ភ្នំពេញៈ បន្ទាប់ពីបានប្រកាសថា ខ្លួនមិនបានពាក់ព័ន្ធនឹងការគំរាមកំហែងលើតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ដូចអ្វីដែលអ្នកនាងបានសម្ភាសន៍ជាមួយស្ថាប័ន Post News តារាសម្ដែងល្បីឈ្មោះកញ្ញា ដេនី ក្វាន់ បានអះអាងថា ខ្លួននៅមិនទាន់ពិចារណារឿងប្ដឹងតារាជើងចាស់រូបនេះទៅកាន់តុលាការនៅឡើយទេ។ កញ្ញាប្រកាសទុកពេលឲ្យអ្នកនាង ម៉េង កែវពេជ្ជតា សុំទោសជាសាធារណៈ ប៉ុន្តែបើមិនមានការទទួលខុសត្រូវណាមួយ នោះបណ្ដឹងផ្លូវការនឹងត្រូវកើតឡើង។
ឆ្លើយតបនឹងការចោទសួររបស់ Post News កញ្ញា ដេនី ក្វាន់ បានអះអាងថា បើទោះជាពាក្យសម្ដីចោទប្រកាន់របស់អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ខ្លួន និងគ្រួសារយ៉ាងណាក៏ដោយ ក៏កញ្ញានៅតែប្រកាសលើកពេលប្ដឹងផ្ដល់ ដោយសារតែយោគយល់ថា ក្រែងអ្នកនាង ម៉េង កែវពេជ្ជតា យល់ខុសមួយពេល។ យ៉ាងណាមិញ អ្នកនាងអះអាងបានយកសំឡេងសម្ភាសន៍ទាំងស្រុង ដែលបានស្នើសុំពីសារព័ត៌មាន Post News ទៅពិភាក្សាជាមួយខាងបងប្អូនដែលជាអ្នកចេះច្បាប់ហើយ ប៉ុន្តែកញ្ញានៅតែរក្សាជំហរមិនប្ដឹងអ្នកនាង ម៉េង កែវពេជ្ជតា នោះទេ ដើម្បីទុកកិត្តិយសឲ្យរៀមច្បងរូបនេះ បើអ្នកនាងចេញមុខសុំទោស ឬយកភស្ដុតាងការពារការចោទប្រកាន់របស់ខ្លួន ដើម្បីឲ្យនាងទទួលខុសត្រូវ។
ដេនី ក្វាន់ បញ្ជាក់ថា ក្នុងនាមជាតារាដូចគ្នា នាងមិនការប្ដឹងអ្នកណាទាំងអស់ ហើយក៏មិនចង់ល្បី ព្រោះតែដាក់បណ្ដឹងទៅកាន់តុលាការបែបហ្នឹងនោះដែរ។ នាងថា ខ្លួននឹងបើកប្រឡោះឲ្យមានដំណោះស្រាយ ដោយមិនមែនអាងតែមានភស្ដុតាង ហើយក៏ប្ដឹងបំបាក់មុខអ្នកម្នាក់នោះឡើយ។ «ឥឡូវនឹងខ្ញុំយកសំឡេងនឹងទៅឲ្យបងប្អូនខ្ញុំស្ដាប់ហើយ ពួកគាត់នឹងចាត់ចែងតាមនឹង តែខ្ញុំបានប្រាប់គាត់ថា ឲ្យរង់ចាំគាត់(ម៉េង កែវពេជ្ជតា)ឆ្លើយតបសិន សម្រាប់ខ្ញុំឲ្យតែគាត់សុំទោស គឺនឹងបញ្ចប់!»។ ដេនី ក្វាន់ បញ្ជាក់បន្ថែម។
