គ្មានអ្នកណាមិនស្គាល់ពីកេរ្តិឈ្មោះល្បីល្បាញរបស់តារាសម្ដែងជើងចាស់ អ្នកនាង បូនីតា ដាដេណា នោះទេ ដោយសារតែអ្នកនាងត្រូវគេស្គាល់ថាជាផលិតករផង ជាអ្នកនិពន្ធផង និងជាតារាសម្ដែងផង ដោយអ្នកនាងមានស្នាដៃសម្ដែងជាតួឯករាប់មិនអស់ ជាពិសេសក្នុងតំណែងជាតួនាងអាប និងធ្មប់ជាដើម។ អ្នកនាងធ្លាប់បានប្រកាសថានឹងបោះបង់សិល្បៈសម្ដែងហើយ អ៊ីចឹងហើយទើបម្នាក់ៗសម្ដែងការភ្ញាក់ផ្អើលនៅពេលដែលអ្នកនាងស្រាប់តែត្រលប់មកវិញ ហើយបង្ហាញខ្លួនក្នុងតំណែងជាតួឯកមិនចាញ់កាលពីជំហាន់ក្មេងដដែល។
អ្នកនាង បូនីតា ដាដេណា បានថ្លែងបញ្ជាក់ថា ការពិតអ្នកនាងបានសម្រេចចិត្តបញ្ចប់ជីវិតជាតារាសម្ដែងរបស់ខ្លួនតាំងពីជាង៧ឆ្នាំមុនម្ល៉េះ ដោយសារតែអ្នកនាងហត់ផង នឿយផង និងដោយសារតែស្វាមីរបស់អ្នកនាងដែលជាអ្នកជំនួញ និងជាសេដ្ឋីនៅអារ៉ាប់ មិនចង់អោយអ្នកនាងបន្តប្រឡូកការងារសម្ដែង។ យ៉ាងណាមិញ អ្នកនាងនៅតែស្ដាយសាច់រឿងដែលបាននិពន្ធ ទើបអ្នកនាងសម្រេចចិត្តចេញសម្ដែងជាតួឯកមួយរឿងទៀតក្នុងរឿង«ម្ចាស់ទាយាទ»ដោយអ្នកនាងត្រូវសម្ដែងជាធ្មប់កាចសាហាវ ហើយខ្វេះ និង ស៊ីពោះវៀនមនុស្ស ដូចគ្នានឹងអ្នកនាងធ្លាប់បានសម្ដែងជាអាបក្នុងភាពយន្តកន្លងមក។ អ្នកនាងថាការសម្ដេចចិត្តបង្ហាញខ្លួនក្នុងរឿងនេះ គឺដើម្បីបញ្ចប់ការសម្ដែងលើកក្រោយ និងដោយសារតែអ្នកនាងស្រឡាញ់សាច់រឿងដែលបានតាក់តែងនោះពេក ទើបអ្នកនាងសុខចិត្តបោះទុនផលិត ហើយសម្ដែងដោយខ្លួនជាថ្មី។ អ្នកនាងបន្តថាក្នុងពេលបន្តបន្ទាប់ បើទោះជាអ្នកនាងបន្តផលិតភាពបែបនេះទៀត ក៏អ្នកនាងមិនសម្ដែងខ្លួនឯងទៀតដែរ ដោយផ្ដល់ឱកាសទុកអោយតារាសម្ដែងជំនាន់បានសាងស្នាដៃវិញម្ដង។ អ្នកនាងសម្ដែងការភ្ញាក់ផ្អើល ដែលអ្នកនាងបាត់មុខពីសិល្បៈច្រើនឆ្នាំ ប៉ុន្តែក្រោយពេលត្រលប់មកវិញ គឺតារាសម្ដែងថ្មីៗ ជាពិសេសផលិតករជើងចាស់ នៅតែស្វាគមន៍អ្នកនាង និងគាំទ្រការសម្ដែងចុងក្រោយរបស់ខ្លួន។ ប៉ុន្តែនៅក្នុងកាលៈទេសៈ ដែលមានសាច់រឿងណាត្រូវចិត្ត ក៏អ្នកនាងនឹងសម្ដែងដោយខុសពីជំហរផងដែរ ដោយសារតែអ្នកនាងក៏មិនទាន់ដាច់អាល័យទាំងស្រុងពីការសម្ដែង។
អ្នកនាង បូនីតា ដាដេណា បង្ហើបថាមួយរឿង«ម្ចាស់ទាយាទ» ដែលប្រកាសដាក់បញ្ចាំងគ្រប់រោងចាប់ពីថ្ងៃទី២ សីហា នេះ គឺអ្នកនាងចំណាយអស់ច្រើន ដោយអ្នកនាងមិនខ្វល់ពីទំហំជោគជ័យ ឬមិនជោគជ័យនោះទេ ប៉ុន្តែអ្វីដែលអ្នកនាងចង់បាន គឺចង់បង្ហាញស្នាដៃចុងក្រោយក្រោយបាត់មុខអស់ជាង៧ឆ្នាំ និងចង់បង្ហាញថាអ្នកនាងនៅតែជាតារាជើងចាស់មួយរូប ដែលមានឆន្ទៈចង់បន្តលើកស្ទួយវិស័យភាពយន្តខ្មែរ ជាពិសេសគឺភាពយន្តបុរាណ និងខ្មោចភ័យរន្ធត់៕
មតិយោបល់