ការប្រកួតឈុតបុរាណរបស់«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៩ កក្កដា នៅតែបានដក់ជាប់ក្នុងអារម្មណ៍ស្រទាប់មហាជន ដោយត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍លើកស្ទូយវប្បធម៌ជាតិដ៏កម្រមួយ ដែលគេមិនសូវនឹកឃើញ ហើយជាកម្មវិធីដែលធ្វើបានជោគជ័យគួរអោយសរសើរ។ ស្ទើរផ្អៀងពិភពសិល្បៈសម្រាប់ព្រឹត្តិការណ៍មួយនេះ ខណៈដែលកម្មវិធីនេះផ្អើលដល់ប្រទេសថៃ ក្រោយពីបានឃើញសារព័ត៌មានក្នុងស្រុក និងតារាសិល្បៈបង្ហោះពីកម្មវិធីព្រោងព្រាត ដែលនាំអោយមានការខកចិត្តចំពោះអវត្តមានរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌ ដែលអវត្តមានក្នុងកម្មវិធីមួយនេះ។
តំណាងអ្នករៀបចំព្រឹត្តិការណ៍ធំៗក្នុងស្រុក សុទ្ធតែលាន់មាត់សរសើរថា«គ្រួសារតារាកម្ពុជា»ដែលគ្រាន់តែជាក្រុមសិល្បៈតូចមួយ តែអាចបង្កើតទម្រង់កម្មវិធីលើកកម្ពស់វប្បធម៌ជាតិមួយបាន ដែលកម្មវិធីនេះត្រូវបានគេប៉ាន់ស្មានថាបើគ្មានថវិកាវិកាចំណាយ៣ទៅ៥ម៉ឺនដុល្លារ មិនអាចរៀបចំចេញ។ អ្វីដែលគេម្នាក់ៗលាន់មាត់សរសើរពីកម្មវិធីនេះ គឺកម្មវិធីមួយនេះ ត្រូវបានប្រមូលផ្ដុំដោយតារាក្នុងសិល្បៈចាស់ថ្មី ស្ទើរអស់មួយមួយសិល្បៈអោយរួបរួមគ្នាបង្ហាញអត្តសញ្ញាណជាតិក្នុងទម្រង់សំលៀកបំពាក់បុរាណ ខណៈឈុតសំលៀកបំពាក់បុរាណនោះ ក៏ត្រូវបានក្លាយជាវេទិកាប្រកួតជាទ្រង់ទ្រាយដើម្បីស្វែងរកអ្នកស្លៀកឈុតបុរាណដែលត្រូវទម្រង់ និងជាស្នាដៃច្នៃប្រឌិតល្អឯកអោយក្លាយជាអ្នកកាន់ពាន។ តំណាងកម្មវិធី Mr.Cambodia បានអោយយោបល់ថា នេះជាកម្មវិធីទ្រង់ទ្រាយធំ និងល្អមួយ ដែលធ្វើអោយមានការភ្ញាក់ផ្អើលសម្រាប់វិស័យសិល្បៈយ៉ាងខ្លាំង ខណៈដែលកម្មវិធីនេះ ជាកម្មវិធីធំ មិនគួរជាការរៀបចំរបស់ក្រុមសិល្បៈតូចមួយ អាចធ្វើទៅបាន។ យ៉ាងណាមិញ អ្នករៀបចំព្រឹត្តិការណ៍ធំមួយនេះ បានអះអាងថាជារឿងសោកស្ដាយដែលសំលៀកបំពាក់កម្រ និងត្រូវទម្រង់បុរាណមួយចំនួន មិនត្រូវបានគណកម្មការផ្ដលល់ពិន្ទុស្គាល់ ហើយបានចាត់ទុកថាឈុតទាំងនោះជាឈុតរបស់ជាតិសាសន៍មួយផ្សេង។ លោកថាឈុតព្រះនាងនាគ-ស និងឈុតព្រះបាទហ៊ុនទៀន គឺជាឈុតកម្រមួយដែលមានក្នុងប្រវត្តិសាស្ត្រ ហើយជាឈុតដែលមិនសូវមានអ្នកស្គាល់ គួរតែត្រូវបានកាន់ពានអ្វីមួយ ទើបលោកយល់ថាបើមានការរៀបចំគណកម្មការវាយតម្លៃដែលស្គាល់ច្បាស់ពីឈុតបុរាណកាលពីអតីតកាលអោយល្អថែមទៀត គឺថាកម្មវិធីនេះ នឹងគ្រប់លក្ខណៈ។ យ៉ាងណាមិញ លោកថាការប្រកួតឈុតបុរាណមួយនេះ មានស្ដង់ដារពេញលេញអាចទទួលយកបាន ដោយសារតែឈុតដែលបានកាន់ពាន ក៏មានលក្ខណៈពិសេសគ្រប់គ្រាន់ ដែលមានន័យថាគណកម្មការផ្ដល់ពិន្ទុជ្រើសរើសបានត្រូវ។
មិនខុសគ្នាដែរ នៅក្នុងប្រទេសថៃឯណោះវិញ ក៏ផ្ដោតការចាប់អារម្មណ៍ចំពោះកម្មវិធីដែលបានធ្វើឡើងនេះផងដែរ ដោយអ្នករៀបចំព្រឹត្តិការណ៍ធំមួយនៅក្នុងប្រទេសថៃ បានប្រកាសសហការជាមួយ«គ្រួសារតារាកម្ពុជា»ប្រសិនបើមានការរៀបចំព្រឹត្តិការណ៍មួយនេះលើកក្រោយផង ដើម្បីទទួលបាននូវបទពិសោធន៍មួយពីប្រទេសកម្ពុជា។ យ៉ាងណាមិញ អ្វីដែលគេសោកស្ដាយគឺព្រឹត្តិការណ៍ដែលមានទម្រង់លើកកម្ពស់វប្បធម៌ជាតិដ៏ធំមួយនេះ បែរជាមានបដិសេធមន្ត្រីក្រសួងវប្បធម៌ ដោយលើកហេតុផលថាជាប់រវល់ ខណៈដែលមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដែលបានទទួលលិខិតអញ្ជើញហើយប្រកាសថាចូលរួមជាអធិបតី ក៏អវត្តមាន ដែលមានន័យស្ថាប័នពាក់ព័ន្ធមួយនេះ មិនបានចូលរួមលើកទឹកចិត្តចំពោះអ្នកសិល្បៈ ដែលរួមកម្លាំងគ្នាលើកកម្ពស់វប្បធម៌។ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថា មន្ត្រី«ក្រសួងវប្បធម៌»ត្រូវបានដាក់សំណើរយ៉ាងម៉ត់ចត់តាំងពីកម្មវិធីមិនទាន់ចាប់ផ្ដើម ហើយក៏មានតម្រុយក្នុងការចូលរួមច្រើនភាគរយជាងមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានផងដែរ ប៉ុន្តែចុងក្រោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បានតបថាជាប់បេសកកម្ម ហើយរដ្ឋលេខាដែលទទួលចូលរួម ក៏អវត្តមាន៕
មតិយោបល់