កាលពីយប់ថ្ងៃទី៧ សីហា គេឃើញតារាចម្រៀងល្បីល្បាញ លោក សុះ ម៉ាច បង្ហាញមុខក្នុងពិធីជប់លៀងបើកសម្ពោធហាងផឹកស៊ី ដែលជាប្រភេទបា និងតន្ត្រីពេលយប់មួយកន្លែង ស្ថិតនៅខាងត្បូងអង់តែនទួលគោក ជាប់នឹងស្ថានីយចាក់សាំងPTT ដោយលោកត្រូវគេដឹងថាមិនខុសពីម្ចាស់ហាងនោះឡើយ។
យ៉ាងណាមិញ បានសារភាពថាខ្លួនមិនមែនជាម្ចាស់ផ្ដាច់មុខនោះទេ គឺគ្រាន់តែមានភាគហ៊ុនក្នុងនាមជាម្ចាស់ប៉ុណ្ណោះ។
លោក សុះ ម៉ាច ថ្លែងថា ហេតុផលដែលលោកសម្រេចចិត្តបោះទុនជាថ្មីជាមួយនឹងហាងផឹកស៊ី និងបារតន្ត្រីនេះ គឺដោយសារតែលោកចង់សាកល្បងចូលហ៊ុនជាមួយមិត្តភ័ក្រ្តជាថ្មី និងដោយសារតែមានការបបួលពីមិត្តភ័ក្ដខ្លាំងពេក។
ម្យ៉ាងមកពីលោកចង់រួមចំណែកជួយដល់សិល្បករជើងចាស់ដែលគ្មានការងារនោះផង ទើបលោកសម្រេចចិត្តរកស៊ីមុខជំនួញនេះម្ដងទៀត បន្ទាប់ពីពេលកន្លងទៅលោកក៏ធ្លាប់ដាក់ហ៊ុនបើកជំនួញបែបនេះដែរ តែមិនសូវកាក់កប។ លោកថាហាងដែលខ្លួនចូលហ៊ុនដំណើរការមានឈ្មោះថា«Black Factory» ដោយជាប្រភេទដូចបារបារាំង និងជាតន្ត្រី ហើយលោកសម្រេចចិត្តប្រើយុទ្ធសាស្រ្ត យកតែអ្នកចម្រៀងដែលអាចច្រៀងបទពីដើមៗអោយច្រៀងសុទ្ធសាធ ដើម្បីលើកស្ទួយសិល្បករជើងចាស់ដែលបាត់បង់ការងារអោយមានសកម្មភាពឡើងវិញ។ លោកថាខ្លួនសម្រេចចិត្តប្រមូលយកតារាចាស់ៗ ដែលបាត់បង់ការងារមួយចំនួនអោយមានការងារច្រៀងនៅទីនោះ ដោយក្នុងនោះរួមមានអ្នកនាងគីង សូរិយា អ្នកស្រីឆោម ឆវិន និងលោកឈឿន ឧត្តម ជាដើម ដែលលោកប្រកាសថាបើការដាក់ហ៊ុនបើកជំនួញលើកនេះ មិនបានផលចំណេញ ក៏ចាត់ទុកថាបានរួមចំណែកជួយដល់សិល្បករទាំងនោះផងដែរ។
ក្នុងនោះលោកក៏នឹងផ្ដល់ឱកាសអោយតារាចម្រៀងក្មេងៗ ដែលអាចបកស្រាយបទចម្រៀងពីជំនាន់ដើមបានល្អអោយមកច្រៀងជាប្រចាំនៅក្នុងបាររបស់ខ្លួនផងដែរ។
លោកសុះ ម៉ាច បន្តថា ក្រោយសម្រេចចិត្តដាក់ហ៊ុនបើកហាងមួយនេះ លោកនឹងចំណាយពេលច្រើនក្នុងការគ្រប់គ្រង និងធ្វើអោយហាងមានចរន្តឈានឡើង ប៉ុន្តែលោកមិនបោះបង់ការងារសង្គម និងការងារសិល្បៈ ដែលលោកស្រឡាញ់ពេញចិត្តនោះទេ ខណៈដែលការងារជាអ្នកបង្វឹកច្រៀងប្រចាំនៅក្នុងក្លិបមួយនៅម្ដុំទួលគោក គឺរឹតតែមិនបោះបង់៕
មតិយោបល់