ព័ត៌មានសិល្បៈ និងកម្សាន្ត

រន្ធត់ចិត្ត វីជេ អាលីយ៉ា ទទួលមរណភាពហើយ

កាលពីវេលាម៉ោងជាង៥ទាបភ្លឺ ព្រឹកថ្ងៃទី២៨ មិថុនា មុននេះ តារាសម្ដែង និងជាអ្នកជាពិធីការិនីផង កញ្ញា វីជេអាលីយ៉ា បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយដោយសារតែជំងឺរលាកសួត។ មរណភាពរបស់នាងបានធ្វើឲ្យម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមុននេះប៉ុន្មានម៉ោង នាងនិយាយបានឲ្យកកោក និងហាក់មិនដូចមនុស្សឈឺក្នុងកម្រិតធ្ងន់ធ្ងរទេ ថ្វីដ្បិតតែនាងខ្វិនជើង និងថ្លង់ត្រចៀកបន្តិច។

កញ្ញា ស៊ូ ដាណេ ដែលបានស្ម័គ្រចិត្តទៅលាងអាច់លាងនោម វីជេអាលីយ៉ា ដល់ពេទ្យក្នុងមួយថ្ងៃ២ដងមុនទទួលបានមរណភាព បានថ្លែងមុននេះថា វីជេអាលីយ៉ា បានទទួលមរណភាពនៅមុននេះបន្តិច ដោយសារតែនាងពិបាកទ្រាំនូវសភាពជំងឺដែលបានកើតឡើង។ កញ្ញា សព វីជេអាលីយ៉ា នឹងត្រូវយកតម្កល់ធ្វើបុណ្យនៅវត្តទួលអង្គលោក នៅម្ដុំទួលសង្កែ ជិតCTN ដោយមិនអាចធ្វើបុណ្យនៅផ្ទះបានទេ។ តារាចម្រៀង ស៊ូ ដាណេ និយាយថា រន្ធត់ចិត្តណាស់ ក្នុងពេលដែលអាលីយ៉ា នៅមានស្មារតី និងមើលទៅនិយាយបានគ្រប់យ៉ាងស្រាប់តែត្រូវលាចាកលោកយ៉ាងអណោចអធម ក្នុងសភាពដែលនាងមុនស្លាប់មិនមានឱកាសបានទទួលការព្យាបាលឲ្យអស់លទ្ធភាព ក្រៅតែពីដាក់ដាក់អុកស៊ីហ្សែន។ នាងសូមអំពាវនាវឲ្យមានការចូលរួមក្នុងពិធីបុណ្យសពរបស់អាលីយ៉ាឲ្យបានកុះករ ទាំងតារាសិល្ប: និងអ្នករាប់អានតារាស្រីរូបនេះ ដើម្បីឲ្យវិញ្ញាណនាងបានស្ងប់ ក្នុងពេលដែលនាងអត់មានអ្នកណាចេញមុខជំហរធ្វើបុណ្យសពក្រៅតែពីអ្នកអាណិត និងរាប់អានឡើយ។ វីជេ អាលីយ៉ា ធ្លាប់បានបង្ហើបមុនស្លាប់ថា នាងមានបងប្អូន និងសាច់ញាតិ តែម្នាក់ៗនៅក្នុងចំណោមសាច់ញាតិរបស់នាង មិនមានអ្នកណាមកខ្វាយខ្វល់ចំពោះនាងដោយសុខចិត្តទម្លាក់ការងារផ្ទាល់ខ្លួន ដើម្បីក្រពះហើយមកមើលថែនាងនោះទេ ដោយបានត្រឹមតែមកសួរសុខទុក្ខនាងមួយភ្លែតៗដូចគ្នានឹងអ្នកទូទៅប៉ុណ្ណោះ ទើបនាងយល់ថាខ្លួនពិតជាឯកោនៅក្នុងជីវិតចុងក្រោយ។

មតិយោបល់