ភ្នំពេញៈ បុរស២បើកបរម៉ូតូវ៉េវមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះដោយខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែករួចក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ កណ្តាលអធ្រាត្រ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានអាកាស៧មករា តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG-7531 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត និងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-9267 ដែលបើកបរដោយបុរសពីរនាក់តាមបណ្តោយផ្លូវ២៦៥ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នរួចក៏ជ្រុលទៅបុកម៉ូតូឌ្រីមខាងលើចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យម៉ូតូវ៉េវរងការខូចខាតផ្នែកខាងមុខទាំងស្រុង រីឯអ្នកបើកបររងរបួសធ្ងន់ទាំង២នាក់។ ចំណែកឯម៉ូតូឌ្រីមរងការខូចខាតបែកកាត័រម៉ាស៊ីន រីឯអ្នកបើកបររងរបួសស្រាល។ ភ្លាមៗនោះជនរងគ្រោះដែលរងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់