អ្នកសិល្បៈ និងមហាជនច្រើននាក់បានដឹងត្រឹមតែថា តារាសម្ដែង លោក ភុល សុវណ្ណដានីន គឺជាតួកាចចិត្តអាក្រក់លេចធ្លោមួយរូបនៅក្នុងភាពយន្តប៉ុណ្ណោះ តែគេមិនបានដឹងថាតារារូបនេះ គឺជាមន្ត្រីរាជការយ៉ាងកាលីបនៅក្នុងក្រសួងមហាផ្ទៃឡើយ។ លោកត្រូវគេឃើញប្រកាសឡើងតំណែងមុននេះ ទើបធ្វើអោយម្នាក់ៗលាន់មាត់ថា ទាល់តែបានឡើងតំណែងក្នុងក្រសួងទើបដឹងថា លូយដល់ម្លឹង សម្រាប់ការងារនៅក្រៅសិល្បៈ ដែលនេះក៍ជាការលាងជម្រះថា លោកស្លៀកពាក់ជាមន្ត្រីប៉ូលីសបង្ហោះលើគណនីផ្ទាល់ខ្លួនកន្លងមក មិនមែនជាឈុតថតកុន។
តំណែងដែល លោក ភុល សុវណ្ណដានីន បានទទួលក្ដៅៗនោះ គឺត្រូវបានដំឡើងជានាយផ្នែកប្រចាំនៅក្នុងរដ្ឋបាល-សរុប នៃការិយាល័យបណ្ដុះបណ្ដាល ដែលមាននាទីជាអ្នកបណ្ដុះបណ្ដាលមន្ត្រីប៉ូលីសនៅទូទាំងប្រទេស ខាងផ្នែកកម្ចាត់គ្រឿងញៀន ការជួញដូរ និងបញ្ហាព្រហ្មទណ្ឌផ្សេងៗ ដើម្បីបណ្ដុះបណ្ដាលមន្ត្រីបង្គោលក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ។ លោកបានទទួលងារជាអនុសេនីយ៍ឯកស័ក្ដ៣ ដោយតំណែងរបស់លោកត្រូវបានបញ្ជាក់ថាមិនមែនជាការលើកបន្តុបព្រោះតែលោកគឺជាតារាសិល្បៈនោះទេ ប៉ុន្តែគឺជាតំណែងដែលបានពីការតស៊ូបម្រើការនៅក្នុងនាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ តាំងពីឆ្នាំ២០១៤មកម្ល៉េះ គឺបន្ទាប់ពីលោកបានប្រលងជាប់ក្របខណ្ឌ និងទទួលការហ្វឹកហ្វឺនក្លាយជាមន្ត្រីពេញសិទ្ធិប្រចាំក្រសួង។
ជាមួយនឹងការបង្ហោះអោយដឹងពីការឡើងតំណែងក្ដៅៗ អ្នកគាំទ្រជាច្រើន បានសរសើរថា តារាសម្ដែងរូបនេះ គឺជាតារាដែលមានការងាររាជការ និងមុខតំណែងរឹងមាំ ស្របគ្នាដែលកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈរបស់លោកក៏ស្ទុះត្រដែតខ្លាំងនាពេលចុងក្រោយ។
លោកត្រូវគេស្គាល់ខ្លាំងបន្ទាប់ពីបានសម្ដែងក្នុងតំណែងជាតួកាចចិត្តអាក្រក់ និងជាតួបាញ់បោះនាពេលចុងក្រោយ ដោយស្នាដៃដែលផ្ទុះខ្លាំងជាងគេគឺរឿង «មនុស្សឆ្កួត»ដែលបានទទួលជោគជ័យនៅក្នុងរោងកុននាពេលមុននេះ។ លោកបានប្រកាសថាខ្លួនក៏ត្រៀមសម្ដែងនៅក្នុងភាពយន្តធំមួយទៀតរបស់ផលិតកម្មLD ដែរ ដោយលោកនឹងសម្ដែងជាតួអង្គចិត្តអាក្រក់ទៀតហើយ នៅក្នុងភាពយន្តរឿង«កូនក្រក»ដែលនឹងត្រៀមចេញថតឆាប់ៗ។ លោកអះអាងថាការសម្ដែងភាពយន្ត មិនប៉ះពាល់ចំពោះការងារជាមន្ត្រីរាជការរបស់លោកឡើយ ដោយសារតែលោកទទួលសម្ដែងតែក្នុងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងពេលសម្រាក ហើយសម្រាប់ម៉ោងពេល រដ្ឋបាល គឺលោកទៅធ្វើការ និងទៅបេសកកម្មដូចមន្ត្រីទូទៅ៕
មតិយោបល់