ព័ត៌មានសិល្បៈ និងកម្សាន្ត

មកស្គាល់តារាប្រុស ដែលមានមហិច្ឆតាលើកពានឆ្នើម«គ្រួសារតារាកម្ពុជា»

បន្ទាប់ពីមានការប្រកាសថា «គ្រួសារតារាកម្ពុជា»នឹងរៀបចំពិធីជប់លៀងគម្រប់ខួប២ឆ្នាំរបស់ខ្លួននៅថ្ងៃទី៩ កក្កដា ដោយក្នុងពិធីនោះក៏មានពិធីបំពាក់មេដាយកិត្តិយសជូនដល់សិល្បករសិល្បការីនីដែលស្នាដៃក្នុងកិច្ចការសង្គមប្រមាណជាង១០០នាក់ និងមានទាំំងពិធីប្រកួតសំលៀកបំពាក់បុរាណផងនោះ គេកត់សម្កាល់ថាតារាសិល្បៈដែលបានចុះឈ្មោះចូលរួមច្រើននាក់សុទ្ធតែបានប្រកាសថាខ្លួននឹងគ្រងឈុតបុរាណអោយអស្ចារ្យ ដើម្បីដណ្ដើមយកពានតារាឆ្នើមពីព្រឹត្តិការណ៍ដែលមានគណអធិបតីបង្ហាញវត្តមានជាកិត្តិយសនោះ។ យ៉ាងណាមិញ ក្រៅពីតារាស្រីច្រើនរូបដែលអះអាងថាពីប្រជែងគ្នាលើកពាន តារាប្រុសខាងក្រោមនេះ ក៏បានប្រកាសអោយដឹងពីមហិច្ឆតាដើម្បីប្រជែងពានជាមួយគ្នាផងដែរ។

លោក រតនៈ វិសិដ្ឋ បានអះអាងថា លោកនឹងបង្ហាញឈុតដែលកម្រឃើញមួយ គឺឈុតស្ដេចនាគ ឬអាចជាឈុតនៅក្នុងសម័យកាលមួយ ដោយលោករំពឹងថានឹងលេចធ្លោក្នុងការបង្ហាញខ្លួន។ ពីដំបូងលោកគ្រោងស្លៀកឈុតដែលរៀបចំដោយ លោក លី សុជុន ឪពុករបស់តារាសម្ដែង លី ចាន់សីហា ប៉ុណ្ណោះ ប៉ុន្តែមកពីលោកគិតថាមួយឈុតដែលលោកគម្រោងបង្ហាញមានភាពទាក់ទាញជាង ទើបលោកផ្លាស់ចិត្តមកស្លៀកឈុតថ្មីនោះវិញ។ លោកថាមួយឈុតដែលខ្លួនត្រៀមបង្ហាញ បើទោះមិនអាចលើកពាន ក៏មិនចាញ់អ្នកស្លៀកបុរាណដែលនឹងចូលរួមពេកដែរ។

លោក ស៊ិន សុធារិទ្ធិ ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងមួយរូប ក៏បានប្រកាសយ៉ាងមុតមាំថា នឹងត្រូវតែដណ្ដើមអោយបានពានតារាលេចធ្លោប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា ក្នុងផ្នែកណាមួយលើការវិនិច្ឆ័យលើសំលៀកបំពាក់បុរាណនោះដែរ។ លោកថាខ្លួនបានជម្រើសយកសំលៀកបំពាក់ក្នុងសម័យអង្គរដ៏កម្រមួយ ដែលរំពឹងពីការឈ្នះពាន តែក៍ភ័យផងដែរនៅពេលលក្ខណ្ឌរបស់ពានឆ្នើមសុទ្ធតែបានដាក់ថាលុះត្រាតែឈុតនោះទទួលបានការចាប់អារម្មណ៍លេចធ្លោជាងគេនៅក្នុងពិធី ទើបគ្រងពាននោះបាន។

