កាលពីថ្ងៃទី៧ ខែកក្កដា អ្នកស្រី សរ កេសរ៉ា ដែលត្រូវគេស្គាល់ថា ជាតួឯកល្បីឈ្មោះមួយរូប ក្នុងជំនាន់សង្គមរាស្រ្តនិយម អ្នកស្រី សរកេសរ៉ា បានធ្វើពិធីខួបកំណើតយ៉ាងអធឹកអធមនៅលើទូកធំមួយ លើផ្ទៃទឹកតាមដងទន្លេមេគង្គ។ អ្វីដែលគួរអោយកត់សម្គាល់ នៅក្នុងពិធីនោះក៏មានវត្តមានតារាល្បី និងផលិតករឆ្នើមៗជាច្រើនរូប ចូលរួមច្រៀង និងរាំកម្សាន្តយ៉ាងអឺងកងផងដែរ។
អ្នកស្រី សរ កេសារ៉ា បានថ្លែងបញ្ជាក់ថា ហេតុផលដែលនាំឲ្យអ្នកស្រីសម្រេចចិត្ត ធ្វើខួបកំណើតនៅលើទូកធំ ហើយលំហែរអារម្មណ៍តាមដងទន្លេនោះ គឺដោយសារតែអ្នកស្រី ចង់ជួបជុំមិត្តភ័ក្រ្តនៅក្នុងសិល្បៈ ដើរលេងលើទូក និងច្រៀងរាំឲ្យសប្បាយចិត្តម្ដង ក៏ដូចជាដើម្បីបង្អួតទេសភាពដងទន្លេមេគង្គកម្ពុជានាពេលល្ងាច និងពេលរាត្រី។ ម្យ៉ាងមកពីអ្នកស្រីទើបតែបើកដំណើរការ ក្រុមហ៊ុន សរកេសរ៉ា អ៊ីនធឺធេនមេន កាលពីពេលថ្មីៗផង ទើបអ្នកស្រីសម្រេចចិត្ត ធ្វើពិធីជប់លៀងបែបនេះ ឲ្យសប្បាយម្ដងនៅលើទូកនាថ្ងៃនោះតែម្ដង។
អ្នកស្រីថានោះជាពិធី ដែលអ្នកស្រីធ្វើឡើងជាទ្រង់ទ្រាយមិនតូចមិនធំ ប៉ុន្តែអ្វីដែលសប្បាយបំផុតគឺបានមិត្តភ័ក្រ្តចាស់ៗចូលរួមអរអរកុះករ ដែលក្នុងនោះ លោក ទេព រិន្ទដារ៉ូ អ្នកស្រីថុង ស៊ីវទៀង និងផលិតករជាច្រើនរូបទៀតក៏បង្ហាញខ្លួន។ អ្នកស្រីបន្តថា សម្រាប់តារាសិល្បៈក្មេងៗ ក៏មានវត្តមានច្រើនដែរ ដូចជាសមាជិកក្នុងក្រុមសរកេសរ៉ា អ៊ីនធឺធេនមេនរបស់អ្នកស្រី និងតារាសិល្បៈមកពីគ្រួសារតារាកម្ពុជា ជាច្រើនទៀតដែលរួមមាន លោកគីម ថាណា តារាចម្រៀងBN លោកកូតា ពិធីករ លោកសេម ម៉ាកូ តារាចម្រៀង កញ្ញាអ៊ុង នីនិច តារាចម្រៀង លោក សន សុវណ្ណារ៉ា ពិធីករ និងតារាចាស់ក្មេងយ៉ាងច្រើនកុះករជាច្រើនរូបទៀត។
ពិធីជប់លៀងនោះត្រូវគេឃើញជិះទូកលើដងទន្លេមេគង្គ រហូតដល់កោះដាច់ ដោយនៅលើទូកមានតន្ត្រី និងការច្រៀងរាំយ៉ាងកងរំពង រហូតដល់យប់៕
មតិយោបល់