កណ្តាលៈ កាលពីថ្ងៃពុធ ១៤រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក នៅចំណុចផ្លូវលំគ្រោះក្រហម ក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តកិនក្មេងប្រុសម្នាក់ស្លាប់។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2z – 6298 អ្នកបើកបរឈ្មោះ គង់ ឡុង ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំបច្ចុប្បន្នភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានបើកបរពីទិសខាងជើង ទៅទិសខាងត្បូង មានដឹកដីខ្សាច់ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានឈប់នៅមុខផ្ទះឈ្មោះចាន់ សុផាត ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកលក់ចាប់ហួយ ដើម្បីទិញស្រាបៀរ១កំប៉ុង។ ពេលនោះឈ្មោះចាន់សុផាត ជាអ្នកលក់ ក៏បានយកស្រាបៀរទៅឲ្យឈ្មោះគង់ ឡុង ដែលអង្គុយនៅក្នុងរថយន្ត ស្រាប់ពេលនោះកុមាររងគ្រោះឈ្មោះតុង ចាន់មុន្នីសត្យា ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាកូន បានដើរតាមពីក្រោយមក ចូលអង្គុយក្រោមរថយន្ត ដោយម្តាយនិងអ្នកបើកបរ មិនបានដឹងឡើយ។ លុះពេលរថយន្តចេញដំណើរ ក៏បានកិនកុមាររងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ តែម្តង ។ ក្រោយពេលកើតហេតុអ្នកបើកបរ បានរត់គេចខ្លួនបាត់។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍តាលន់ និងផ្នែកចរាចរណ៍ស្រុកស្អាង បានចុះពិនិត្យវាស់វែង និងយករថយន្តមករក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសាកសព បានប្រគល់ឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់