ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង របួសធ្ងន់ ២នាក់ នៅ​ខេត្ត​ព្រៃវែង

ព្រៃវែង: កាលពីវេលាម៉ោង១១ និង៥៥នាទីព្រឹកថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ​និង​ម៉ូតូ​ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរបួសធ្ងន់ ២នាក់ នៅចំណុចភូមិ​​តារាជ​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង លើផ្លូវក្រាលកៅស៊ូលេខ៣៨៧A ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ​ម៉ូតូ​ទី១ ម៉ាកC125 ស៊េរី2010​ ពណ៌​ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1L-3445 បើកបរដោយឈ្មោះ ប្រាជ្ញ លាប ភេទ​ប្រុស អាយុ៥៥ ឆ្នាំ​នៅ​ភូមិសាមគ្គី ឃុំកំចាយមារ ស្រុកកំចាយមារ បើកចេញពីជើងទៅត្បូង បាន​ឌុប​គ្នា២​នាក់ នៅខាងក្រោយ ទី​១ឈ្មោះស៊ូ ពៅ ភេទស្រីអាយុ៤៥​ឆ្នាំ នៅភូមិឃុំជាមួយ (ជិះកណ្ដាល)​ ត្រូវ​ជា​ប្រពន្ធ រងរបួសស្រាល និងទី២​ ឈ្នោះ លាប ផារី ភេទស្រីអាយុ១៧​ឆ្នាំ ​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (ជិះនៅខាង​ក្រោយគេ) ជាកូនបង្កើត (រងរបួសស្រាល)។ ឈ្មោះ ប្រាជ្ញ លាប ដែល​រងរបួស​ធ្ងន់បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យខេត្តកំពង់ចាម។

ចំណែក​ម៉ូតូ​ទី២​ម៉ាក C125 ស៊េរី2006 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1C-3640 បើកបរដោយឈ្មោះ​ គីម សុភា ភេទប្រុស អាយុ២៧ ឆ្នាំ (របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ) មានស្រុកកំណើត នៅភូមិគោកអំពៅ ឃុំស្រង៉ែ ស្រុក​ត្រាំង​ខេត្ត​តាកែវ ​បច្ចុប្បន្ន​រស់​នៅ​ភូមិ ព្រងើយទី២ ឃុំថ្មពូន ស្រុកកញ្ជ្រៀច​។

បច្ចុប្បន្នម៉ូតូ​ទាំង​សងខាង​ បានរងការ​ខូចខាតធ្ងន់ ត្រូវ​សមត្ថកិច្ច​យកទៅរក្សា​ទុក​នៅអធិការដ្ឋាន ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់៕

មតិយោបល់