តាំងពីបានក្លាយខ្លួនជាតារាកំប្លែងល្បីល្បាញក្នុងពិភពសិល្បៈ កញ្ញា យ៉េយ៉េ រមែងបដិសេធមិនទទួលសម្ដែងភាពយន្តនោះឡើយ ជាពិសេសភាពយន្តខ្នាតធំ ដោយនាងបានទាំងសារភាពថាបានច្រានចោលកុងត្រាភាពយន្តមិនតិចជាង៥រឿងតាំងពីដើមឆ្នាំ២០១៨នោះផង ខណៈដែលគេយល់ថាជំហរនាង នឹងអាចប៉ះពាល់។ យ៉ាងណាមិញ នាងបែរជាសម្រេចចិត្តកុងត្រាជាមួយផលិតកម្មអិលឌី ដោយយល់ព្រមសម្ដែងក្នុងភាពយន្តរឿង ឯណាខ្មោច ក្នុងពេលដែលនាងយល់ថា ទោះជាខ្លួនប្រកាន់ជំហរមិនទទួលត្រីតូច ប៉ុន្តែត្រីធំគឺនៅរត់ចូល។
កញ្ញា យ៉េយ៉េ បានថ្លែងបញ្ជាក់ថា មិនមែននាងវាយរឹកឆ្មើងឆ្មៃ មិនចង់សម្ដែងភាពយន្តតាមសំណើររបស់ផលិតករនោះទេ ប៉ុន្តែបណ្ដាលមកពីផលិតករភាពយន្តភាគច្រើនរមែងអោយនូវតម្លៃខ្លួនថោកៗ គឺដូចតែតម្លៃខ្លួនដែលធ្លាប់អោយនាងកាលពីពេលមិនទាន់ល្បី ទើបនាងមិនអាចទទួលសម្ដែងបាន។ កញ្ញាទទួលស្គាល់ថាក្នុងពេលមិនទាន់ល្បី កញ្ញាពិតជាទទួលសម្ដែងភាពយន្តថោកៗ ដើម្បីអោយមានកេរ្តិ៍ឈ្មោះ ប៉ុន្តែក្រោយពេលដែលនាងចាប់ផ្ដើមមានសន្ទុះរយៈពេលចុងក្រោយមកហើយ ហើយនៅតែបន្តផ្ដល់តម្លៃអោយនាងនូវតម្លៃជួយៗនោះទេ តើនាងត្រូវបន្តជួយទៀតនោះទេ បើនាងក៏រវល់ដកឃ្លាមិនរួចមិនខុសគ្នា។ នាងនិយាយថា«ខ្ញុំអត់ទទួលថតភាពយន្តច្រើនណាស់មួយរយៈហ្នឹង គឺសឹងតែ៥-៦រឿងតែម្ដង ដោយសារតែកាលលើកមុនយើងជិះម៉ូតូឌុបគាត់អោយតម្លៃយើងប៉ុណ្ណឹង ដល់លូវយើងឡើងប៉ុណ្ណឹងហើយ នៅតែអោយប៉ុណ្ណឹងទៀត តើយើងទៅថតបានយ៉ាងម៉េច បើសឹងតែចាក់សាំងឡានមិនគ្រាន់ ហើយទិញតែខោអាវថតអោយគាត់មិនចង់គ្រាន់ចឹង!»។
កញ្ញាបានទាំងចាត់ទុកថាការសម្រេចចិត្តមិនទទួលថតភាពយន្តក្នុងតម្លៃថោកៗដូចមុន បានជួយអោយកញ្ញាបានតំណែងល្អក្នុងភាពយន្ត និងបានតម្លៃខ្លួនខ្ពស់ នៅពេលផលិតករត្រូវការនោះផង ក្នុងពេលដែលនាងបញ្ជាក់ថាខ្លួនសម្រេចចិត្តទទួលថតរឿងឯណាខ្មោច របស់ផលិតកម្មអិលឌី គឺបានទទួលលក្ខខណ្ឌខុសពីមុន។
កញ្ញា យ៉េយ៉េ បន្តថា នាងសម្រេចចិត្តកុងត្រាជាមួយផលិតកម្មអិលឌី គឺដោយសារតែផលិតករអោយនាងសម្ដែងជាតួឯកក្នុងចំណោមតួឯក៥រូប ដែលជាតួអង្គសំខាន់ក្នុងរឿង ហើយបើនិយាយពីតម្លៃខ្លួនក៏បានខ្ពស់តាមការពេញចិត្តដែលធ្វើអោយនាងយល់ថាសាកសម។
អ្វីដែលសំខាន់គឺនាងបានតំណែងជានិស្សិតពេទ្យក្នុងរឿង និងបានសម្ដែងត្រូវតាមចរិតរបស់ខ្លួន ដែលនាងយល់ថាមួយរឿងដែលនាងទទួលសម្ដែង នឹងធ្វើអោយខ្លួនឡើងកូដ។ យ៉ាងណាមិញ នាងថាបើសំដៅអោយនាងទទួលថតរហូតដល់ប៉ះពាល់នឹងអាជីពកំប្លែងតាមប៉ុស្ដិ៍ទូរទស្សន៍រាល់ថ្ងៃ ក៏នាងមិនទទួលនោះដែរ ទើបនាងយល់ថាភាពយន្តរឿង ឯណាខ្មោច គឺជារឿងមួយថ្មី ដែលនាងទទួលថតក្រោយពេលឡើងកូដ ក្នុងពេលដែលនាងរវល់ដកឃ្លាមិនរួចនៅក្នុងអាជីពកំប្លែងនាពេលនេះ៕
មតិយោបល់