ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត បទ«រាំអញ្ចេក!» សម្រេចផ្លាស់ប្ដូរ ក្រោយការរិះគន់

បន្ទាប់ពីផ្ទុះប្រតិកម្ម ផលិតកម្មហង្សមាសបានសម្រេចប្ដូរចំណងជើង និងសំណេរនៅក្នុងអត្ថបទដូចភ្នែកបន្ទោរឆ្លើយតបនឹងការរិះគន់ចំពោះបទចម្រៀង«រាំអញ្ចេក!»។ ការផ្លាស់ប្ដូរនេះមិនត្រូវបានប្រកាសនោះទេ ប៉ុន្តែត្រូវគេឃើញតាមរយៈ បទចម្រៀងចេញជាMV ផ្លូវការ ហើយមិនសរសេរពាក្យ«អញ្ចេក»ដូចមុន។

គ្មានអ្នកណាមិនដឹងនោះទេ ថាផលិតកម្មហង្សមាសបានដាក់ចំណងបទថ្មីរបស់តារាចម្រៀងនាងឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ ថា«រាំអញ្ចេក!» ដោយចំណងជើង និងសំណេរពាក្យនោះ បានធ្វើអោយមានការរិះគន់យ៉ាងពេញបន្ទុក ដោយសារតែពាក្យ«អញ្ចេក»ដែលហង្សមាសបានប្រើគ្រាន់តែជាក្រៀមភាសា ឬគ្រាន់តែជាភាសានិយាយ ដែលមិនគួរយកមកសរសេរនៅក្នុងខ្លឹមសារបទចម្រៀងបាន។ ក្នុងពេលបទចម្រៀង«រាំអញ្ចេក»ផ្ទុះការរិះគន់ មន្ត្រីហង្សមាសអត់មានអ្នកណាចេញមុខបកស្រាយទាល់តែសោះ ដោយអះអាងថាសុំមិនធ្វើការបកស្រាយ។ ក្រុមអ្នកធ្វើការរិះគន់បានត្រឹមតែរង់ចាំមើលចំណាត់ការក្រសួងវប្បធម៌ និងក្រុមហ៊ុនហង្សមាស តើនឹងផ្លាស់ប្ដូរកំហុសឆ្គងចំពោះការប្រើពាក្យខុសឆ្គងនោះឬយ៉ាងណា។ យ៉ាងណាមិញ ក្នុងពេល MV ផ្លូវការត្រូវបានចេញផ្សាយ បទ«រាំអញ្ចេក»ត្រូវបានប្ដូរថ្មី ដោយប្រើចំណងជើងថា«រំាអ៊ីចេះ!»និងប្រើសំណេរ«អ៊ីចេះ»ត្រូវបានពាក្យដើមវិញ ដែលធ្វើអោយការរិះគន់ត្រូវបញ្ចប់។

ការផ្លាស់ប្ដូរពាក្យ«អញ្ចេក»ទៅជា«អ៊ីចេះ!»នេះ បានធ្វើអោយបទមួយនេះ ទទួលបាននូវការកោតសរសើរ ក្នុងពេលដែលឈុតឆាកសម្ដែងក៏មានភាពទាក់ទាញ។ អ្នកលេងហ្វេសប៊ុកបានលើកឡើងថា«នៅទីបំផុតបទមួយនេះ បានសម្រេចកែប្រែចំណងត្រូវតាមពាក្យខ្មែរហើយ សូមចូលរួមគាំទ្រ!»។ ការសម្រេចកែប្រែនេះ មិនត្រូវបានមន្ត្រីហង្សមាសធ្វើការបកស្រាយនោះទេ ប៉ុន្តែក៏ចាត់ទុកថាជាការទទួលខុសត្រូវមួយរបស់ផលិតកម្មនេះផងដែរ បន្ទាប់ពីការប្រតិកម្មត្រូវបានផ្ទុះឡើង។ ជាមួយនឹងការផ្លាស់ប្ដូរសំណេរពាក្យ«អញ្ចេក» មកជា«អ៊ីចេះ» បានធ្វើអោយគេមើលឃើញតម្លៃអ្នករិះគន់ក្នុងន័យស្ថាបនាដែលបានលើកឡើង។

តោះទស្សនាMV បទ«រាំអ៊ីចេះ!» ក្រោយការចេញផ្សាយ តើយ៉ាងមិចដែរ៖

https://www.youtube.com/watch?v=nxsFLQ4G9JU&t=7s

មតិយោបល់