ពិតជាមិនគួរអោយជឿ ដែលបណ្ឌិតព្យាណូវ័យក្មេង លោក សូ ស្រណោះ ស្រាប់តែបានប្រកាសថា តន្ត្រី និងព្យាណូ មិនមែនទាល់តែកុមារាកុមារី ឬមនុស្សពេញវ័យទើបហាត់រៀនបាននោះទេ ប៉ុន្តែទារកចាប់ពីវ័យ២ឆ្នាំឡើងទៅ សុទ្ធតែគួរតែហាត់រៀន ដើម្បីទទួលបាននូវផលប្រយោជន៍ក្នុងជីវិត។
លោកបានថ្លែងបែបនេះ ក្នុងឱកាសប្រគំតន្ត្រីឩបករណ៍ព្យាណូប្រចាំសាលា កាលពីល្ងាចថ្ងៃទី១២ សីហា ដោយបានទាំងប្រកាសបើកថ្នាក់ទទួលបង្ហាត់តន្ត្រីដល់ទារកចាប់ពីអាយុ២ខែ ដល់២ឆ្នាំ ដែលជាថ្នាក់បង្រៀនតន្ត្រីដ៏កម្រនៅក្នុងប្រទេសកម្ពុជានោះផង។
លោក សូ ស្រណោះ និយាយថា ទារកដែលមានអាយុចាប់ពី២ខែឡើងទៅ គឺល្អបំផុតសម្រាប់ការហាត់រៀនតន្ត្រី អ៊ីចឹងហើយទើបលោកសម្រេចបើកថ្នាក់ទទួលទារកចាប់ពីវ័យ២ខែរហូតដល់២ឆ្នាំ អោយចូលរៀនតន្ត្រី បន្ទាប់ពីលោកសិក្សាស្វែងយល់ ហើយមានការគាំទ្រ។
ផ្អែកតាមការសិក្សាថាលោកទារកតូចៗ បើបានទទួលការបង្វឹកលើផ្នែកតន្ត្រី នឹងធ្វើអោយគេពួកគេ មិនសូវឆេវឆាវ និងមិនសូវយំច្រើន ដែលធ្វើអោយក្មេងច្រើននឹងក្លាយជាក្មេងចិត្តធ្ងន់ ហើយមិនសូវមានស្ថានភាពអន់ចិត្ត ឬខឹងច្រើននោះទេ។
លោកថាលទ្ធផលដែលបានស្ដែងឡើងពីអ្នកឯកទេសខាងផ្នែកតន្ត្រី គឺក្មេងដែលទទួលការបង្វឹកផ្នែកតន្ត្រីតាំងពីវ័យ២ខែ និងមិនបានទទួលការសិក្សា គឺមានចរឹតខុសគ្នាក្នុងពេលដឹងក្ដៅ ដោយក្មេងដែលបានទទួលការសិក្សាខាងផ្នែកតន្ត្រី មានទឹកចិត្តទន់ភ្លន់ជាង និងមានចរឹកធន់ក្នុងការអត់ធ្មត់ជាង ដោយសារតែពួកគេបានទទួលការបង្វឹកខាងផ្នែកខួរក្បាល ព្រោះតែមានការកម្សាន្តខាងតន្ត្រីតាំងពីតូច។ លោកថាទារកដែលសាលាស្រណោះតន្ត្រី ប្រកាសទទួលអោយសិក្សាតន្ត្រី គឺលោកកំណត់អោយសិក្សាជាមួយសាស្រ្តាចារ្យផ្នែកតន្ត្រីជនជាតិអាមេរិកមកពីអាមេរិកតែម្ដង ដើម្បីអោយក្មេងទាំងនោះក្រៅពីទទួលបានចំណេះដឹងផ្នែកតន្ត្រី ក៏ទទួលបានចំណេះដឹងភាសាផងដែរ ដែលនឹងងាយធ្វើអោយក្មេងទាំងនោះកាន់តែចាប់បានតុងអង់គ្លេសតាមបែបអាមេរិក។ លោកថាដំណើរការបើកវគ្គសិក្សានេះ នឹងចាប់ផ្ដើមពីថ្ងៃប្រកាសជូនដំណឹងតទៅ ដោយក្នុងមួយសប្ដាហ៍នឹងមានសិក្សា៤ថ្ងៃ ហើយក្នុងមួយម៉ោងគឺតែ៥ដុល្លារប៉ុណ្ណោះ និងអាចជ្រើសរៀនតែប៉ុន្មានថ្ងៃក៏បានអាស្រ័យតាមការចង់ បើទោះជាការសិក្សានោះ គឺបានសិក្សាពីរបៀបលេងតន្ត្រី ពីអត្ថន័យតន្ត្រី និងបានសិក្សាជាមួយគ្រូជំនាញជនជាតិអាមេរិក។ ការសម្រេចបើកវគ្គសិក្សាសម្រាប់ទារកនេះ គឺបន្ទាប់ពីលោកសាកល្បងបើកវគ្គសិក្សា ហើយមានទារកតូចៗជាជនបរទេសប្រមាណ៥០រូប បានចុះឈ្មោះសិក្សាប្រមាណជា២ខែមកហើយ ដែលធ្វើអោយលោកសម្រេចចិត្តបើកទទួលទារកជាជនជាតិខ្មែរតែម្ដង ដើម្បីអោយទារកតូចៗជាជនជាតិខ្មែរ បានទទួលនូវអត្ថប្រយោជន៍នេះ។
លោកសូ ស្រណោះ និយាយថាមកទល់ពេលនេះ មានទារកខ្មែរអាយុចន្លោះពី៦ខែ និង២ឆ្នាំមួយចំនួនចុះឈ្មោះសិក្សា ដោយលោករំពឹងថានឹងមានច្រើននាក់ ប៉ុន្តែក៏មិនទទួលច្រើននោះដែរ ដោយក្នុងមួយម៉ោងសិក្សានឹងកំណត់ត្រឹមតែ១០ទារកប៉ុណ្ណោះ ដើម្បីអោយគ្រូបង្វឹកដែលជាអ្នកជំនាញតន្ត្រី ងាយស្រួលក្នុងសិក្សា។
ក្នុងនោះលោកក៏បានបង្ហើបអោយដឹងពីការឈានឡើងនូវជំនាញតន្ត្រីនៅក្នុងប្រទេសកម្ពុជា ដោយសារតែក្នុងមួយរយៈចុងក្រោយ កាន់តែមានកូនសិស្សច្រើនឡើងចូលរៀនជំនាញតន្ត្រី និងព្យាណូនៅសាលាស្រណោះតន្ត្រី៕
មតិយោបល់