ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រទះឃើញសត្វពស់ថ្លាន់យក្សមួយក្បាលនៅស្រុក​ដុងឈុន

ថៃ: សារព័ត៌មាន TV POOL បានចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា បានឲ្យដឹងថា អ្នកស្រុកនៅក្នុងភូមិ ដុងឈុន ស្រុក មឿង ខេត្ត សកលនាខន បានប្រទះឃើញសត្វពស់ថ្លាន់យក្ស ប្រវែងជាង ៥ម៉ែត្រ ក៏នាំគ្នាស្រែកឆោឡោនាំគ្នាមកជួយចាប់ពស់យកមកដាក់នៅក្នុងទ្រុង ប្រវែង ១.៥ ម៉ែត្រ ថែមទាំងនាំគ្នាផ្អើលឆោឡោទៀតថា ជាពស់អ្នកតាថែមទៀតផង ព្រោះថាពីមុនមកពួកអ្នកស្រុកដែលនៅក្នុងភូមិនោះ មិនដែលបានប្រទះឃើញសត្វពស់ថ្លាន់យក្សទាល់តែសោះ។

បុរសម្នាក់វ័យ ៤៧ឆ្នាំ ឈ្មោះ ថាតុ ដាបស្រ៊ីផាយ បានពោលឲ្យដឹងទៀតថា « ខ្ញុំបានប្រទះឃើញសត្វពស់ថ្លាន់យក្សនេះ មុនដំបូងគេបង្អស់។ នៅពេលដែលខ្ញុំកំពុងតែដាក់ចំណីជ្រូក តាមធម្មតានោះពេលរួចរាល់ខ្ញុំក៏បំរុងរៀបនឹងចេញទូកពីលើកោះទៅហើយ ស្រាប់តែជ្រូករបស់ខ្ញុំស្រែកកញ្ជ្រៀវព្រមគ្នា។ ខ្ញុំក៏ស្ទុះវឹងរត់ទៅមើល ស្រាប់តែប្រទះឃើញសត្វពស់ថ្លាន់យក្ស បំរុងនឹងស៊ីជ្រូករបស់ខ្ញុំទៅហើយ »

បុរសខាងលើបានបន្ថែមទៀតថា កាលពីឆ្នាំមុនជ្រូករបស់អ្នកស្រុកនៅក្នុងភូមិ បានបាត់ស្ទើតែគ្រប់ៗគ្នា ។ នេះបើគិតជាចំនួនវិញ បានបាត់ប្រហែលជាង១០០ ក្បាលទៅហើយ ។ អ្នកស្រុកតែងតែនាំគ្នាសង្ស័យថា ប្រហែលជាមានចោរលួចឡើងមកលើកោះនេះ ដើម្បីលួចជ្រូករបស់ពួកគាត់ តែឥឡូវ អ្នកស្រុកអ្នកភូមិបានប្រទះឃើញសត្វពស់ថ្លាន់យក្ស ដូច្នេះពួកគាត់បែរជាគិតថា នោះជាពស់អ្នកតា ហើយកាលដែលជ្រូកពួកគាត់បាត់ក៏ដោយសារសត្វពស់ថ្លាន់នោះបានស៊ីជ្រូករបស់ពួកគាត់ផងដែរ៕

Snake
អេបិល

មតិយោបល់