ភ្នំពេញ៖ តារាកំប្លែង ៣ នាក់ ជាប់សែស្រឡាយបងប្អូន បានបង្ហាញវត្តមានច្រៀង ជាលើកដំបូង ដាក់ថាសស៊ីឌីទ្រនំថ្មី ផលិតកម្ម ស៊ីស្តារ ដើម្បីច្បាមប្រជាប្រិយភាពបន្ថែម ទៀត ពីអាជីពកំប្លែង ឲ្យដូចទៅនឹង នាយ ពែកមី នាយគ្រឿន និងនាងខ្ញុង ។
នៅស៊ីឌីវ៉ុល ១១ របស់ផលិតកម្ម ស៊ីស្តារ នាយ ក្រូច និងនាយជើម បានបង្ហាញវត្តមានច្រៀង ធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានវិស័យសិល្បៈ ភ្ញាក់ផ្អើល ដោយមិននឹកស្មានថា តារាកំប្លែង ត្រូវជាពូក្មួយ មានមហិច្ចតាខ្ពស់ ដោយក្តោបបានតំណែង ជាតារាចម្រៀង បន្តុកលើ តំណែងតារាកំប្លែងចាស់ ជ្រកក្រោមដំបូល ស៊ីធីអិន ។ បើនិយាយពីនាយជើម បានបង្ហាញវត្តមានច្រៀងដាក់ស៊ីឌី ជាលើកដំបូង របស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះប្រឡូកក្នុងអាជីពសិល្បៈ ហើយក៏មានសំណាងច្រៀងបទ ស្នាដៃកូនខ្មែរទៀត ពិតជាវិសេសវិសាលខ្លាំងណាស់ ខណៈដែល នាយក្រូច ធ្លាប់បានបង្ហើបសំនៀងម្តងរួចទៅហើយ នៅក្នុងទ្រនំ មហាហង្សនោះ ។ ជាមួយនឹងគ្នានេះដែរ នាង អ៊ីត ក៏ចូលរួមបង្ហើរសំនៀង លើកដំបូង ក្នុងទ្រនំ ថ្មី ស៊ីស្តារ ដែលនឹងរៀបចំឲ្យស្រេចបាច់នៅ ខែធ្នូ ខាងមុខនេះ ជាមួយនឹងបទ “ខ្ចីត្បាល់អូនបុកសិនក៏បាន ” ។
បទច្រៀង ដែលនាយ ជើម ច្រៀងឲ្យផលិតកម្ម ស៊ីស្តារ ក្រោមចំណងជើងថា “ក្រមុំភូមិណា?” ហើយនាយ ក្រូច ច្រៀងបទ “តិចថាមិនបានប្រាប់អីទៅណា!” ដែលជាបទ ស្នាដៃកូនខ្មែរទាំងពីរ ពិតជាពិរោះរណ្តំ ស្តាប់ទៅគួរឲ្យចាប់អារម្មណ៍ និងសរសើរដល់ផលិតកម្ម ដោយមិនភ្លេចនិពន្ធបទភ្លេងថ្មី ស្នាដៃកូនខ្មែរ បើទោះបីផលិតកម្មនេះ ក៏យកបទ បណ្តាប្រទេសជិតខាងមកច្រៀងដែរនោះ ។
អ្នកគ្រប់គ្រងផលិតកម្ម ស៊ីស្តារ លោក ខេមបូ បានមានប្រសាសន៍ តាមរយៈខ្សែទូរស័ព្ទ នៅ រសៀលនេះ ឲ្យដឹងថា “ខាងផលិតកម្មរបស់លោក និពន្ធបទស្នាដៃកូនខ្មែរ ក៏ធ្វើ ហើយបទប្រទេសជិតខាង លោកក៏មិនចោលដែរ ដោយធ្វើតម្រូវទៅតាមចិត្តអ្នកគាំទ្រ ” ។ លោកបានបន្តថា ” បទ”ក្រមុំភូមិណា?” បើស្តាប់ក្បាលដំបូង មានទស្សនិកជាច្រើនច្រឡំថា ជាបទ ចំលង ឬដូចទៅនឹងបទលោកខេមរៈសិរីមន្ត តែវាមិនដូច្នោះទេ បទនេះ ធ្វើ Melody ថ្មីទាំងស្រុង ហើយបទ នាយក្រូចក៏ដូចគ្នាដែរ គឺធ្វើ Melody ថ្មី” ។ នៅពេលដែលសួរអំពី ការកុងត្រា លើតារាកំប្លែងទាំងបី នោះ លោក ខេមបូ បានច្រានចោលភ្លាមៗថា “យើងមិនអាចកុងត្រា ជាមួយនឹងពួកគាត់បានទេ បើទោះបីជាយើងចង់ធ្វើក៏ដោយ ព្រោះពួកគាត់ជាប់កុងត្រាជាមួយនឹង ស៊ីធីអិន និង My TV ដូច្នេះយើងមិនអាចទេ ” ។ ការចេញស៊ីឌីពេញលក្ខណៈនឹង ត្រូវបង្ហើយ ឬបញ្ចប់នៅខែ ធ្នូខាងមុខនេះ យើងនឹងបន្ត ធ្វើអាលប៊ុម សម្រាប់ តារាកំប្លែងទាំងបី នាក់ នេះ នៅពេលខាងមុខបន្ថែមទៀត ។ នេះបើតាមការបន្ថែមរបស់លោក ខេមបូ ។
ចុងបញ្ចប់លោក ក៏សូមថ្លែងដល់ ទស្សនិកជនទាំងអស់ ដែលតែងតែគាំទ្រ ដល់ផលិតកម្ម ស៊ីស្តារ ដើម្បីជាកំលាំងចិត្តលើកស្ទួយដល់វិស័យ សិល្បៈ នៅស្រុកខ្មែរ ហើយខាងលោកនឹងព្យាយាមសម្រិតសម្រាំងធ្វើបទស្នាដៃកូនខ្មែរ ឲ្យបានច្រើន បើសិនជាមានលទ្ធភាព ខណៈដែលពេលវេលា និងធនធានមនុស្ស នៅមានកម្រិតនៅឡើយ សម្រាប់ផលិតកម្ម របស់លោក ៕
ស្តាប់បទ “ក្រមុំភូមិណា?”៖
បទ “តិចថាមិនបានប្រាប់អីទៅណា!”
បទ “ខ្ចីត្បាល់អូនបុកសិនក៏បាន “
មតិយោបល់