ព័ត៌មានជាតិ

ជនឆបោកម៉ូតូគេចខ្លួនបានជិត២ខែ ត្រូវម្ចាស់ប្រទះឃើញ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកម៉ូតូ១គ្រឿង ពីបុរសម្នាក់បន្ទាប់មកបានគេចខ្លួនបាត់ ដោយម្ចាស់បាន តាមរកគ្រប់ទីកន្លែង ប៉ុន្តែសូម្បីតែស្រមោលក៏មិនឃើញដែរ ។ លុះរយៈពេលជិត២ខែ នៅវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្រាប់តែប្រទះឃើញជនសង្ស័យ នៅម្ដុំរោងចក្រកាត់ដេរសន់ស្កាយ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក៏បានដេញតាមចាប់ខ្លួនបាន ហើយប្រគល់ជូននគរបាល យកទៅសួរនាំ និងចាត់ការតាមច្បាប់តែម្ដង។

ជនសង្ស័យឈ្មោះ ស៊ាន ភារម្យ អាយុ៣៤ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដូនវាល ឃុំឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែងនិងស្នាក់នៅ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពឆបោកយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខព្រៃវែង1H-4305
ជាកម្នសិទ្ធិរបស់បុរសម្នាក់ឈ្មោះប៉ុន រ៉ានី ២៧ឆ្នាំ មុខរត់ឌុបស្នាក់នៅជិតវត្តតាំងកសាង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត័មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកម៉ូតូ ពីជនរងគ្រោះដោយប្រើល្បិចថា ខ្ចីម៉ូតូជិះទៅដឹកប្រពន្ធមួយភ្លែត រួចក៏ជិះយកទៅបាត់រហូតតែម្ដង។

ពេលនោះជនរងគ្រោះខលទៅ ជនសង្ស័យបានបិទទូរស័ព្ទ ហើយជនរងគ្រោះ បានដើរកជសង្ស័យគ្រប់ទីកន្លែង ប៉ុន្តែមិនឃើញឡើយ។ លុះមកដល់វេលាព្រឹកថ្ងៃទី៨ ខែសីហា ទើបប្រទះឃើញជននេះ នៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ក៏ដេញតាមចាប់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ ចាត់ការតាមច្បាប់តែម្ដង៕

មតិយោបល់