ព័ត៌មានអន្តរជាតិ

អឺរ៉ុប ប្តេជ្ញារក្សាកិច្ចព្រមព្រៀងអ៊ីរ៉ង់ ខណៈទណ្ឌកម្មអាមេរិកចូលជាធរមានជាថ្មី

EU: មន្ត្រីការទូតជាន់ខ្ពស់អឺរ៉ុប បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុជាតិ ជាមួយអ៊ីរ៉ង់ ខណ:ដែលលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីបើកផ្លូវ សម្រាប់ការវិលត្រឡប់មកវិញ នូវការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងតេអេរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទលោក Federica Mogherini ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប រួមទាំងរដ្ឋមន្រ្តីការបរទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស បាននិយាយថា ភាគីដែលនៅសេសសល់ ក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០១៥ នឹងរក្សាចរន្តហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដើម្បីបន្តធានាការនាំចេញប្រេង និងឧស្ម័ន ជាមួយអ៊ីរ៉ង់ដូចមុនដដែល។

ដោយលោក Mogherini បាននិយាយថា «យើងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មឡើងវិញ ពីសំណាក់រដ្ឋបាលអាមេរិកលោក ត្រាំ ដែលបានដកខ្លួនចេញពីផែនការសកម្មភាពរួមគ្នា (JCPOA) កាលពីខែឧសភាកន្លងទៅ។

ក្នុងនោះលោកបានបញ្ជាក់ថា «ការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ គឺជាការគោរពនូវកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីជាផលប្រយោជន៍សន្តិសុខអន្តរជាតិ»៕

មតិយោបល់