ពេញមួយល្ងាចថ្ងៃទី៣ កក្កដា ពិធីបុណ្យ៧ថ្ងៃរបស់វីជេ អាលីយ៉ា ត្រូវគេឃើញមានភ្ញៀវចូលរួមតិចតួចបំផុត ដោយមានតារាសិល្បៈ និងអ្នកគាំទ្រនាងតែប្រមាណជា១០០នាក់ប៉ុណ្ណោះ បើទោះជាសមាគមសិល្បករខ្មែរ បានឈរឈ្មោះធ្វើបុណ្យអស់ពីកម្លាំងកាយចិត្តនៅក្នុងថ្ងៃនោះ។ ហេតុផលតែមួយដែលគេ អាចប៉ាន់ស្មានបាន គឺដោយសារតែអាលីយ៉ា មិនមានញាតិសណ្ដាន និងមិនមែនជាតារាល្បីលំដាប់ជួរមុខ ដែលធ្វើឲ្យតារាសិល្បៈភាគច្រើន ជាពិសេសគឺមហាជនចាប់អារម្មណ៍ចូលរួម។
ពិធីបុណ្យដែលបានធ្វើឡើងនៅវត្តទួល កន្លែងដែលបូជាសពនាងនោះ មានតារាសិល្បៈ ចូលរួមក្នុងចំនួនមិនច្រើននោះទេ ដោយមានតែអ្នកនាងលី ម៉ារីណា, អ្នកនាងឈួន សុវណ្ណឆៃ, លោកមាស សុខរតនៈ, អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្ប អ្នកស្រីសរ កេសារ៉ា ម្ចាស់ផលិតកម្មសរកេសារ៉ាភាពយន្ត នាយក្រូច, លោកអៀម សុខា, លោកស៊ឹម សោភ័ណ្ឌ, លោកសាយ សៀរ៉ា, កញ្ញារក្សា, លោករិន សាវ៉េត, កញ្ញាអ៊ុង នីនិច, អ្នកនាងលី ចាន់សីហា, កញ្ញាឌួង ហ្សូរីដា, លោកកៅ សីហា, លោកអែនឌី, លោកគង់ ចំរ៉ុង, លោកសន សុវណ្ណារ៉ា, និងតំណាង «គ្រួសារតារាកម្ពុជា» ពីរបីរូបចូលរួម។
ពិធីនេះត្រូវគេឃើញមានសភាពស្ងប់ស្ងាត់ខុសពីការគ្រោងទុកយ៉ាងខ្លាំង ជាពិសេសសម្រាប់វត្តមានមហាជន ដែលអាណិតស្រឡាញ់តារាសិល្បៈ កញ្ញា វីជេអាលីយ៉ា គឺមានវត្តមានទៅបុណ្យនោះតិចតួចបំផុត។
កញ្ញា ឌួង ហ្សូរីដា និយាយថា វាមិនចម្លែកទេ ដែលបុណ្យសព ឬបុណ្យ៧ថ្ងៃ របស់អ្នកក្រ ឬតារាមិនសូវល្បីហើយខ្សត់តារាសិល្បៈ និងមហាជនចូលរួម តែបើតារាល្បី ឬមានអ្នកធំឈរធ្វើបុណ្យឲ្យ គឺមិនហៅក៏ទៅ។ កញ្ញាថា វត្តមានចូលរួមតិចតួចរបស់តារាសិល្បៈ និងមហាជននៅក្នុងថ្ងៃនោះ គឺជារឿងសមញ្ញទៅហើយ សម្រាប់ពិធីបុណ្យសព ឬបុណ្យ៧ថ្ងៃរបស់តារាធ្លាក់កូដ។ យ៉ាងណាមិញ កញ្ញាថា កម្លាំងតារា និងភ្ញៀវកិត្តិយសដែលបានចូលរួមសុទ្ធតែ បានធ្វើឲ្យពិធីបុណ្យរបស់នាងបញ្ចប់ទៅដោយរលូន។
អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញអារម្មណ៍សោកស្ដាយ ដែលពិធីបុណ្យអាលីយ៉ា មិនមានភាពអធឹកអធមដូចការគ្រោងទុក ដើម្បីឲ្យម្ចាស់វិញ្ញាណបានស្ងប់។ អ្នកនាងថា ខ្លួនសប្បាយចិត្តដែលបានឈរឈ្មោះធ្វើបុណ្យឲ្យនាង ហើយក៏មិនមានគម្រោងធ្វើកម្មវិធីតិចតួច តាមជាក់ស្ដែងបន្តទៀត នៅពេល១០០ថ្ងៃ ដើម្បីឲ្យបង្គ្រប់កិច្ចតាមប្រពៃណីព្រះពុទ្ធសាសនាឲ្យនាង៕
មតិយោបល់