ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្រាំបានក្លាយជាម្ចាស់បទ«ជឿជាក់! ជោគជ័យ»ដ៏កក្រើកក្នុងពិភពកីឡា តារាចម្រៀង២រូបនេះ ពិបាកដល់ម្លឹង

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបទ«ជឿជាក់! ជោគជ័យ» ដែលជាបទលើកកម្ពស់ក្នុងវិស័យកីឡា ដែលពោរពេញដោយអត្ថន័យ ត្រូវបានបង្ហោះឡើង ហើយឃើញសុទ្ធតែកីឡាករជម្រើសជាតិល្បីៗចែកចាយ និងមានអ្នកចូលទស្សនាច្រើននៅលើយូធូប។

ចម្រៀងមួយបទនេះ បុកត្រូវអារម្មណ៍កីឡាករកីឡាការិនី និងអ្នកស្នេហាវិស័យកីឡាយ៉ាងខ្លាំង ខណៈដែលតារាចម្រៀង២រូប ដែលត្រូវបានជ្រើសឲ្យក្លាយជាម្ចាស់បទ ក៏ត្រូវបានបញ្ជាក់ថា ទាមទារឲ្យមានគុណសម្បត្តិពិសេសមួយ ទម្រាំតែបានចម្រៀងនេះច្រៀងផ្លូវការ។

លោក ឆាយ វណ្ណៈ អ្នកដឹកនាំផលិត និងជាម្ចាស់ផលិតកម្មអាំណាតមេឌា បានថ្លែងបញ្ជាក់ថា លោកបានសម្រេចចិត្តធ្វើបទ Original មួយនេះ គឺដោយសារតែលោកកត់សម្គាល់ថា អ្នកធ្វើបទចម្រៀងភាគច្រើន ផ្ដោតតែលើអត្ថន័យស្នេហា និងមិនសូវជាមានបទច្រើនដែលផ្ដល់គុណប្រយោជន៍ សម្រាប់សង្គម ជាពិសេសគឺបទដែលមានអត្ថន័យជាលក្ខណៈកីឡាករជាតិ គឺមិនសូវមានច្រើន។ លោកថាបទចម្រៀង«ជឿជាក់! ជោគជ័យ» មិនមែនសំដៅតែលើអ្នកលេងកីឡាប៉ុណ្ណោះទេ តែអត្ថន័យបទនេះ ក៏មានន័យដុតកម្ដៅមនុស្សក្នុងសង្គមទូទៅ ឲ្យមានកម្លាំងចិត្ត នឹងមានជំនឿចិត្តលើខ្លួនឯងផងដែរ ដើម្បីឈានទៅសម្រេចកិច្ចការមួយ ដោយជោគជ័យ។ MV មួយបទនេះ លោកបានប្រមូលផ្ដុំសុទ្ធតែកីឡាករ ជម្រើសជាតិគ្រប់ផ្នែកល្បីឈ្មោះឲ្យមកសម្ដែងតែម្ដង ទើបគ្រាន់តែបានបង្ហោះមិនដល់ប៉ុន្មានម៉ោងផង ក៏មានអ្នកចែកចាយ និងចូលទស្សនាច្រើន។

លក្ខណៈពិសេសរបស់បទនេះ សូម្បីតែអ្នកចម្រៀងក៏ត្រូវបានជម្រើសយ៉ាងលំបាកផងដែរ ដោយលោកបញ្ជាក់ថាតារាចម្រៀងកុងត្រា របស់ផលិតកម្មអាំណាតមេឌាច្រើននាក់ មិនត្រូវបានជាប់ជម្រើសនោះទេ ដោយជាប់តារាចម្រៀងនៅខាងក្រៅផលិតកម្ម ឲ្យមកធ្វើជាម្ចាស់បទទៅវិញ។ លោកថាមួយបទ «ជឿជាក់! ជោគជ័យ»នេះ បកស្រាយដោយតារាចម្រៀង លោក សាល បាទី អតីតបេក្ខភាពប្រលងចម្រៀងក្នុងកម្មវិធីពេជ្រកំពុងច្នៃ និងលោក ប្រុសម៉ៅ ដែលជាតារាចម្រៀងកុងត្រា និងជាអ្នកនិពន្ធប្រចាំផលិតកម្ម ដែលធ្លាប់មានឈ្មោះបោះសំទ្បេងក្នុងបទ«ក្មេងឌឺ»នៅលើយូធូប។

លោកអះអាងថា តារាចម្រៀងច្រើននាក់ ត្រូវបានជម្រើសឲ្យមកថតបទនេះម្ដងហើយម្ដងទៀត ប៉ុន្តែចុងក្រោយលោក ក៏ពេញចិត្តសំឡេងរបស់ លោក សាល បាទី និង តារាចម្រៀងប្រុសម៉ៅ ដោយសារតែតារាចម្រៀងទាំងពីរ មានសំឡេងប្រកបដោយភាពមាំមួន ដោយស្ដាប់ហើយគឺមានបែបបទប្រកបការផ្ដល់កម្លាំងចិត្តដល់អ្នកស្ដាប់ ជាពិសេសគឺកីឡាករតែម្ដង។

អ៊ីចឹងហើយទើបលោកសម្រេចមិនយកតារាចម្រៀងជាខ្សែរយៈ ឬល្បីស្រាប់យកធ្វើជាម្ចាស់បទនោះទេ ដោយសម្រេចយកតារាចម្រៀងទាំង២តែម្ដង ហើយឃើញថាមានការគាំទ្រខ្លាំង នៅពេលបទចម្រៀងមានអត្ថន័យជាតិមួយនេះចេញបង្ហោះ៕

មតិយោបល់