ព័ត៌មានសិល្បៈ និងកម្សាន្ត

កក្រើកណាស់ ព្រឹត្តិការណ៍ខួប«គ្រួសារតារាកម្ពុជា»យប់មិញ

ព្រឹត្តិការណ៍ខួប២ឆ្នាំ«គ្រួសារតារាកម្ពុជា» កាលពីថ្ងៃទី៩ កក្កដា យប់មិញ បានធ្វើឲ្យកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង ដោយសារតែក្នុងកម្មវិធីនោះ គេឃើញតារាសិល្ប:រហូតដល់ជាងពាក់កណ្ដាលបានតែងខ្លួនក្នុងសម័យបុរាណចម្រុះគ្នាតែម្ដង ដែលមិនខុសពីពិធីជប់លៀងរបស់ទេពបុត្រទេពធីតានៅឋានសួគ៏នោះទេ។ នៅក្នុងពិធីនោះ ក៏មានការប្រគល់មេដាយ និងប្រកួតឈុតបុរាណដែលមានតឹកតាងច្បាស់លាស់នៅក្នុងសំដៅឯកសារ និងលើជញ្ជាំងប្រាសាទ យ៉ាងកក្រើកផងដែរ។

ព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅភោជនីយដ្ឋានឌឹធឺរ៉េស ធីខេ នោះ ស្ទើរតែធ្វើឲ្យផ្អៀងអ្នកសិល្ប:តែម្ដង ជាពិសេសក្នុងពេលតារាសិល្ប:បង្អួតសម្រស់ដោយទម្រង់បុរាណ នៅចំពោះមុខឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណអធិបតីយ៉ាងច្រើនកុះករ នៅក្នុងពិធី។

ម្ចាស់ពាន៨រូប ត្រូវបានគណកម្មការ និង គណអធិបតីផ្ដល់ពិន្ទុយ៉ាងសុក្រិត ដោយឈុតសំលៀកបំពាក់មួយៗដែលបានលើកពាន គឺលុះត្រានោះជាឈុតត្រូវទម្រង់បុរាណ មានឯកសារស្នាមច្បាស់លាស់ និងជាឈុតមានរចនាបទខ្មែរ។ អ្នកគ្រងឈុតទាំំង៨នោះ ត្រូវគេកត់សម្គាល់ថា សុទ្ធតែជាឈុតដែលមានអត្ថន័យ និងមានខ្លឹមសារពោរពេញដោយវប្បធម៌ជាតិ ដែលក្នុងកម្មវិធីនោះ ក្រៅពីមានតារាសិល្ប:ល្បីៗចូលរួមកុំករ ក៏មានវត្តមានតារាជើងចាស់ល្បីៗចូលរួមជាកិត្តិយសក្នុងការបំពាក់មេដាយមាសជូនផងដែរ។ នេះជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់តារាសិល្ប: ដែល«គ្រួសារតារាកម្ពុជា»សម្រេចបាន ដោយក្រៅពីលើកស្ទួយអ្នកសិល្ប:ខ្មែរ ក៏បានលើកកម្ពស់ទម្រង់សិល្ប:បុរាណខ្មែរគួរឲ្យកត់សម្គាល់ផងដែរ។

អ្នកឈ្នះពានទាំង៨រូបនោះ កញ្ញារំដួលលិចទឹក បានពានតារាឆ្នើមប្រចាំគ្រួសារតារាកម្ពុជា ដែលលេចធ្លោជាងគេក្នុងស្រទាប់មហាជន និង បានពានតារាលេចធ្លោផ្នែកឈុតបុរាណកែច្នៃ ក្នុងឈុតច្នៃពីកន្ទេលតាមលំនាំព្រះនាងឥន្ទ្រទេវី លោកស៊ិន សុធារិទ្ធិ ឈ្នះពានតារាលេចធ្លោ ផ្នែករំលេចឈុតកម្រក្នុងសម័យបុរាណ ក្នុងឈុតកងទាហានក្នុងសម័យអង្គរ កញ្ញាប៊េប៊ី ឈ្នះពានតារាលេចធ្លោផ្នែករំលេចឈុតកម្រក្នុងសម័យបុរាណ ក្នុងឈុតព្រះនាងឥន្ទ្រទេវី លោករុន ណាកូ ឈ្នះពានតារាសម្ដែង ផ្នែករំលេចឈុតបុរាណត្រូវទម្រង់បានស័ក្ដសម អ្នកនាង ម៉ៅ ស៊ីណាត ឈ្នះពានតារាលេចធ្លោប្រចាំផ្នែករំលេចបុរាណត្រូវទម្រង់បានស័ក្ដសម និង កញ្ញា ភី សម័យ ឈ្នះពានតារាឆ្នើមផ្នែករំលេចឈុតអស្ចារ្យប្រចាំឆ្នាំ ក្នុងឈុតកែច្នៃពិសេសមួយ ពីបំពង់ទុយោ។ ឈុតទាំងដែលបានទទួលជ័យជម្នះ ត្រូវបានប្រកាសថាគឺជាឈុតដែលកែច្នៃដោយគំនិត និងមានការស្រាវជ្រាវច្បាស់លាស់ ដើម្បីរំលេចទម្រង់បុរាណរបស់ខ្មែរឲ្យបានផុសឡើង។

កម្មវិធីនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំ និងវិរ:សិល្បករដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ដូចជាអ្នក លោកសោម ដូរិន អ្នកស្រីសាក់សាកេត លោក ទេព រិន្ទដារ៉ូ អ្នកនាង គង់ ណារី និងផលិតករ ជើងចាស់ជាច្រើនរូបទៀត។

មតិយោបល់