នៅទីបំផុត តារាចម្រៀងល្បីល្បាញរបស់ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានសម្រេចចិត្តចេញមុខភ្ជាប់ពាក្យដោយបើកចំហរហើយ ជាមួយលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែហង្សមាស ដែលត្រូវគេស្គាល់ថា ជាអគ្គនាយករងទូរទស្សន៍ហង្សមាស និងជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស កាលពីព្រឹកថ្ងៃទី១៨ មិថុនា។ ក្នុងពិធីភ្ជាប់ពាក្យនោះ ក៏ស្របនឹងបានពិធីឡើងផ្ទះថ្មី ដែលជាផ្ទះសម្រាប់ភ្ជាប់ចំណងស្នេហ៍អ្នកទាំងពីរផង។
កម្មវិធីបើកចំហរនោះ ត្រូវគេឃើញមានការចូលរួមយ៉ាងច្រើនកុះករពីចាស់ទុំទាំងសងខាង ដោយម្ដាយមីងរបស់កញ្ញា ឱក សុគន្ធកញ្ញា បានទាំងបង្ហោះអបអរនាង និងគូស្នេហ៍ ក្រោយបញ្ចប់ពិធីនោះផង។ ដំណឹងភ្ជាប់ពាក្យរបស់នាង និងគូស្នេហ៍បើកចំហរ បានធ្វើអោយអ្នកគាំទ្ររបស់នាងរំភើបជំនួសយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលឈប់លាក់បាំងស្នេហាជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាសដូចមុនទៀត ហើយឈានដល់ការភ្ជាប់ពាក្យដោយបើកចំហរ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថា ក្រោយពេលភ្ជាប់ពាក្យ តើនាង និងអគ្គនាយករងទូរទស្សន៍ហង្សមាស នៅថ្ងៃណាមួយអោយច្បាស់នៅឡើយទេ ដោយប្រភពជិតស្និទ្ធិបានត្រឹមតែបង្ហើបថា នឹងអាចឆាប់ ឬ យូរបន្តិចទៀតប៉ុណ្ណោះ។
ការសម្រេចចិត្តភ្ជាប់ពាក្យនេះ គឺជាលទ្ធផលបន្ទាប់ពីអ្នកទាំងពីរទាក់ទងគ្នាដោយបិទបាំងអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ទើបតែថ្ងៃនេះទេ ដែលកញ្ញា សុគន្ធកញ្ញា បានធ្វើពិធីទាំងឡើងផ្ទះ ស្របពេលជាមួយនឹងពិធីចូលស្តីដណ្តឹង ដោយលែងបិទបាំង ដើម្បីបញ្ចប់នូវការរិះគន់៕
មតិយោបល់