Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ឡូយណាស់នៅតែអា...

ឡូយណាស់នៅតែអាមេរិកសោះ! សារ៉ាយ សក្ខណា កើបលុយពីក្នុងស្រុកគ្រប់ច្រក

ទើបតែបានបើកហាងថែរក្សាសម្រស់យីហោ Xeno អស់ទឹកប្រាក់ប្រមាណច្រើនសែនដុល្លារ នៅម្ដុំហាងស៊ុបចាស់ ខាងក្រោយផ្សារទួលគោកសោះ តារាសម្ដែងអ្នកនាង សារ៉ាយ សក្ខណា បានប្រកាសដំណើរការហាងXeno មួយកន្លែងទៀតហើយ នៅម្ដុំខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីថ្ងៃទី១ កញ្ញា មុននេះ ដោយការចំណាយដើមទុនលើហាងថ្មីនេះ ក៏ត្រូវបានទម្លាយអស់ខ្ទង់សែនដុល្លារផងដែរ។ ជាមួយនឹងការបើកហាងបន្ថែមហើយបន្ថែមទៀត ធ្វើឲ្យម្នាក់ៗកោតសរសើរមិនតិចទេ ដែលនាងចេញទៅរស់នៅអាមេរិកទៅហើយ តែនៅតែចុះឡើងមកថតយកលុយ និងបានពង្រីកហាងកើបលុយពាន់ៗដុល្លាររាល់ខែពីទឹកដីកំណើត។

តារាសិល្ប:ស្ទើរគ្រប់មាត់សរសើរថា អ្នកនាង និងស្វាមីពិតជាពូកែពង្រីកលុយកាក់ និងមុខមាត់មែន ដោយសារតែក្នុងពេលមានការទាក់ទង ឲ្យអ្នកនាងចុះមកថតកុន អ្នកនាងនៅតែចំណាយពេលចុះមក ហើយសុខចិត្តរស់នៅបែកប្ដី ដោយឲ្យស្វាមីត្រាំត្រែងនៅស្រុកខ្មែរ ដើម្បីមើលហាងដែលបានដំណើរការ ចំណែកអ្នកនាង និងកូនទ្រាំនៅអាមេរិកឲ្យបានសញ្ជាតិសិន។ កាលពីមុនហាងកែសម្រស់របស់អ្នកនាង គ្រាន់តែបើកក្នុងផ្ទះល្វែងតូចមួយ នៅម្ដុំរង្វង់មូលទួលគោកប៉ុណ្ណោះ ប៉ុន្តែពេលនេះ បានប្ដូរទៅកាន់វីឡាធំមួយកន្លែង នៅក្រោយផ្សារទួលគោក ដោយមានទាំងហាងកាហ្វេ នៅជាប់ជាមួយផង។ អ្វីដែលគេកត់សម្គាល់ គឺអ្នកនាងបាន ប្រើទំនាក់ទំនង និងប្រជាប្រិយភាព ទាក់ទាញតារាល្បីៗ ស្ទើរចង់មួយចំហៀងប្រទេសទៅហើយ ឲ្យផ្សព្វផ្សាយពីហាង Xeno តាមរយ:ឲ្យធ្វើជាអ្នកតំណាង ដែលធ្វើឲ្យមុខជំនួញមួយនេះ មានការប្រកួតប្រជែងបានខ្ពស់។ អ៊ីចឹងហើយ ទើបក្នុងពិធីបើកសម្ពោធហាង Xeno សាខាទី២ ដែលអ្នកនាងបានឲ្យស្វាមី និងអ្នកតំណាង ចេញមុខកាត់ខ្សែបូរសម្ពោធ នៅក្រោយវិទ្យាល័យព្រះស៊ីវត្ថិ កាលពីថ្ងៃទី១ កញ្ញា មានសុទ្ធតែតារាល្បីៗ ជាពិសេសគឺកញ្ញា ឌុច លីដា ចូលរួម។

លោក រ៉ាប៊ីត អ្នកគ្រប់គ្រងមជ្ឈមណ្ឌល Xeno បានអះអាងថា អ្នកនាង សារ៉ាយ សក្ខណា ដ្បិតថារស់នៅសហរដ្ឋអាមេរិកមែន ប៉ុន្តែអ្នកនាងបានបំពេញការងារមើលខុសត្រូវហាង តាមបណ្ដាញអ៊ីធឺណិត និងបានទំនាក់ទំនងជាមួយអតិថិជន ក៏ដូចជាតារាសិល្ប:ជាប្រចាំ ទើបធ្វើឲ្យអាជីវកម្មមួយនេះ រលូនបានល្អ។ អ្នកនាង និងស្វាមី បានទាំងគម្រោងបន្ថែមសេវា ឲ្យមានជាការវះកាត់កែសម្ផស្សក្នុងពេលខាងមុខផង បន្ទាប់ពីមានអតិថិជនច្រើនឡើងគាំទ្រ ដល់ថ្នាក់ឲ្យអ្នកនាង និងស្វាមីសម្រេចបើកសាខាថ្មី ព្រោះតែសាខាចាស់ បំពេញសេចក្ដីត្រូវការភ្ញៀវលែងគ្រាន់។ លោកថាភ្ញៀវដែលជាតារាសិល្ប: ដែលបានចូលរួមក្នុងហាង Xeno ថ្មី អញ្ជើញមិនអស់នោះផង ប្រសិនបើអ្នកនាង សារ៉ាយ សក្ខណា ចេញមុខចុះមកសម្ពោធដោយផ្ទាល់គឺពិតជាអត់កន្លែងឈរ៕