ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម 4 Nix កាន់តែវាយលុកទីផ្សារ

លើឆាកតន្ត្រីនាពេលចុងក្រោយ គេកាន់តែទទួលស្គាល់សមត្ថភាពច្រៀង និងរាំយ៉ាងរស់រវើក របស់ក្រុមចម្រៀងនារីរបស់កម្ពុជា«4 Nix» ដោយសារតែក្រុមមួយនេះ មិនត្រឹមតែស្រស់ស្អាតព្រមគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏មានសំឡេងពីរោះ និងរាំបានល្អមិនចាញ់ក្រុមកូរ៉េផងដែរ។ ជាក់ស្ដែងក្រោយទទួលជោគជ័យក្នុងការសម្ដែងលើទឹកដីប្រទេសកូរ៉េកាលពីពេលថ្មីៗ ក្រុម 4Nix ត្រលប់មកវាយលុកទីផ្សារជាមួយនឹងស្ទីលថ្មីភ្លែតតែម្ដង លើឆាកតន្ត្រីប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី«Carabao TV5 Spark Concert» កាលពីថ្ងៃទី១៥ កក្កដា។

ក្រុមចម្រៀង 4Nix បានអះអាងថា ក្រុមរបស់ខ្លួនក្រោយពីបានកកើតបានរយ:ពេល២ឆ្នាំ សម្រាប់ការចាប់អារម្មណ៍កាន់តែមានកម្រិតឈានឡើង ដោយក្នុងនោះមិនត្រឹមតែមានទីផ្សារក្នុងស្រុកគួរឲ្យកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែទីផ្សារក្រៅប្រទេសក៏មិនសូវដាច់នោះដែរ។ បទចម្រៀងថ្មីៗរបស់ក្រុមខ្លួន ក៏នាងថាបានទទួលការចាប់អារម្មណ៍លើយូធូបធ្វើឲ្យក្រុមទាំងមូលសប្បាយចិត្តផងដែរ ជាពិសេសនៅពេលដែលក្រុមរបស់នេះបញ្ចេញក្បាច់រាំយ៉ាងរស់រវើកម្ដងៗ។ យុទ្ធសាស្រ្តក្នុងការប្រទាញយកទីផ្សារបន្ទាប់ ក្រុមទាំងមូលនឹងផលិតបទចម្រៀង និងបង្កើតក្បាច់រាំឲ្យកាន់តែល្អ ដើម្បីពង្រីកកេរ្តិ៍ឈ្មោះឲ្យក្រុមទាំងមូល។ ក្នុងនោះក្រុមបុរសដែលជាដៃគូក៏ទទួលបានការចាប់អារម្មណ៍មិនអន់ដែរ។

ផ្អែកតាមការបង្ហាញខ្លួនលើឆាកតន្ត្រីប៉ុស្ដិ៍លេខជាលើកទី២នោះ គេឃើញក្រុមចម្រៀង 4Nix មិនមែនបង្ហាញខ្លួនដូចការបង្ហាញខ្លួនលើកមុនទេ ដោយនាងបានក្លាយជាក្រុមចម្រៀងតួឯកក្នុងកម្មវិធីតែម្ដង។ បទចម្រៀងស្ទើរទាំងអស់របស់ក្រុមនាង និងក្រុមបុរស គឺងអាចនិយាយបានថា ទទួលបានភាពទាក់ទាញគួរឲ្យសរសើរ ជាពិសេសជាមួយនឹងបញ្ចេញក្បាច់រាំយ៉ាងរស់រវើកព្រមគ្នា ដោយធ្វើឲ្យតន្ត្រីប៉ុស្ដិ៍លេខ៥នាថ្ងៃនោះកក្រើកមិនធម្មតា។

អ្នកនាង កែវ សុវណ្ណនី អ្នករៀបចំកម្មវិធីបានថ្លែងបញ្ជាក់ថា កាលពីដំបូង អ្នកនាងបានអញ្ជើញក្រុមនេះ មកច្រៀងក្នុងនាមជាតារាកិត្តិយសបន្ទាប់បន្សំលើឆាកតន្ត្រី«Carabao TV5 Spark Concert» ប៉ុណ្ណោះ ប៉ុន្តែដោយសារតែក្រុមមួយនេះ មានការគាំទ្រ និងមានក្បាច់រាំរស់រវើកធ្វើឲ្យអ្នកនាងមើលឃើញពីការគាំទ្រខ្លាំងក្លា ទើបទាក់ទងមកជាថ្មី បន្ទាប់ពីក្រុមនេះត្រលប់មកពីកូរ៉េ ហើយដោយបង្ហាញខ្លួនក្នុងនាមជាក្រុមចម្រៀងដែលមិនខុសពីតួឯកក្នុងកម្មវិធី៕

មតិយោបល់