ព្រះសីហនុៈ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកម្នាង អ៊ុក ផល្លា បានសោយទិវង្គតហើយ ខណៈសម្ដេចក្រុមព្រះ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកបន្តសង្គ្រោះនៅភ្នំពេញ។
គ្រោះថ្នាក់នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង៥០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក HIGHLANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2L-9667 បើកបរដោយឈ្មោះ វ៉ុល សារ៉េត ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ដឹកភ្ញៀវចំនួន ០៤នាក់ (ស្រីម្នាក់) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើក៏រ៉េចង្កូតមកខាងឆ្វេងដៃបុកនឹងរថយន្ត១គ្រឿងម៉ាក BMW ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋសភា5 2-090 ជិះគ្នាចំនួន ០៣នាក់ ជារថយន្តរបស់ សម្តេចក្រុមព្រះ មានទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់នេះ បានបណ្ដាលឲ្យសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់ ចំណែកភាគីរថយន្តឈ្នួល HIGHLANDER រងរបួស៥នាក់ផងដែរ។
សូមជំរាបថា អ្នកម្នាង អ៊ុក ផល្លា បានសោយទិវង្គត តាំងពីវេលាម៉ោង១២ និង២៣នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ដោយសាររបួសធ្ងន់ធ្ងរពេក៕
មតិយោបល់