ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស កាន់តែជោគជ័យក្នុងមុខជំនួញ

កាលពីថ្ងៃទី ៤ ខែ សីហា កន្លងទៅ តារាសម្ដែងវ័យក្មេង អ្នកនាង ភិន សុដាលីស បានបើសម្ពោធសាកល្បងនូវអាជីវកម្មេរបស់ខ្លួនដល់ទៅពីរព្រមគ្នាតែម្ដង ដែលបង្ហាញយ៉ាងច្បាស់ថាអ្នកនាងកំពុងក្លាយជាតារាមួយរូប ដែលជោគជ័យក្នុងមាគ៌ាមុខជំនួញ។ អ្នកនាងត្រូវគេឃើញបើកសម្ពោធហាង«កាទី ខននើ» សាខាសែនសុខ (Katy Korner) ផង និងហាងលក់ ផលិតផលអនឡាញ ដែលមានឈ្មោះថា «ចង់ស្អាត (Jong Sa art)»។

នេះមិនមែនជាហាងទីមួយរបស់តារាស្រីរូបនេះ បើកសម្ពោធនោះទេ ដោយសារតែពេលកន្លងមក អ្នកនាង ភិន សុដាលីស ក៏ធ្លាប់បង្ហាញអោយឃើញនូវមុខជំនួញដូចគ្នាជាសាខាទី១ទ្រង់ទ្រាយធំម្ដងដែរ កាលពីឆ្នាំ 2017 បន្ទាប់ពីអ្នកនាងចាប់ផ្ដើមអាជីវកម្មអនឡានលើកដំបូងកាលពីឆ្នាំ2012។ អ្នកនាងបានធ្វើអោយស្រទាប់យុវវ័យ ក្លាយខ្លួនជាអតិថិជនក្នុងអាជីវកម្មរបស់ខ្លួនដោយមិនខ្លួន តាមរយៈការការគាំទ្រយ៉ាងលើសលប់ជាមួយនឹងផលិតផលរោមភ្នែក និងកញ្ចក់ភ្នែកយ៉ាងពេញនិយម ដែលបានចរាចរណ៍ក្នុងហាង Katy Korner ដែលអ្នកនាងបាននាំចូលផ្ដាច់មុខ។ ជាមួយនឹងជោគជ័យនេះ អ្នកនាងបានសម្រេចចិត្តបើកហាង ចង់ស្អាត Jong Sa Art មួយបន្ថែមទៀត ដោយនេះគឺជាអាជីវកម្មលក់ដូរគ្រឿងសម្អាង ដែលអ្នកនាងប្រកាសថានឹងទទួលបានជោគជ័យដោយការរំពឹងខ្ពស់។ អ្នកនាងថា គ្រឿងសម្អាងច្រើនប្រភេទត្រូវបាននាំចូល ដែលក្នុងនោះក៏មានការចុះបញ្ជីការត្រឹមត្រូវ នូវគ្រប់ផលិតផលដែលអ្នកនាងធ្វើការផ្ដាច់មុខមកផងដែរ។

ក្នុងនោះអ្នកនាងក៏បាន សហការជាមួយ ក្រុមហ៊ុននាំចូលផលិតផល អិន អេ ព្រីមិច (N.A Brimex) ផងដែរ មុននឹងសម្រេចចិត្តបោះទុនបើកហាងលក់គ្រឿងសម្អាងដែលភាគច្រើនជាទំនិញមកពី ថៃ កូរ៉េ ម៉ាឡេស៊ី ទ្វីអ៊ឺរ៉ុប និង ប្រទេសជាច្រើននេះ។

ភិន សុដាលីស និយាយថាអ្នកនាងសម្រេចចិត្តបើកសាខាថ្មី និងហាងថ្មីមួយបន្ថែមទៀត គឺដោយសារតែអ្នកនាងសិក្សាទីផ្សារច្បាស់លាស់ និងមានក្រុមការងារធ្វើអោយមុខជំនួញរបស់ខ្លួនទទួលជោគជ័យ ដោយមិនមែនជាបោះទុនប្រថុយប្រថាននោះឡើយ។

អ្នកនាងក៏គម្រោងនឹងបង្ហាញនូវសក្កានុពលទីផ្សាររបស់ខ្លួន អោយទទួលបានការគាំទ្រពេញ២៥ខេត្តក្រុង ដើម្បីប្រកួតប្រជែងផងដែរ ដោយសារតែអ្នកនាងមានទំនុកចិត្តលើផលិតផលរបស់ខ្លួន ជាពិសេសផលិតករកញ្ចក់ភ្នែក រោមភ្នែក និងគ្រឿងសម្អាងដែលខ្លួននាំចូលផ្ដាច់មុខ។

អ្នកនាងប្រកាសថាគុណភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការធ្វើជំនួញកន្លងមក គឺជាអ្វីដែលធ្វើអោយអ្នកនាងមិនខ្លាចក្នុងការបោះទុន ខណៈដែលវត្តមានហាងទាំង២ដែលទើបដំណើរការបន្ថែម នឹងមិនមែនជាអាជីវកម្មចុងក្រោយរបស់ខ្លួនឡើយ បន្ថែមពីការងារជាតារាសម្ដែង និងជាផលិតករកុនមួយរូបនៅក្នុងផលិតកម្មមហាហង្ស៕

មតិយោបល់