គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែង និងពិធីការិនី កញ្ញា ណាក់ ស្រីណា បានផ្ទុះជម្លោះយ៉ាងក្ដៅគគុកជាមួយផលិតកម្មមហាហង្ស ដោយបានទាំងបង្ហោះសារម្ដងជាពីរដង វាយប្រហារផលិតកម្មនេះ និង លោក អ៉ិន ជាម្ចាស់ផលិតកម្មផង រហូតធ្វើអោយមានការភ្ញាក់ផ្អើលដល់ស្រទាប់មហាជន។ យ៉ាងណាក៏ដោយ គេឃើញតារាស្រីរូបនេះ បែរជាបង្ហោះសារដែលមានខ្លឹមសារបញ្ច្រាសទិស ពីអ្វីដែលធ្លាប់បង្ហោះ ដោយបានប្រកាសសុំទោសជាសាធារណៈ និងអះអាងថាអ្វីដែលបានបង្ហោះកន្លងមក គឺជាការយល់ច្រឡំ។
កញ្ញា បានបង្ហោះសារមុននេះបន្តិចថា« ដោយសារតែមានការយល់ច្រឡំទាំងសងខាងរវាងនាងខ្ញុំនិងក្រុមហ៊ុនមហាហង្សកន្លងមកដែលបណ្តាលអោយមានការប្រើប្រាស់ពាក្យពេជន៍មិនសមរម្យនិងប៉ះពាល់ដល់ក្រុមហ៊ុនមហាហង្ស ដូច្នេះក្នុងពេលនេះនាងខ្ញុំសូមទោសលោកអគ្គនាយក និង ផលិតកម្មមហាហង្សផងដែរចំពោះការប្រើពាក្យពេជន៍មិនសមរម្យដោយប្រការណាមួយ ដែលធ្វើអោយមានការប៉ះពាល់ដល់លោកនិងផលិតកម្មរបស់លោក។ ហើយនាងខ្ញុំក៏សូមគោរពអរគុណលោកអគ្គនាយកផងដែរ ដែលលោកព្រមផ្តល់ដំណោះស្រាយយ៉ាងប្រសើរជូនខ្ញុំ ។
ដោយការគោរពរាប់អានពីនាងខ្ញុំ🙏🏻🙏🏻🙏🏻”។
ជាមួយនឹងការបង្ហោះរបស់នាង ធ្វើអោយតារាសិល្បៈភាគច្រើនមានការសាទរយ៉ាងខ្លាំង ខណៈដែលភាគីទាំងពីរឈានដល់ការសម្រុះសម្រួល ដើម្បីបញ្ចប់ចម្រូងចម្រាស់ ដែលបានកើតឡើង នៅក្នុងរង្វង់សិល្បៈ៕
មតិយោបល់