ព័ត៌មានជាតិ

បត់ម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកពីក្រោយ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់!..

កណ្តាលៈ កាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ និងរបួសធ្ងន់ស្រាលប្រុសស្រី២នាក់ នៅលើផ្លូវលេខ២១ ភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ម៉ូតូម៉ាកហុងដា សេ១២៥ (ស៊េរី២០១៦) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FL-2772 បើកបរដោយឈ្មោះ ភោគ សំអុល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងស្ដុកគ្រួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយឈ្មោះភួង សុគុន្ធ ភេទស្រី អាយុ៣២ឆ្នាំ មិនពាក់មួក មុខរបរកម្មកានី(ត្រូវជាគូដណ្ដឹង)របួសធ្ងន់ និងឈ្មោះភួង ស្រីពៅ ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស ត្រូវជាប្អូនថ្លៃ មានទីនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហតុ) បានបើកបរម៉ូតូក្នុងទិសដៅពីត្បូងមកជើង។ លុះមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូខាងលើបានបត់ឆ្វេងឆ្លងផ្លូវពីកើតមកលិច ធ្វើអោយអ្នកបើករថយន្តម៉ាកហ៊ីនយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរឈ្មោះឃុន វិបាន ភេទប្រុស អាយុ១៩ឆ្នាំ(ឃាត់ខ្លួន)មានទីលំនៅភូមិត្រាំត្រសរ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ រួមដំណើរជាមួយឈ្មោះសន ស៊ុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងអំពិល ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងបើកស្របទិសគ្នាពីត្បូងមកជើង គេចមិនទាន់ក៏បុកពីក្រោយបណ្ដាលអោយដួលម៉ូតូខ្ទាតមនុស្សចូលក្រោមកង់រថយន្ត ហើយត្រូវរថយន្តកិនស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល២នាក់តែម្តង។ អ្នករងរបួសត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ចំណែកសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបររថយន្តបានឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាន។

បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យនិងវាស់វែងទីកន្លែងកើតហេតុរួច ក៏បានយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។

សន្និដ្ឋាន ករណីនេះបង្កឡើងដោយអ្នកបើកម៉ូតូធ្វេសប្រហែស ខ្ចីខ្ចា ខ្វះការប្រុងប្រយ័ត្ន ក្នុងពេលឆ្លងផ្លូវ ចំណែកអ្នកបើករថយន្តបើកក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

មតិយោបល់