បន្ថែមពីលើការសម្ភាសន៍ តារាសម្ដែងរូបនេះ ក៏បានបង្ហោះសារជាសាធារណៈថា «ខ្ញុំសូមអះអាងថា ខ្ញុំមិនបានពាក់ពន្ធ័រឿងសាររបស់ជនអនាមិកគំរាមគំហែងដែលគាត់បានចោទមកលើខ្ញុំនឹងទេ….. ចឹងហើយខ្ញុំសូមឲ្យគាត់ចេញមុខទទួលខុសត្រូវលើការចោទប្រកាន់មកលើនាងខ្ញុំ ព្រោះពាក្យដែលគាត់និយាយនេះវាប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំខ្លាំងណាស់…… ខ្ញុំមិនដឹងនោះទេថា គាត់ធ្លាប់មានសត្រូវប៉ុន្មាននាក់ ចុះហេតុអ្វីបានមកចោតលើខ្ញុំ ដោយគ្មានភស្តុតាងសូម្បីបន្តិច មនុស្សដូចខ្ញុំក្មេងមែនពិត ប៉ុន្តែហ៊ានធ្វើ គឺហ៊ានទទួល ហើយនាងខ្ញុំមិនមានពេលឈ្លោះដូចគាត់នោះទេ នាងខ្ញុំមានកាងាររបស់ខ្ញុំ ខ្ញុំមិនចំណាយពេលវេលាទៅលើការឈ្លោះនោះទេ ព្រោះវាអត់ប្រយោជន៍ណាមួយរឿងវាបានចប់តាំងពីថ្ងៃដែលខ្ញុំសូមទោសគាត់មកម្ល៉េះ ចឹងហើយគ្មានហេតុផលអ្វីដែលនាងខ្ញុំត្រូវទៅរវល់ទៀតនោះទេ……. នាងខ្ញុំនឹងទាមទារតាមផ្លូវច្បាប់ និងសុំឲ្យគាត់សូមទោសនាងខ្ញុំជាសាធារណៈចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយនេះ»។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ឃើញថា តារាចម្រៀង ម៉េង កែវពេជ្ជតា បានប្រើប្រព័ន្ធហ្វេសប៊ុកបង្កទំនាស់ជាសាធារណៈជាមួយមនុស្សកាន់តែច្រើនឡើង ដូចជាបានរិះគន់ដោយសម្ដីធ្ងន់ៗប្រតិកម្មលើអ្នកនិពន្ធ កែវ ច័ន្ទបូរណ៍ លើតារាចម្រៀងលោក អ៊ាម វន្នី ក្នុងពេលតារារូបនេះ ត្រូវបានមហាជនកោតសរសើតាមរយៈការប្រឡងកម្មវិធី Cambodian Idol និងធ្វើការរិះគន់យ៉ាងចាស់ដៃទៅកាន់ក្រសួងវប្បធម៌ ដែលទទួលយកការសុំទោសរបស់កញ្ញា ដេនី ក្វាន់ នាពេលមុន។ ក្រៅពីនេះ អ្នកនាងក៏ត្រូវគេដឹងថា បានផ្ទុះជម្លោះជាមួយតារាសិល្បៈជាច្រើនបន្តកន្ទុយគ្នាផងដែរ ដូចជាមួយតារាសម្ដែងលោក គង់ ចំរ៉ុង អ្នកនាង ខាត់ សុឃីម កញ្ញា សាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអិន និងជាមួយអ្នកគាំទ្រតារារបស់អ្នកទើសអ្នកនាងជាច្រើននៅលើហ្វេសប៊ុក។ អញ្ចឹងហើយ ទើបមានការភ្ញាក់ផ្អើល ក្នុងពេលដែលអ្នកនាង ត្រូវគេឃើញមានសត្រូវជុំទិស ប៉ុន្តែបែរជាអះអាងថា ជនអនាមិកដែលបានគំរាមកំហែងអ្នកនាង គឺ ដេនី ក្វាន់។ កញ្ញា ដេនី ក្វាន់ បានអះអាងថា បើគ្មានការទទួលខុសត្រូវលើពាក្យសម្ដី ដែលបានលើកឡើង នោះ នាងនឹងធ្វើការពិចារណារឿងដាក់បណ្ដឹងតាមអ្វីដែលគ្រួសារនាងស្នើសុំ៕
មតិយោបល់