ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រាន់តែជប់លៀង និងប្រគល់មេដាយ «គ្រួសារតារាកម្ពុជា»ប្រកាសរំលេចបុរាណគ្រប់ទម្រង់

ក្រោយពីមានការប្រកាសថា«គ្រួសារតារាកម្ពុជា»នឹងធ្វើពិធីជប់លៀងគម្រប់ខួប២ឆ្នាំរបស់ខ្លួន អមដោយពិធីបំពាក់មេដាយកិត្តិយសជូនដល់សិល្បករ និងសិល្បការិនីដែលធ្លាប់ស្ម័គ្រចិត្តក្នុងកិច្ចការសង្គមជួយដល់«គ្រួសារតារាកម្ពុជា» បានធ្វើអោយរំជើបរំជួលនៅក្នុងស្រទាប់មហាជន និងសង្គមសិល្បៈយ៉ាងខ្លាំង ដោយសារតែព្រឹត្តិការណ៍នេះ នឹងក្លាយជាជំនួបដ៏ធំរវាងសិល្បករជើងចាស់ និងតារាជំនាន់ក្រោយដែលមានស្នាដៃប្រចាំឆ្នាំ និងជាទ្រង់ទ្រាយធំ។

អ្វីដែលកាន់តែអស្ចារ្យទៅទៀត គឺតារាសិល្បៈដែលមានវត្តមាននៅក្នុងពិធីនោះ ត្រូវបានប្រកាសថាតម្រូវអោយគ្រង់ឈុតក្នុងសម័យបុរាណបង្អួតគ្នា ដោយតាមគម្រោងឈុតស្រស់ស្អាតក្នុងសម័យអង្គរ លង្វែក ឧដុង្គ និងក្នុងសម័យចតុមុខជាដើម នឹងត្រូវអណ្ដែតឡើងយ៉ាងកាលីបពីសំណាក់តារារៀងៗខ្លួន។

លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថា ដើម្បីលើកកម្ពស់សំលៀកបំពាក់បុរាណអោយកាន់តែមានការចាប់អារម្មណ៍បន្ថែមទៀត កម្មវិធីខួបប្រចាំដែលនឹងធ្វើនៅថ្ងៃទី៩ ខែ៧ខាងមុខនេះ នឹងស្នើអោយតារាសិល្បៈគ្រងឈុតបុរាណលើគ្រប់ទម្រង់ទាំងអស់ ដើម្បីបង្ហាញអោយឃើញថាតារាសិល្បៈខ្មែរក៏មានឆន្ទៈគាស់កកាយនូវឈុតក្នុងសម័យកាលបុរាណមួយចំនួន ដែលកប់បាត់ឈឹងអោយរស់ឡើងវិញ។

ជាគម្រោងលោកថាតារាសិល្បៈដែលមានឈ្មោះទទួលបានមេដាយកិត្តិយសប្រមាណជាជាង១០០នាក់ នឹងគ្រងនូវឈុតបុរាណទាំងអស់ ដោយឈុតទាំងនោះក៏គម្រោងនឹងមានការប្រកួតប្រជែងសម្រស់គ្នា ដើម្បីឈ្នះពាននោះផង។ លោកថា«គ្រួសារតារាកម្ពុជា»ជោគជ័យច្រើនលើកមកហើយ ក្នុងការបំផុសតារាសិល្បៈអោយគ្រងឈុតបុរាណក្នុងកម្មវិធីផ្សេងៗ ដោយក្រោយចូលរួមបំផុសរបស់តារាសិល្បៈកន្លងមកនេះ គឺឃើញមានការចាប់អារម្មណ៍លើសំលៀកបំពាក់បុរាណកាន់តែច្រើន ដោយមានអ្នកជ្រើសស្លៀកក្នុងពិធីជប់លៀង និងខួបកំណើតជាដើម ធ្វើអោយតម្លៃសិល្បៈបុរាណខ្មែរមានការទទួលស្គាល់ច្រើនឡើងពីស្រទាប់មហាជនផង។

លោក ផាត់ តារារដ្ឋ បន្តថា មកទល់ពេលនេះ តារាសិល្បៈច្រើនឡើងបានសម្ដែងការខ្វាយខ្វល់ក្នុងការស្វែងរកឈុតបុរាណ និងខ្លះបានទាំងចំណាយលុយផ្ទាល់ខ្លួនអោយអ្នកជំនាញផ្នែកវប្បធម៌ច្នៃឈុតបុរាណយ៉ាងពិសេសដើម្បីអោយបានស្លៀកបង្អួតក្នុងកម្មវិធីផង ទើបលោកសរសើរថាទម្រង់នៃការរៀបចំដោយតម្រូវអោយតារាស្លៀកឈុតបុរាណចូលរួម កំពុងក្លាយជាប្រធានបទក្ដៅសម្រាប់តារាសិល្បៈ ដែលត្រូវបានអញ្ជើញនៅក្នុងកកម្មវិធីនោះ។ លោកថាជាឆ្នាំទី១ ដែល«គ្រួសារតារាកម្ពុជា»បានប្រកាសធ្វើខួប និងបំពាក់មេដាយកិត្តិយសជូនដល់សិល្បករដែលមានស្នាដៃ ប៉ុន្តែបន្ទាប់ពីនោះ នឹងធ្វើអោយបានមួយឆ្នាំម្ដងផងដែរ ដើម្បីលើកទឹកចិត្តដល់អ្នកធ្លាប់ចូលរួមស្ម័គ្រចិត្តជួយដល់សង្គម។ លោករំពឹងថាពិធីខួប និងបំពាក់មេដាយជាទ្រង់ទ្រាយធំនោះ នឹងក្លាយជាការឆ្លុះបញ្ចាំងសម័យបុរាណមួយឡើង ជាពិសេសបង្ហាញអោយក្មេងជំនាន់ក្រោយឃើញថាសំលៀកបំពាក់នៅក្នុងអតីតកាលរបស់ខ្មែរមានភាពប្លែកភ្នែក និងថ្លៃថ្នូរកម្រិតណា?

មតិយោបល់