ភ្នំពេញៈ មកទល់នឹងពេលនេះ នៅតែមានការភ្ញាក់ផ្អើលមិនដាច់ពីមាត់ បន្ទាប់ពីតារាចម្រៀង សុន ស្រីពេជ្រ បានបង្ហោះរូបដើរលក់ព្រីង ហើយនាំឲ្យមានការអាណិតអាសូរដល់កញ្ញាជាខ្លាំង ដោយមានទាំងអ្នកទូរស័ព្ទសុំផ្ដល់លុយកាក់ឲ្យនាង ដើម្បីបានមើលជំងឺឪពុក និងប្អូនប្រុសទៀតផង។ យ៉ាងណាក៏ដោយកញ្ញាបញ្ជាក់ថា នោះជាការភាន់ច្រឡំប៉ុណ្ណោះ នឹងសុំកុំឲ្យមានការយល់ខុសបន្តទៀត។
កញ្ញា សុន ស្រីពេជ្របានថ្លែងប្រាប់ Post News មុននេះបន្តិចថា នោះជាជារូបធ្វើលេងប៉ុណ្ណោះទេ ហើយនាងក៏ភ្ញាក់ផ្អើលណាស់ដែរ នៅពេលបណ្ដាញសារព័ត៌មានសរសេរថា នាងដោយសារឪពុកឈឺ ប្អូនឈឺ និងគ្មានអ្នកហៅច្រៀង ព្រោះតែខែធ្លាក់ភ្លៀង ទើបបង្ខំចិត្តដើរលក់ព្រីងមួយមុខទៀត។ នាងថា បន្ទាប់ពីមានការចុះផ្សាយ គឺមានតារាសិល្បៈ និងអ្នកស្រឡាញ់រាប់អានចំពោះកញ្ញាយ៉ាងច្រើន បានខលមកសុំជួយលុយ និងខ្លះនិយាយថា តើឲ្យបងអាចជួយយ៉ាងមិចបានគេនឹងជួយ?
នាងថា ការអាណិតមិនមែនជារឿងប្លែកទេ ប៉ុន្តែអ្វីដែលប្លែក គឺអ្នកដែលបានដឹងថា ជីវភាពរបស់នាងមិនធ្លាក់ដល់កម្រិតដូចដែលបានប្រកាសទេ ពិតជាយល់ថា បោកបញ្ឆោតមហាជន ដើម្បីកៀរគរជំនួយ។ នាងនិយាយថា “មួយរយៈហ្នឹង មានគេច្រឡំច្រើនមែនបង ហើយគេអត់ថា ខ្ញុំធ្វើលេងទេ គឺថាខ្ញុំដើរលក់មែនទែន និងខ្លះហៅខ្ញុំទៅយក លុយជួយទៀត”។ នាងបន្តថា ថវិកាដែលជួយដោយការភាន់ច្រឡំ បានធ្វើឲ្យនាងមិនសូវស្រណុកចិត្តនោះទេ ដោយសារតែនាងការពិត គឺមិនបានធ្លាក់ខ្លួនដើរលក់ព្រីងនោះឡើយ។
សុន ស្រីពេជ្រ បញ្ជាក់ថា កាលពីថ្ងៃ២១ មិថុនា កន្លងទៅ ក្នុងពេលកញ្ញា និងបងស្រីអង្គុយមុខផ្ទះ ក៏មានក្មេងស្រីម្នាក់ដើរលក់ព្រីង ហើយសុំឲ្យពួកនាងជួយទិញ ដោយសារតែនាងចង់លេងសើចផង ក៏បានធ្វើស្ទីលជាទូលព្រីងថតលេង ហើយក៏ត្រូវបងប្អូនដែលបង្ហោះថា នាងថែមអាជីពលក់ព្រីង ធ្វើឲ្យមានការភាន់ច្រឡំ។
នាងថា បើរឿងរ៉ាវនេះត្រូវបានព័ត៌មានទាក់ទងសុំការបំភ្លឺពីនាងតែបន្តិច ក៏មិនដល់ថ្នាក់នឹងនោះដែរ ប៉ុន្តែចុះផ្សាយថា នាងធ្វើដើម្បីរកលុយជួយឪពុក និងប្អូនប្រុស ដែលឈឺ ទើបនាងទៅណាមកណា អ្នកណាក៏ជឿរឿងហ្នឹងដែរ។ នាងទទូចឲ្យឈប់មានការភាន់ច្រឡំ ដោយនាងបញ្ជាក់ថា នោះជារូបភាពថតលេងទេ ហើយក៏ទំនងលែងហ៊ានបង្ហោះផ្ដេសផ្ដាស់បែបនេះទៀតដែរ៕
មតិយោបល់