លោក ជី គីមី ដែលត្រូវស្គាល់បន្ទាប់បានស្លៀកឈុតក្នុងសម័យអង្គរចូលរួមក្នុងព្រឹត្តិការណ៍ប្រកាសពានការប្រលងបុរសនារីឯកវាយណភណ្ឌជាមួយ«គ្រួសារតារាកម្ពុជា» រឹតតែមានជំនឿចិត្តពីការឈ្នះពាន ដោយសារតែឈុតដែលលោកគ្រោងនឹងបង្ហាញនៅក្នុងពិធីជប់លៀងនោះ រឹតតែអស្ចារ្យជាងឈុតដែលលោកធ្លាប់បង្ហាញកាលពីមុនទៅទៀត ដែលអាចនិយាយថាជាឈុតដែលពោរពេញដោយរចនាបទ និងសោភ័ណ្ឌកម្រមាន។ ឈុតរបស់លោកក្រោយពីត្រូវទម្លាយជាលក្ខណៈឯកជន គឺមានការលាន់មាត់តែម្ដងថាជាឈុតអស្ចារ្យ ប៉ុន្តែក៏មិនទាន់ដឹងថានឹងក្លាយជាម្ចាស់ពានក្នុងចំណោមពានឆ្នើមទាំង៦នោះទេ ក្នុងពេលតារាផ្សេងមិនបង្ហើបអោយដឹងពីឈុតអស្ចារ្យរបស់ពួកគេបែបនេះ។

លោកឌួង តារាផាឌីន បានប្រកាសយកឈុតស្ដេចគ្រុឌចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នោះ ដោយលោកបានទាំងរំពឹងថាមួយឈុតរបស់លោកនឹងអាចលើកពាននៅក្នុងកម្មវិធីនោះផង ដោយសារតែមានរចនាបទប្លែក និងទាក់ទាញ។

លោក ម៉ែន អម្រុងរ័ត្ន៖ តារាបាត់មុខមួយរយៈរូបនេះ ក៏អះអាងថាបានសម្រិតសម្រាំងមួយឈុត ដែលនឹងធ្វើអោយម្នាក់ៗញាក់សាច់មិនក្នុងពេលស្លៀកយកទៅបង្ហាញនោះផងដែរ។ លោកថាឈុតរបស់រលោកត្រូវបានកែច្នៃឡើងរំលេចពីសម័យព្រះបាទស៊ីសុវត្ថិ ហើយបើនិយាយពីរចនាបទក៏មិនអន់ផងដែរ បើទោះជាលោកនៅមិនទាន់ដឹងថាតើនឹងអាចទាក់ទាញអ្នកចូលរួមអោយលើកពាន បានឬមិនបាន។

លោក ឈួន ពន្លឺ ដែលជាម្ចាស់ពានតារាសម្ដែងឆ្នើមប្រចាំប៉ុស្ដិ៍អប្សរា កាលពីដើមឆ្នាំ២០១៧ ក៏បានបង្ហាញពីការរំពឹងផងដែរ ថាមួយឈុតដែលលោកត្រៀមបង្ហាញនឹងធ្វើអោយខ្លួនឈ្នះពាន។ ទោះមិនទុកចិត្តមួយរយភាគរយ តែលោកក៏ប្រកាសដោយជំនឿចិត្តថា ពិតជាធ្វើអោយលោកទទួលបាននូវការចាប់អារម្មណ៍។

ង៉ែត សុភ័ក្ដ្រ៖ សម្អាងលើមាឌឌាំងរបស់ខ្លួន តារារូបនេះក៏ប្រកាសពីការប្រជែងពានផងដែរ ដោយលោកនិយាយថាខ្លួននឹងត្រៀមមួយឈុតក្នុងសម័យបុរាណដើម្បីចូលរួម។ បើទោះមួយឈុតនោះលោកថាមិនមែនជាឈុតអស្ចារ្យ ប៉ុន្តែក៏មានសិល្បៈ និងរចនាបទបែបបុរាណគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងផងដែរ។

ក្រៅពីតារាខាងលើ តារាប្រុសផ្សេងទៀត ក៏បានត្រៀមឈុតបុរាណប្លែកៗ និងត្រូវសម័យកាល ដើម្បីបង្អួតសម្រស់ និងភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៍នោះដែរ ដោយគ្រាន់តែតារាទាំងនោះ មិនបានបង្ហាញសាច់ដុំពីចម្ងាយ តែប្រហែលជាអាចធ្វើអោយភ្ញាក់ផ្អើល ព្រោះមិនបង្ហើបអោយដឹងមុនក៏ថាបាន៕

មតិយោបល់