ភ្នំពេញៈ រថយន្តហ៊ីឡាក់វ៉ីហ្គោមួយគ្រឿង បើកបរបោះពួយយ៉ាងលឿន រួចក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលបម្រុងបត់ត្រឡប់ក្រោយ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតហេតុឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខក្រសួងកិច្ចការនារី តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ បើកបររថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-7412 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបត់ឆ្វេងបម្រុងត្រឡប់ទៅក្រោយវិញ ខណៈពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីឡាក់វ៉ីហ្គោ ពណ៌ត្រេអ៊ី បិទលូហ្គោកងការពារព្រំដែន ពាក់ស្លាកលេខ ខេមរភូមិន្ទ០2 2-6274 ដែលបើបរដោយបុរស២ទៅ៣នាក់មកពីក្រោយក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុករថយន្តខាងលើចំចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរថយន្តកាមរីបាឡែនរងការខូចខាតធ្លាក់កាងខាងមុខនិងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។ ចំណែកឯរថយន្តវ៉ីហ្គោរងការខូចខាតក្រពឹតកាងខាងមុខចំហៀងខាងស្តាំ តែសំណាងល្អដែលមិនបង្កអោយមានអ្នកទទួលរងរបួស។
ក្រោយពេលកើតហេតុភាគីខាងរថយន្តបាឡែនបានសម្រប់សម្រួលជាមួយភាគីខាងរថយន្តវ៉ីហ្គោអោយយករថយន្តទៅជួសជុលរាងខ្លួនដើម្បីបញ្ចប់រឿងតែភាគីខាងរថយន្តវ៉ីហ្គោមិនព្រមព្រោះដោយគិតថាខ្លួនជាអ្នកត្រូវទើបធ្វើឲ្យការចរចារសម្រប់សម្រួលមិនត្រូវគ្នា ហើយក៏ប្រគល់ឲ្យសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់