ព័ត៌មានសិល្បៈ និងកម្សាន្ត

ណារ៉ា បានធ្វើប្ដីក្មេង សំ ប៉ូលីដា ក្រោយប្ដូរឈ្មោះថ្មី!

បន្ទាប់ពីបានបញ្ចប់ការប្រឡងសមត្ថភាពនៅលើកញ្ចក់ទូរទស្សន៍អប្សរា គេកត់សម្គាល់ថាលោក ប៉ែន សុវណ្ណារ៉ា ហៅណារ៉ា ដែលទើបតែបានសម្រេចចិត្តប្ដូរឈ្មោះថា ពូចាឡឺម វិញ បានត្រឡប់មកកាន់សិល្បៈវិញហើយ ជាមួយនឹងតំណែង២ព្រមគ្នានៅក្នុងស្ថាប័នទូរទស្សន៍Nice TV ផង និងហង្សមាសផង។ អ្វីដែលគេកត់សម្គាល់ គឺលោកត្រូវទូរទស្សន៍ហង្សមាសឲ្យតំណែងជាប្ដីក្មេងអ្នកនាង សំ ប៉ូលីដា ក្នុងភាពយន្តធំមួយ ដែលអ្នកគាំទ្រយល់ថាពិតជាធ្វើឲ្យតារារូបនេះទទួលបានការចាប់អារម្មណ៍។

លោកណារ៉ា និយាយថា លោកសម្រេចឲ្យអ្នកសិល្បៈ និងអ្នកលេងហ្វេសប៊ុកជាមួយលោក ហៅលោកថាពូចាឡឺម វិញហើយ ដោយសារតែឈ្មោះចាស់ គឺណារ៉ា ហាក់មិនរុញឲ្យប្រជាប្រិយភាពរបស់លោកឈានឡើងតាមការតស៊ូ។

បើទោះជាមានតារា រាប់អានមួយចំនួនធំនៅតែបន្តហៅឈ្មោះលោកថាណារ៉ា តែក៏មានអ្នករាប់អានថ្មី ជាពិសេសគឺផលិត និងតារាជំនាន់ក្រោយច្រើនដែរ ដែលបានហៅឈ្មោះលោកថ្មី ដែលលោកថាឈ្មោះពូចាឡឺមនេះ ហាក់ជួយឲ្យលោកមានមុខជាងមុន។

លោកបានបង្អួតពីការងារថ្មីៗក្រោយការដូរឈ្មោះ ដូចជាត្រូវបានទូរទស្សន៍ Nice TV ជ្រើសជាពិធីករ និង កុងត្រាឲ្យLive ក្នុងម៉ោងកំណត់មួយនៅក្នុងកម្មវិធី Tutu Live ដែលអាចឲ្យលោកមានអ្នកគាំទ្រច្រើនជាងមុនផង និងបានទទួលប្រាក់ខែជាកំណត់ផង ដោយមិនទាន់រាប់បញ្ចូលប្រាក់កម្រៃដែលអ្នកទស្សនាផ្ដល់ឲ្យតាមរយៈរង្វាន់ក្នុងពេលលោកធ្វើការ Live ជាសាធារណៈនៅឡើយ។

អ្វីដែលលោកកាន់តែសប្បាយចិត្តក្រោយការដូរឈ្មោះទៀតនោះ គឺលោកត្រូវបានហង្សមាសជ្រើសឲ្យសម្ដែងជាតួប្ដីក្មេងរបស់អ្នកនាង សំ ប៉ូលីដា ក្នុងរឿង«ពស់កេងកង»ក្រោមការដឹកនាំរបស់លោកហ្វៃ សំអាង។ លោកថានៅក្នុងរឿងនេះតារាផ្សេងៗដំណើរការថតយូរហើយ ប៉ុន្តែសម្រាប់តួអង្គរបស់លោកទើបតែកំណត់ឲ្យថតនៅខែតុលានេះប៉ុណ្ណោះ ដោយការសម្ដែងរបស់លោកគឺសម្ដែងជាតួប្ដីក្មេងរបស់ តារាជើងចាស់ សំ ប៉ូលីដា ដែលលោកបញ្ជាក់ថាមានការពិបាកផងដែរដោយសារតែត្រូវសម្ដែងជាស្រឡាញ់ល្អូកល្អិនគ្នា ដែលផ្ទុយពីការសម្ដែងលើកមុនៗ។

លោកថានៅក្នុងតំណែងនោះមិនចេញតាំងពីដើមដល់ចប់ក្នុងរឿងនោះទេ ប៉ុន្តែលោកជឿជាក់ខ្លាំងថាភាពយន្តមួយនេះក្រោយការថតចប់ ហើយដាក់ផ្សាយលើកញ្ចក់ទូរទស្ស៍ហង្សមាសនៅដើមឆ្នាំក្រោយ គឺពិតជាជួយទីផ្សារសម្ដែងរបស់លោកហើបឡើង។

គាប់ជួនជាលោកទើបតែចាប់ផ្ដើមសម្បូរការងារទាំងថតស្ពត ទាំងពិធីករ និងសម្ដែងព្រមគ្នាក្រោយការដូរឈ្មោះពីណារ៉ា មក ពូចាឡឺម ផង ទើបលោកយល់ថាវត្តមានទទួលការងារសិល្បៈឲ្យស៊ប់ជាថ្មីព្រមជាមួយនឹងឈ្មោះថ្មីដែលលោកយល់ថានាំការចាប់អារម្មណ៍បានច្រើនជាងមុនផង គឺពិតជាធ្វើទីផ្សារសិល្បៈរបស់លោកកម្រើកខ្លាំងជាងមុន។

លោកបានប្រកាសត្រៀមខ្លួន វាយលុកការងារសិល្បៈទាំងការសម្ដែង ការថតស្ពត ពិធីករ និងការងារច្រៀងព្រមគ្នា ដោយក្នុងពេលមិនទទួលការសម្ដែងលោកក៏បានផលិតបទចម្រៀងបានចំនួនច្រើនបទដែរបកស្រាយដោយសំឡេងលោកផ្ទាល់ បើទោះជាបទទាំងនោះមិនមែនជាបទ Original Song ។

លោកថាសប្បាយចិត្តដែលគ្រាន់តែដូរឈ្មោះមិនទាន់បានប៉ុន្មានផង ក៏ត្រូវNice TV ហៅឲ្យកុងត្រា ហើយខាងហង្សមាស ក៏ឲ្យសម្ដែងជាតួប្រុសក្មេងអ្នកនាងសំ ប៉ូលីដា ដែលលោកយល់ថាការសម្ដែងក្នុងឈុតឆាកបែបនេះ គឺជារសជាតិថ្មីរបស់ខ្លួន និងធ្វើឲ្យលោករំពឹងច្រើនពីការចាប់អារម្មណ៍ក្រោយពេលសម្ដែងចប់។

លោកក៏បានត្រៀមខ្លួនចេញថតភាពយន្តដែលបានកុងត្រារួចរាល់ និងរឿងដែលទើបចរចារក្នុងពេលខាងមុខដើម្បីឲ្យចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ មាន ពូចាឡឺម លេចមុខឲ្យខ្លាំង នៅក្នុងពិភពសម្ដែងនោះផងដែរ៕

មតិយោបល់