ខាត់ សុឃីម ស្ងាត់ៗត្រៀមបើកជំនួញដីធ្លី

យោងតាមការប្រកាសមួយថ្មី គឺអ្នកនាងខាត់ សុឃីម នឹងប្រែក្លាយខ្លួនជាម្ចាស់ជំនួញដីធ្លីថែមមួយកម្រិតទៀត បន្ទាប់ពីអ្នកនាងពង្រីកមហិច្ឆតាក្លាយខ្លួន ជាម្ចាស់ហាងសាឡន និងនាំចូលកាបូប និងសម្ភារៈពីអាម៉េរិកយ៉ាងជោគជ័យ បន្ថែមពីលើសម្អាងការ។ ជំនួញនេះបានសម្រេចប្រកាសឡើង បន្ទាប់ពីដីដែលអ្នកនាងទិញស្ដុកទុកនៅច្រើនកន្លែងផ្សេងគ្នា ចាប់ផ្ដើមមានហាងឆេង។

អ្នកនាងខាត់ សុឃីម បានអាងថាក្នុងពេលខាងមុខអ្នកនាងបើកក្រុមហ៊ុនពុះដីដាក់លក់ ដោយសារតែអ្នកនាងទិញដី បានច្រើននៅម្ដុំភ្នំបាសិត ហើយទីតំាងទាំងនោះក៏មានទីផ្សារពុះដីសម្រាប់លក់។ អ្នកនាងមិនបានបញ្ជាក់ថាដីធ្លី ដែលខ្លួនបានទិញមានទំហំប៉ុន្មាននោះទេ ដោយគ្រាន់តែអះអាងថាដីស្រាប់មានច្រើន ហើយបើអ្នកនាងពុះឡូតិ៍ដាក់លក់ ក៏ពិតជាយកដើមនោះទៅទិញដីថ្មីពុះឡូតិ៍បន្តបន្ទាប់ ដូចគ្នានឹងក្រុមហ៊ុនដីធ្លីធំៗនោះដែរ។ អ្នកនាងបានបានត់សម្គាល់ឃើញថា គម្រោងរបស់ខ្លួនមិនមានអ្វីលំបាកនោះទេ ដោយសារតែអ្នកនាងក៏មានដីច្រើន ស្រាប់ដែលងាយនឹងរកដើមទុន ក្នុងការពង្រីកមុខជំនួញអោយឆ្ពោះទៅមុខ។ អ្នកនាងបង្ហើបថា «លូវយើងដីស្រាប់ហើយ ដីស្រែដីឡូតិ៍ដែលខ្ញុំ និងគ្រួសារខ្ញុំទិញគឺច្រើនគួរសម ចឹងមានតែពុះឡូតិ៍លក់ទេ ហើយតែយើងបានដើមចេះតែទៅមុខទៀតហើយ គឺតាមគេតាមឯង គេរកអីកើតយើងទៅតាមនឹង!»។ យ៉ាងណាមិញ អ្នកនាងមិនទាន់ច្បាស់ថានឹងផ្ដើមមុខជំនួញមួយនេះ ពេលណានៅឡើយទេ ដោយភាពជាក់ស្ដែងបើមិនផុតការបោះឆ្នោតក្នុងឆ្នាំ២០១៧ ឬក្រោយការបោះឆ្នោត សកលក្នុងឆ្នាំ២០១៨ខាងមុខ។ អ្នកនាងនិយាយថាទុកដីធំពេក ក៏មិនពិបាករកម៉ូយនោះដែរ ដូច្នេះមានតែការពុះឡូតិ៍ដាក់លក់ប៉ុណ្ណោះ ទើបអ្នកនាងចាប់ផ្ដើមរៀបជើង ព្រួលលើជំនួញថ្មីនេះ។

ជាមួយនឹងការប្រកាសនេះ អ្នកនាងខាត់ សុឃីម ពិតជាឆាប់ក្លាយជាសេដ្ឋីនីមិនយូរទេ ក្នុងពេលដែលអ្នកនាងម្នាក់ឯង ទទួលជោគជ័យលើមុខជំនួញធំៗក្នុងដៃ បន្ថែមពីលើឱកាសបានក្លាយជាតារាល្បីល្បាញ។ យ៉ាងណាមិញ អ្នកនាងបង្ហើបប្រាប់ថា បើទោះជាអ្នកនាងរំលេចជំនួញដីធ្លី ថែមមួយទៀតក៏ដោយ ក៏អាជីពលើឆាកមិនចោលនោះដែរ ដរាបណាមហាជននៅតែបន្តគាំទ្រ៕

មតិយោបល់