ភ្នំពេញៈ ចាត់ទុកការជាភ្ញាក់ផ្អើលដែលស្ថានីយទូរទស្សន៍PNN ប្រកាសថា ការផលិតរឿងភាគរបស់ខ្លួនដែលកំពុងផលិតប្រើទុនរហូតដល់១លានដុល្លារ ដើម្បីប្រកួតប្រជែងនៅក្នុងម៉ោងមាស។ មន្ត្រីស្ថាប័នមួយនេះ ក៏បានបញ្ជាក់ថាខ្លួនចំណាយមិនតិចជាង៨ពាន់ដុល្លារសម្រាប់ការផលិតភាពយន្តមួយភាគ ដែលមានន័យថានេះជាការចំណាយដ៏ខ្ពស់មិនធ្លាប់មាន បើធៀបនឹងការផលិតរឿងភាគរបស់ស្ថានីយទូរទស្សន៍ផ្សេងទៀត ដែលត្រូវគេអះអាងថាមានការចំណាយត្រឹមជាងមួយពាន់ដុល្លារ ឬទាបជាងនេះ ក្នុងការផលិតរឿងមួយភាគៗនោះ។
កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិនបានអះអាងថា បណ្ដាខ្សែភាពយន្តដែលបានផលិតសម្រាប់ការដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍PNN គឺមានកម្រិតខ្ពស់មិនធ្លាប់មាននៅកម្ពុជា ដោយកម្រិតនៃការចំណាយកញ្ញាយល់ថាគឺជាចំនួនទឹកប្រាក់ដ៏សន្ធឹកសម្រាប់វិនិយោគនៅលើវិស័យផលិតរឿងភាគទូរទស្សន៍។ កញ្ញានិយាយថា «ក្រៅពីការវិនិយោគនូវចំនួនទឹកប្រាក់សន្ធឹកសន្ធាប់ដើម្បីពង្រឹងនូវគុណភាពផលិតភាពយន្តភាគខ្មែរឲ្យបានល្អហើយ PNN ក៏បានចំណាយថវិកាក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរឲ្យទូលំទូលាយសាធារណៈផងដែរ ដើម្បីបង្វែរចំណាប់អារម្មណ៍អ្នកចូលចិត្តភាពយន្តខ្មែរឲ្យចង់ទស្សនា និងគាំទ្រភាពយន្តខ្មែរដែលPNN បោះទុនផលិត»។
កញ្ញាថាភាពយន្តខ្មែរក៏មិនចាញ់នឹងភាពយន្តបរទេសនោះដែរ ឲ្យតែការផលិតមានការចំណាយមួយស្របតាមស្ដង់ដារច្បាស់លាស់។ ភាពយន្តដែលបានដំណើរការផលិត ហើយត្រៀមនឹងដាក់បញ្ចាំងកញ្ញាថារួមមានរឿង«ម្ទេសហឹរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង» នឹងគ្រោងចាក់ផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ រៀងរាល់ថ្ងៃច័ន្ទ ដល់សៅរ៍ ចាប់ពីវេលាម៉ោង៨យប់តទៅ ខណៈដែលរឿងជាច្រើនទៀតកំពុងសស្រាក់សស្រាំក្នុងការផលិតឡើង។ កញ្ញាថាខ្សែរឿងទាំងអស់ត្រូវបានផលិតក្នុងកម្រិតទឹកប្រាក់រហូតដល់១លានដុល្លារ ទើបធ្វើឲ្យឈុតឆាកនៅក្នុងរឿងដែលបានផលិតរួច និងរឿងធ្វើការផលិតបន្តបន្ទាប់ គឺកញ្ញាបញ្ជាក់ថានឹងទាក់ទាញ។ នាងថាស្ថានីយ៍ទូរទស្សន៍PNN នឹងមិនធ្វើខ្សែរឿងដែលខ្វះគុណភាពសម្រាប់ម៉ោងមាសនោះទេ ដោយផលិតកម្មដែលបានសហការផលិតរឿងឲ្យPNN ក៏ត្រូវបានសម្រាំងមិនខុសពីស្ថាប័នមួយនេះរៀបចំក្រុមផលិតផ្ទាល់ខ្លួននោះឡើយ។
កញ្ញាថា ចាប់ពីដើមខែកញ្ញាតទៅ ខ្សែរឿងភាគខ្មែរបន្តបន្ទាប់នឹងបានរំលេចខ្លួន ដែលរឿងទាំងនោះគឺមានភាពខ្លាំងមិនខុសពីរឿងប្រទេសជិតខាងនោះទេ ដោយសារតែPNN ប្រើសុទ្ធតែធនធានផលិតករខ្លាំងៗ ហើយបើសំដៅលើការកំណត់នូវឧបករណ៍សម្រាប់ផលិត ក៏តម្រូវឲ្យផលិតកម្មដែលទទួលភារៈផ្គត់ផ្គង់រឿងឲ្យធ្វើការដោយម៉ត់ចត់បំផុតលើការងារនេះ។
កញ្ញា ទូច បុប្ផា បន្តថា បន្ថែមពីលើគម្រោងចំណាយខ្ពស់លើការផលិតរឿង ខ្សែរឿងទាំងនេះក៏ត្រូវបាន PNN ធ្វើការផ្សព្វផ្សាយឲ្យអ្នកដំណើរនៅក្រុងភ្នំពេញបានដឹងទូលំទូលាយផងដែរ តាមរយៈការដាក់បាណូផ្សាយនៅនឹងឡានក្រុង និងនៅនឹងម៉ូតូរ៉ឺម៉កយ៉ាងគគ្រឹកគគ្រេង។ កញ្ញាថា អ្នកបើកបរ និងអ្នកធ្វើដំណើរនៅរាជធានីភ្នំពេញ នឹងបានទស្សនារូបភាពតារាភាពយន្តកម្ពុជាល្បីៗតាមរយៈយុទ្ធនាការផ្សព្វផ្សាយចល័តរបស់ទូរទស្សន៍ PNN មួយនេះ ដែលការចំណាយរបស់ខ្លួនក៏ខ្ពស់ណាស់ដែរ ដើម្បីឲ្យអ្នកចង់ទស្សនា ភាពយន្តមានគុណភាពរបស់កម្ពុជាបានដឹងបានឮ និងចាំទស្សនានៅពេលខ្សែ រឿងទាំងនោះចាក់ផ្សាយជាសាធារណៈនៅPNN។
ប៉ាណូទាំងនោះកញ្ញាថារួមមានរូប កញ្ញា ម៉ាក សែនសូនីតា លោក អេវីន លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស កញ្ញា ចេស៊ីកា លោក អ៊ិន សុទ្ធា កញ្ញា មឿន ផាណែត កញ្ញា គៀត សុវណ្ណាឡាង លោក ទេព រិនដារ៉ូ អ្នកស្រី ប៉ែន សុផានី និងតារាសម្តែងល្បីៗជាច្រើនរូបទៀត ដែលជាតួអង្គក្នុងរឿង«ម្ទេសហិរអំបិលប្រៃ» និងរឿង«សង្គ្រាមបេះដូង»។ ក្រៅពីនោះ ការផ្សព្វផ្សាយតាមរយៈទំព័រកាសែត សារព័ត៌មានអនឡាញ បណ្តាញសង្គម ផ្ទាំងLED និងផ្ទាំងប៉ាណូនៅលើផ្លូវជាដើមក៏ត្រូវបានធ្វើផងដែរ៕
មតិយោបល់