មិនដឹងលោកហេរ៉ូ និងម្ចាស់បុរី NR VIP លោកវន វណ្ណៈ មានទំនាក់ទំនងគ្នាតាំងពីពេលណានោះទេ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ គឺលោកបានគៀងអ្នកជំនួញរូបនេះ យកលុយមកបរិច្ចាគជូនគន្ធបុប្ផាតែម្ដង បន្ទាប់ពីលោកទើបតែចុះពីលើយន្តហោះមកពីប្រទេសសិង្ហបុរី ហើយត្រូវបានពិធីការិនីកញ្ញា ឌួង ហ្សូរីដា ដែលបានយកលុយមកប្រគល់ជូនគន្ធបុប្ផាចំនួន៥លានរៀល បបួលអោយជូនលុយជាមួយ។
លោកបានមិនត្រឹមតែមកធ្វើជាអ្នកជួយប្រគល់លុយអោយកញ្ញាប៉ុណ្ណោះទេ ប៉ុន្តែលោកបានទាំងគៀងលោក វន វណ្ណៈ ដោយអះអាងថាជាបងធម៌ អោយយកលុយមកបំពេញបន្ថែមរហូតដល់១១លានរៀលដោយឥតព្រៀងទុក។
លោក ហេរ៉ូ និយាយថាបន្ទាប់ពីពិធីការិនី កញ្ញា ឌួង ហ្សូរីដា ហៅអោយមកជួយប្រគល់លុយគ្រាន់បានជាគ្នា លោកក៏នឹងឃើញថាគួរតែមានគៀរគរសប្បុរសជនណាម្នាក់អោយបន្ថែមថវិកាអោយបានកាន់តែច្រើនទើបល្អ ដោយលោកនឹកដល់បងធម៌ គឺលោក វន វណ្ណៈ ដែលជាម្ចាស់បុរី NR VIP តែម្ដង ដោយសារតែអ្នកជំនួញម្នាក់នោះចូលចិត្តធ្វើបុណ្យ។ លោកថាកាន់តែសប្បាយចិត្តទៅទៀត គឺនៅពេលដែលលោកអញ្ជើញដោយគ្មានការព្រាងទុកសោះស្រាប់តែបងធម៌របស់ខ្លួន សម្រេចចិត្តមកចូលរួម ហើយបានប្រកាសប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន៦លានរៀល យកមកបំពេញបន្ថែមពីលើថវិការបស់ឌួង ហ្សូរីដា។ លោកថារវាងខ្លួន និងលោកវន វណ្ណៈ រាប់គ្នាជាបងប្អូនធម៌ជាយូរមកហើយ ទើបលោកហ៊ានគៀងមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ដោយសារតែបានដឹងមុនថាអោយតែលោកបានមកចូលរួម គឺពិតជាបានថវិកាបំពេញបន្ថែម ដើម្បីបានជួយសង្គម។ យ៉ាងណាលោកថា នេះមិនមែនជាលើកទី១ទេ ដែលលោកបានគៀងបងធម៌ អោយមកធ្វើបុណ្យ និងជួយសង្គម ដោយគ្រាន់តែការប្រគល់ថវិកាជួយដល់គន្ធបុប្ផារបស់បងធម៌លើកនេះ គឺជារឿងចៃដន្យបន្ទាប់ពីលោកទើបចុះមកពីសិង្ហបុរី ហើយគ្រាន់តែបបួលលេងៗ ស្រាប់តែលោកចូលរួម។
លោក ហេរ៉ូ និយាយថា លោកមិនមែនជាអ្នកមាន និងជាអ្នកសំបូរទ្រព្យនោះទេ ប៉ុន្តែសម្រាប់ការងារសង្គមលោកបានជួយច្រើន តាមរយៈគៀងគរអ្នកសប្បុរសធម៌ ដែលលោករាប់អានអោយបរិច្ចាគលុយ តួយ៉ាងដូចជាលោកបានបបួលបងធម៌ដែលជាម្ចាស់បុរីល្បីឈ្មោះមួយ មកជួយប្រគល់ជូនគន្ធបុប្ផានាពេលនេះ។ ក្នុងនោះលោក និងបងធម៌ ក៏មានគម្រោងធ្វើសកម្មភាពសប្បុរសធម៌ជាមួយមន្ទីរពេទ្យគន្ធបុប្ផាក្នុងពេលបន្តបន្ទាប់ផងដែរ ដោយតាមគម្រោង លោក វន វណ្ណៈ នឹងយកម៉ាស៊ីនចម្រោះទឹកស្អាត៣គ្រឿងយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងពេលឆាប់ៗ ដើម្បីអោយបងប្អូនជាអ្នកយកកូនមកព្យាបាលនៅក្នុងមន្ទីរពេទ្យមានទឹកស្អាតគ្រប់គ្រាន់ទទួលទាន។ លោកថាខ្លួនជាមនុស្សចូលចិត្តធ្វើបុណ្យ ហើយក្នុងចំណោមអ្នករាប់អានលោកភាគច្រើន ក៏មានអ្នកចូលចិត្តធ្វើបុណ្យដូចខ្លួនច្រើននាក់ផងដែរ ទើបលោកឧស្សាហ៍លេចមុខនៅក្នុងសកម្មភាពចែកអំណោយផ្សេងៗមិនសូវខាន៕
មតិយោបល់