ក្រោយបរាជ័យឱកាសលើកពានក្នុងការប្រកួតឈុតបុរាណដ៏ធំរបស់«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៩ កក្កដា តារាចម្រៀង លោក សេម អាជុន ដែលបានប្ដូរឈ្មោះពី សេម ម៉ាកូ និងត្រូវគេឃើញសកម្មក្នុងសកម្មភាពសប្បុរសធម៍ទាំងខ្លួនជាប់បំណុលរែកទុករឿងម្ដាយពុលស្លាប់ និងភ្លើងឆេះផ្ទះនៅឡើយ បានអះអាងថា លោកកំពុងសម្ងំផលិតបទចម្រៀងផ្ទាល់ខ្លួន បន្ទាប់ពីលោកសាកល្បង Cover បទចម្រៀងម្ចាស់ដើម២បទ ហើយទទួលបានការចាប់អារម្មណ៍ក្នុងអាជីពជាអ្នកចម្រៀង។ Original Song របស់លោក នឹងចេញឆាប់ៗ ជាថ្នូរនឹងលោកមិនទាន់បានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មណាមួយ។
លោក សេម និយាយថា ក្រោយពីបានក្លាយជាសមាជិក«គ្រួសារតារាកម្ពុជា»លោកកាន់តែមានការទទួលស្គាល់ពីទីផ្សារច្រើនឡើង ដោយសូម្បីតែក្នុងខែវស្សាក៏មានការប្រគំតន្ត្រីតាមខេត្តបានច្រៀងជាហូរហែរដែរ ទើបធ្វើអោយលោកមានជីវភាពបានហើបបន្តិច ដោយក្រៅពីរកលុយបានសង់ផ្ទះដែលឆេះក្រោយម្ដាយស្លាប់នឹងពុលភេសជ្ជៈមួយប្រភេទគ្រាន់បានផ្ទះរស់នៅវិញសមរម្យ ក៍មសនលទ្ធបានធ្វើបុណ្យដាក់ទានចំពោះអ្នកខ្សត់ជាងខ្លួន។ ក្នុងនោះបើនិយាយពីសកម្មភាពឡើងឆាកក៏ល្អប្រសើរនាពេលចុងក្រោយ។ អ្វីដែលលោកសប្បាយចិត្ត គឺលោកចាប់ផ្ដើមមានហ្វេនជាអ្នកគាំទ្រ ដែលខុសពីមុនគឺមិនមានការចាប់អារម្មណ៍ទាល់តែសោះ នៅពេលបង្ហាញខ្លួនលើឆាកតន្ត្រីម្ដងៗ។
លោក សេម និយាយថា ក្នុងពេលខាងមុខ លោកនឹងមានយ៉ាងហោច៣បទ ដោយក្នុងចំណោមបទទាំង៣ ដែលជាបទសម្ងំផលិតក៏នឹងមានបទញាក់ដើម្បីបំពេញទីផ្សារផងដែរ។ លោកបានសម្ងំផលិតសាច់ភ្លេង និងថតបានជាបណ្ដើរហើយ ដោយគ្រោងនឹងចេញបង្ហោះនៅលើយូធូបក្នុងពេលខាងមុខ ដោយគ្រាន់តែមិនទាន់ដឹងថាតើនឹងមានសន្ទុះគាំទ្រកម្រិតណា។ ប៉ុន្តែផ្អែកតាមបទដែលលោក Cover បទ«ទឹកភ្នែកកូនប្រុស»របស់លោក ដួង វិរៈសិដ្ឋ និងបទ«បើស្រឡាញ់ម្ដេចទុកបងចោល»របស់តារាចម្រៀង អ្នកនាង សុគន្ធ និសា ហើយទទួលបានគាំទ្រក្រោយការបង្ហោះ លោកមានជំនឿចិត្តខ្ពស់ថា បទនិពន្ធថ្មីនឹងមានសន្ទុះ នៅពេលបង្ហាញខ្លួន៕
មតិយោបល់