តាំងពីចូលសិល្បៈ តារាម៉ូដែលភេទទី៣កញ្ញា រំដួលលិចទឹក មិនធ្លាប់បានបង្ហើរចម្រៀងលើឆាកតន្ត្រីតែម្នាក់ឯងនោះទេ ដោយសារតែកញ្ញា ចេះតែមានអារម្មណ៍គិតថា ខ្លួនមានសំលេងមិនសូវអំណោយផល។ យ៉ាងណាមិញខុសពី ការលើកឡើង ក្នុងឱកាសបង្ហាញខ្លួន លើកដំបូងកាលពីថ្ងៃទី១៧ មិថុនា មុននេះ នៅប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធី”Carabao TV5 Spark Concert” គេកត់សម្គាល់ថា កញ្ញា មានទេពកោសល្យផ្នែកចម្រៀងមិនចាញ់តារាចម្រៀងអាជីពនោះទេ។
កញ្ញា រំដួលលិចទឹក និយាយថា នាងមិនធ្លាប់បកស្រាយបទចម្រៀង ជាកលក្ខណៈអាជីពបែបនេះនោះទេ គឺធ្លាប់តែច្រៀងលេងៗ ជាមួយតារាសិល្បៈ ក្នុងកម្មវិធីសាមញ្ញប៉ុណ្ណោះ។ អុីចឹងហើយទើបកញ្ញា យល់ថាជាបទពិសោធន៍ដំបូងដែលនាងបកស្រាយបទចម្រៀង។
ឱកាសឡើងប៉ុស្តិ៍លេខ៥នៅក្នុងនោះ កញ្ញាបកស្រាយបទចម្រៀង៤បទ ដោយ២បទគឺបទ”សំរាម” និងបទ”មួយពាន់រាត្រី” ដែលនាងបកស្រាយម្នាក់ឯង ហើយ២បទទៀតគឺបទ”ពេលវេលា” និងបទ”កូនកាត់៣សាសន៍” ដែលបកស្រាយរួមជាមួយតារាសម្ដែង លោក ព្រហ្ម ប្រសិទ្ធី។
កញ្ញា និយាយថា ក្រោយឡើងឆាកតន្ត្រីបន្តផ្ទាល់លើកនេះ កញ្ញានឹងបន្តទាក់ទាញឱកាសឡើងច្រៀងបែបនេះបន្តទៀត ដោយនាងរំពឹងថា ទីផ្សារផ្នែកចម្រៀងរបស់នាង នឹងមានសន្ទុះមិនខុសគ្នាពីអាជីពបង្ហាញម៉ូដនោះផង ដោយសារតែមានគម្រោងរំលេចសំលៀកបំពាក់ប្លែកៗ ដើម្បីបង្ហាញលើឆាកនោះផង៕
មតិយោបល់