បន្ទាប់ពីបានជោគជ័យក្នុងរឿង«ផ្ទះចិញ្ចឹមខ្មោច» ផលិតកម្មWonderfilm បានបញ្ចេញភាពយន្តភ័យរន្ធត់ថ្មីមួយដូចការគ្រោងទុកមែន ក្រោមចំណងជើងថា«ស្នូរជើងអ្នកណា» ដែលភាពយន្តមួយនេះ ត្រូវបានសហការចែកចាយដោយក្រុមហ៊ុនពូព្រហ្ម និងគ្រោងដាក់បញ្ចាំងនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ។ នេះជាភាពយន្តថ្មីមួយដែលខាងផលិតករបានជ្រើសយកផ្ទះបុរាណចំណាស់មួយនៅជាយក្រុងតាខ្មៅ និងជារឿងដែលធ្លាប់ត្រូវបានប្រកាសថាចំណាយអស់ខ្លាំង បើធៀបនឹងភាពយន្តមុនៗ។
លោកសែម វិសាល បញ្ជាក់កាលពីថ្ងៃទី២៣ មិថុនា ក្នុងពិធីសន្និសីទកាសែតរបស់ខ្លួនថា ហេតុផលដែលលោកសម្រេចបោះទុនផលិតរឿង«ស្នូរជើងអ្នកណា» គឺដោយសារតែលោកចង់បង្ហាញអ្នកគាំទ្រថាខ្មែរក៏មានលទ្ធភាពផលិតរឿងដែលមានទម្រង់ភ័យរន្ធត់ ដោយមានទាំងឈុតតក់ស្លុតសាហាវៗ ដោយមិនមែនទាល់តែភាពយន្តបរទេសដែលចាយទុនអស់រាប់សែនដុល្លារនោះឡើយ។ លោកថានេះជាភាពយន្តទី១ដែលលោកប្រើការស្រាវជ្រាវយ៉ាងលំបាក ហើយក៏ជារឿងដែលលោកហ៊ានចេញមុខថាជាភាពយន្តដែលមានគុណភាពគ្រប់គ្រាន់ សម្រាប់ធ្វើការប្រកួតប្រជែងផងដែរ។
លោកថាភាពយន្តរឿង«ស្នូរជើងអ្នកណា»ជារឿងដែលមានប្លង់សុទ្ធតែពិបាកថត ដោយក្នុងប្លង់ខ្លះចំណាយពេលថតច្រើនថ្ងៃ រាប់ទាំងការរៀបចំប្លង់ទម្រាំរួចរាល់ អ៊ីចឹងហើយទើបលោកយល់ថាភាពយន្តមួយនេះ បើទោះជាមានការប្រឈមនៅក្នុងដំណាក់កាលដែលអ្នកគាំទ្រខ្មែរ មិនសូវអោយតម្លៃភាពយន្តក្នុងស្រុក ក៏លោកនៅតែជឿជាក់។
លោក ព្រំ សិលា អ្នកចាត់ការទូទៅប្រចាំក្រុមហ៊ុនពូព្រំ បានអះអាងថា ដោយសារតែភាពយន្តមួយនេះ មានសាច់រឿង និងឈុតឆាកទាក់ទាញដែលលោកមើលឃើញពីការប្រកួតប្រជែងយ៉ាងខ្លាំង ទើបសម្រេចចិត្តកុងត្រាចែកចាយ ដោយលោកនឹងជួយជំរុញសម្រាប់ម៉ោងបញ្ចាំងអោយចំម៉ោងល្អនោះផង។ លោកថាភាពយន្តភាគច្រើនដែលខាងពូព្រំទទួលសិទ្ធិចែកចាយ គឺលុះត្រាតែភាពយន្តនោះ មានស្ដង់ដារផលិត និងសាច់រឿងអាចទទួលយកបានដោយមិនចេះតែទទួលយកចែកចាយនោះទេ ដោយសារតែពូព្រំក៏ចង់ពង្រឹងគុណភាពភាពយន្តដែលខ្លួនចែកចាយអោយមានការគាំទ្រ និងជោគជ័យ៕
មតិយោបល់