ព័ត៌មានជាតិ

Update៖ កូនបង្កើតទាញដាវសាំម៉ារ៉ៃ ដេញកាប់ម្តាយ ផ្អើលពេញផ្លូវ៣៧១

ភ្នំពេញៈ សង្ស័យបែកថ្នាំ យុវជនម្នាក់បានទាញដាវ ដេញកាប់ម្តាយបង្កើតខ្លួនឯង ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវ៣៧១ក្នុងផ្ទះម៉ាស្សាមួយកន្លែង ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជយ័។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ បានជិះម៉ូតូជាមួយបក្ខពួក២នាក់ផ្សេងទៀត ឈប់ម៉ូតូមុខផ្ទះ មួយសន្ទុះក្រោយមក ក៏ឃើញជនដៃដល់កាន់ដាវសាំម៉ារ៉ៃ អូសដៃស្ត្រីជាម្តាយចេញមកក្រៅ ហើយភ្ជង់ដាវជាប់ក បម្រុងនិងចាក់សម្លាប់ បន្ទាប់ពីទារលុយម្តាយខ្លួនទៅទិញថ្នាំញៀនជក់មិនបាន។

ភ្លាមៗផងដែរស្រ្តី ជាម្តាយបានព្យាយាមរត់គេចពីកណ្តាប់ដៃកូនរបស់គាត់ ហើយក៏បានរត់ចូលផ្ទះម៉ាស្សា ដើម្បីឲ្យគេជួយ តែទោះជាយ៉ាងណាជនដៃដល់ បានចូលទៅតាម ហើយទាញដៃម្ដាយបម្រុងកាប់សម្លាប់ ប៉ុន្តែសំណាងល្អ កម្លាំងអាវុធហត្ថ សហការជាមួយនគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលបឹងទំពុន២ បានចុះជួយអន្តរាគមន៏ រំដោះស្ត្រីដែលជាម្តាយចេញពីកណ្តាប់ដៃជនដៃដល់ខាងលើ បានដោយសុវត្ថិភាព។

ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ វាយខ្នោះយកទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនិតិវិធិ៕

មតិយោបល់