ព័ត៌មានសិល្បៈ និងកម្សាន្ត

តួល្ខោនបាសាក់ អុល សំអាង កាន់តែមានកម្លាំងចិត្ត ក្រោយឡើងតំណែង

ក្រោយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន មានឋាន:ជាឯកឩត្តម លោក អុល សំអាង ដែលត្រូវគេស្គាល់ថា ជាតួឯកល្ខោន និងជាថៅកែវង់ល្ខោនបាសាក់អុលសំអាង រាជធានីភ្នំពេញ បានអះអាងថា លោកមានកម្លាំងចិត្ត និងមានមោទនភាព ដែលបានក្លាយខ្លួនជាតួល្ខោនបាសាក់យ៉ាងខ្លាំង ដែលការលើកឡើងនេះ គឺផ្ទុយទាំងស្រុងនាពេលកន្លងទៅ។ លោកកាន់តែមានអារម្មណ៍បែបនេះ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រីសរសើរ និងផ្ដល់កម្លាំងចិត្ត ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ដែលលោកចូលច្រៀង កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០១៩។

លោក អុល សំអាង បានថ្លែងបញ្ជាក់ថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលសិល្បករល្ខោនបាសាក់ដូចលោក ត្រូវបានប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តតែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន ដោយមិនទុកឲ្យលោក ដែលជាសិល្ប:បុរាណឯកកោ ហើយគ្រាន់តែបានតែងតាំង ជាឋាន:ឯកឩត្តមមិនបានប៉ុន្មានផង ក៍ត្រូវសម្ដេចនាយករដ្ឋមន្ត្រី Comment សរសើរ និងលើកទឹកចិត្តចំពោះលោក និងភរិយា ក្នុងពេលដែលលោកយល់ថា កាលពីមុនសូម្បីតែក្រុមសាមញ្ញជន ក៍មិនចង់ចាប់អារម្មណ៍ ចំពោះអ្នកល្ខោនបាសាក់ដូចលោកផង។ លោកថាខ្លួនកាន់តែមានកម្លាំងចិត្ត ហើយជាមួយនឹងអ្វីដែលលោកទទួលបាននេះគឺលោកមិនស្ដាយក្នុងការបន្តអភិរក្ស និងតស៑ូជាមួយល្ខោនបាសាក់នោះទេ។ លោកថានេះគឺជាកម្លាំងចិត្ត ដែលសិល្បករម្នាក់ៗចង់បាន ជាពិសេសសម្រាប់សិល្បករផ្នែកបុរាណដូចលោកដែលកន្លងមកត្រូវបានមហាជនមើលរំលង។

គួរបញ្ជាក់ថា លោក អុល សំអាង គឺជាសិល្បករល្ខោនបាសាក់មួយរូប ដែលបានបម្រើវិស័យសិល្ប:បុរាណនេះ ប្រមាណជា២០ឆ្នាំមកហើយ ដោយត្រូវបានព្រះរាជក្រឹត្យនស/រកត/០៧១៩/១១៦២ ត្រាស់បង្គាប់តែងតាំង ដោយព្រះមហាក្សត្រ ជាទីប្រឹក្សាក្រសួងព័ត៍មានឋាន:ស្មើឯកឩត្តម ដែលមិនធ្លាប់មានអ្នកសិល្បករល្ខោន បាសាក់ណាម្នាក់សំណាងដូច។ អ្វីដែលលោកទទួលបាន មិនត្រឹមតែលោកម្នាក់ប៉ុណ្ណោះទេ ដែលមានកម្លាំងចិត្ត ពោលគឺសិល្បករល្ខោនបាសាក់ ដែលធ្លាប់អស់សង្ឃឹមទាំងអស់ ក៍នឹងមានកម្លាំងចិត្តតស៑ូផងដែរ ជាមួយនឹងសិល្ប:បុរាណមួយនេះ៕

មតិយោបល់