បើទោះជាតារាចម្រៀង លោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខជន Cambodian Idol រដូវកាលទី៣ ក៏តែងខ្លួនក្នុងទម្រង់បុរាណយ៉ាងលេចធ្លោផងដែរ ជាមួយនឹងដៃគូគឺកញ្ញា គង់ កែវមរកត ដែលជាអតីតបេក្ខនារីក្នុងកម្មវិធីប្រលងជាមួយគ្នា។ លោក និងគូចម្រៀងគ្រងឈុតព្រះបាទជ័យរវ្ម័នទី៧ និងព្រះមហេសី គឺអាចនិយាយបានថាមិនចាញ់តារាសម្ដែងនោះឡើយសម្រាប់រូបសម្រស់ ដោយសូម្បីតែតារាសិល្បៈ និងគណកម្មការក៏លាន់មាត់សរសើរដែរ។
អ្នកគ្រូគង់ ណារី បានសរសើរថា មួយឈុតរបស់លោក គ្រងត្រូវទម្រង់បុរាណក្នុងជំនាន់ព្រះបាទជ័យវរ្ម័នទី៧យ៉ាងខ្លាំង ដោយអ្នកគ្រូថារូបរាងរបស់លោកដ្បិតថាគ្រាន់តែជាតារាចម្រៀងមែន ប៉ុន្តែនៅពេលតែងឈុតបុរាណមួយនោះ គឺស័ក្ដសម។ អ្នកគ្រូថា បើការប្រកួតនោះមិនតម្រូវអោយស្វែងរកឈុតដែលឌីហ្សាញថ្មី តែរក្សាលំនាំទម្រង់ និងសំណៅដើម គឺឈុតរបស់លោក វង្ស ថាណាន់ ក៏ស័ក្ដសមនឹងការគ្រងពានផងដែរ ជាពិសេសនៅពេលលោកឈរ និងដើរជាគូជាមួយកញ្ញា គង់ កែវ មរកត និងតារាស្រីមួយរូបទៀត ដែលមិនខុសពីតំណាងអោយព្រះបាទជ័យវរ្ម័នទី៧ ដែលមានមហេសី២គឺ ព្រះនាងឥន្ទ្រទេវី និងជ័យរាជទេវី នៅក្នុងជំនាន់នោះ។
ជាមួយនឹងការលើកសរសើរ គេមើលឃើញថាតារាចម្រៀង លោកវង្ស ថាណាន់ លេចធ្លោនៅក្នុងព្រឹត្តិការណ៍ខួបរបស់«គ្រួសារតារាកម្ពុជា» គួរអោយសរសើរ ស្របគ្នាដែលអាជីពចម្រៀងរបស់លោកក៏ស្ទុះឡើងកូដ នាពេលចុងក្រោយ។ ជាពិសេសលោកកាន់តែមានការចាប់អារម្មណ៍ពីស្រទាប់មហាជន បន្ទាប់ពីលោកកាន់តែមានមុខលើឆាកតន្ត្រី ហើយរស់រវើកក្នុងប្រភេទបទចម្រៀង ជាពិសេសពេលលោកបកស្រាយបទញាក់ម្ដងៗ។
លោកក៏ត្រូវគេចាត់ទុកថាជាអតីតបេក្ខជនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ដែលលេចធ្លោម្នាក់បើទោះជាមិនជាប់ ជាពិសេសនៅលើបណ្ដាញសារព័ត៌មាន ទាំងការងារសិល្បៈ និងរឿងរ៉ាវឯកជន៕
មតិយោបល់