ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រ រវាងចិន និងតៃវ៉ាន់ នៅចំពេលមានសង្គ្រាមពាណិជ្ជកម្ម

តៃវ៉ាន់ៈ នាវាចម្បាំងអាមេរិកចំនួនពីរគ្រឿង បានឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ដែលជាឥរិយាបទផ្លាស់ប្តូរមួយ ត្រូវបានគេចាត់ទុកថា ជាសញ្ញាបង្ហាញពីការគាំទ្ររបស់អាមេរិកទៅលើកោះតៃវ៉ាន់។ ដោយការឆ្លងកាត់នេះ ទំនងជានឹងធ្វើឲ្យមានភាពតានតឹងបន្ថែមទៀត ជាមួយក្រុងប៉េងកាំង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានបង្ហាញនៅលើរ៉ាដាខ្លួនថា នាវាទាំងពីរគ្រឿងនេះ បានធ្វើដំណើរទៅទិសឦសាន ស្របតាមបទបញ្ជាផ្លូវច្បាប់។ ប៉ុន្តែយ៉ាងណាមិន កងទ័ពអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។

កន្លងមកប្រទេសចិនតែងតែនិយាយថា កោះតៃវ៉ាន់ គឺជាបញ្ហាដ៏រសើបបំផុត នៅក្នុងទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយអាមេរិក ខណៈដែលខ្លួនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក តែងចាត់ទុកកោះនេះថា ជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។

ប្រភពពីមន្ត្រីអាមេរិក បានប្រាប់ភ្នាក់ងាររ៉យទ័រថា ការធ្វើដំណើរនៃនាវាទាំងនោះ ត្រូវបានគ្រោងទុក ប៉ុន្តែពួកគេបានបដិសេធ មិនបញ្ជាក់ពីរយៈពេលកំណត់នោះទេ ដោយគ្រាន់តែអះអាងថា វាជាការធ្វើប្រតិបត្តិការលើកដំបូងនៅក្នុងតំបន់ ដោយកងទ័ពជើងទឹកអាមេរិក ក្នុងរយៈពេលប្រហែលមួយឆ្នាំ៕

មតិយោបល់