មិនមែនជាលើកទី១នោះទេ ដែលមានសោកនាដ្យកម្មកើតឡើងទៅលើប្រទេសមួយ ដែលបណ្ដាលឲ្យប្រជាជនមួយចំនួនរងគ្រោះ ឬស្លាប់យ៉ាងអាណោធអាធ័ម ប៉ុន្តែគេមិនដែលឃើញសិល្បករកម្ពុជារូបណា ចេញមុខឈឺឆ្អាលនោះទេ ទើបគេម្នាក់ៗភ្ញាក់ផ្អើល នៅពេល លោក សូ ស្រណោះ ស្រាប់តែចេញបទចម្រៀង រំលែកទុក្ខដល់ជនជាតិជប៉ុន ដែលបានរងគ្រោះដោយគ្រោះធម្មជាតិមុននេះ។
លោកបានបញ្ជាក់ប្រាប់ឲ្យដឹងពីមូលហេតុជាច្រើន ដែលនាំឲ្យលោកសម្រេចចិត្តចេញបទចម្រៀងមួយបទ ដែលស្ដែងពីទឹកចិត្តសោកសៅនោះ។
ដោយលោក សូ ស្រណោះ និយាយថា ដោយសារតែលោកមានអនុស្សាវរីយរាប់មិនអស់ ជាមួយនឹងប្រទេសជប៉ុន ដោយសារតែលោកធ្លាប់ បានទៅសិក្សានៅក្នុងប្រទេសជប៉ុន ហើយមនុស្សស្លាប់ដោយសារតែទឹកជំនន់នោះ គឺកើតឡើងនៅក្រុងហ៊ីរ៉ូហ្ស៊ីម៉ា ដែលជាកន្លែងលោកធ្លាប់រស់នៅ សិក្សារៀនសូត្ររហូតទទួលបានសញ្ញាប័ត្រអនុបណ្ឌិត្យ ទើបធ្វើឲ្យលោកក្ដុកក្ដួល។
លោកថាខ្លួនមានអារម្មណ៍ក្ដុកក្ដួល ដែលទីកន្លែងមួយ ដែលលោកចាត់ទុកថា ជាផ្ទះទី២របស់ខ្លួន ស្រាប់តែមានមនុស្សស្លាប់ ហើយធ្វើឲ្យលោកក្ដុកក្ដួល។ ដូច្នេះហើយ ទើបលោកសម្រេចចិត្តចេញបទ «បាត់់បង់» ដែលលោកយល់ថា ដើម្បីជាការរំលែកទុក្ខរបស់ជនជាតិជប៉ុន ដែលបានរងគ្រោះ និងបានស្លាប់ក្នុងប៉ុន្មានថ្ងៃមុននេះ ព្រោះតែគ្រោះទឹកជំនន់។
លោកមិនរំពឹងថាពីការគាំទ្រ ឬមិនគាំទ្រនោះទេ ប៉ុន្តែអ្វីដែលលោកសម្រេចផលិតបទនេះ គឺចង់បង្ហាញពីការឈឺចាប់មួយ ក្នុងនាមដែលលោកធ្លាប់បានរស់នៅ នៅក្នុងប្រទេសជប៉ុន និងចែករំលែកការឈឺចាប់នៅពេលប្រទេស ដែលលោកធ្លាប់រស់នៅរងគ្រោះ៕
មតិយោបល់