូបរាងធាត់ ហើយមានការវិវត្តន៍ខ្លួនបានល្អឲ្យឈ្នះចំណាត់ថ្នាក់លេខ១ ដើម្បីបានកែសម្រស់ក្នុងទំហំទឹកប្រាក់ជាង១២០០០ដុល្លារពីហាង Xeno។ មិនខុសគ្នាដែរ កញ្ញា ឌុច លីដា និងកញ្ញា ជីមី ក៏បានប្រកាសថាខ្លួននឹងបំពេញការងារឲ្យបានល្អសម្រាប់កម្មវិធីនេះទាំងមូលផងដែរ បើទោះជាកិច្ចការដែលត្រូវបំពេញនេះ មិនមែនជារឿងងាយស្រួល៕

មតិយោបល់