ព័ត៌មានសិល្បៈ និងកម្សាន្ត

សហព័ន្ធកីទ្បាប្រដាល់កម្ពុជានឹងចាត់ការទៅលើមន្ត្រីណាដែលពុករលួយ

ភ្នំពេញ: ប្រសិនបើរកឃើញថា មានការឃុបឃិត ប្រព្រឹត្តអំពើពុករលួយណាមួយនោះ
ប្រមុខសហព័ន្ធកីឡាប្រដាល់កម្ពុជានឹងចាត់វិធានការ។ ការលើកទ្បើងបែបនេះ នៅពេលដែលប្រមុខ សហព័ន្ធកីឡាប្រដាល់កម្ពុជាលោក តែម ម៉ឺន និងប្រធានផ្នែកកីឡាស្ថានីយ៍ទូរទស្សន៍ភីអិនអិនលោក ស្រ៊ឺ ស្រេង បានធ្វើសន្និសឹទ្ធសាពត៌មានស្តីពីការបើកកម្មវិធីប្រដាល់សមរភូមិអ្នកប្រយុទ្ធភេសជ្ជ:គោជល់ កាលពីព្រឹកមិញនេះ នៅសណ្ឋាគារភ្នំពេញ ក្នុងគោលបំណងរួមគ្នាដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ អំពើពុករលួយក្នុងពិភពប្រដាល់ខ្មែរ។

លោក តែម ម៉ឺន មានប្រសាសន៍ថា លោកកំពុងពង្រឹងមន្ត្រីបច្ចេកទេស ដើម្បីសម្របសម្រួលដល់ការប្រកួត នៅតាមស្ថានីយ៍នានា ពិសេសភីអិនអិន ដែលទើបដំណើរការឡើងវិញ។ លោកបន្តថា មន្ត្រីបច្ចេកទេសរបស់ សហព័ន្ធនឹងមិនប្រព្រិត្តិខុសក្រមសីលធម៌ឡើយ។ តែប្រសិនបើពួកគេ ត្រូវបានរកឃើញថា ឃុបឃិតគ្នា បង្កើតទង្វើអយុត្តិធម៌ណាមួយ សហព័ន្ធនឹងពិន័យជាផ្លូវការ ឬក៏បញ្ឍប់ពីក្របខ័ណ្ឌសហព័ន្ធផងដែរ។

ស្របគ្នានេះ ប្រធានផ្នែកកីឡាភីអិនអិនលោក ស្រ៊ឺ ស្រេង លើកឡើងថា ស្ថានីយ៍របស់ខ្លួនមិនមែនមាន កីឡាករ ឬមន្ត្រីបច្ចេកទេសណាមួយ លក់ខ្លួននោះឡើយ។ ការវិលមកជាថ្មីរបស់កម្មវិធីប្រដាល់នេះ លោកនឹងមានក្រុមការងារពិសេសមួយ ដើម្បីតាមដាននៅរាល់សកម្មភាពរបស់កីឡាករ និងមន្ត្រីទាំងអស់។បើសិនរកឃើញថាមានកំហុសលោកនឹងផ្អាកការប្រកួត ឬមិនអនុញ្ញាតិឲ្យបង្ហាញមុខនៅភីអិនអិន ទៀតឡើយ។

គូរបញ្ជាក់ថា នេះជារដូវកាលទី៣ហើយ ដែលសហព័ន្ធកីឡាប្រដាល់កម្ពុជា សហការណ៍ជាមួយភីអិនអិន បើកការប្រកួតខ្សែក្រវ៉ាត់ដ៏ធំអស្ចារ្យនេះ។ ជើងខ្លាំងខ្មែរ៤រូបមាន ពេជ្រសីហា សរ រាជសីហ៍ ឡេះ តើក រួមជាមួយ ឡុងសុវណ្ណឌឿន នឹងឡើងមកតតាំង និងអ្នកប្រដាល់ថៃ៤រូបផ្សេងទៀត ដើម្បីសន្សំពិន្ទុយកអ្នកខ្ពស់ជាងគេ២រូប ទៅប្រជែងគ្នាយកជើងឯក អមដោយប្រាក់រង្វាន់៥០០០ដុល្លារ៕

មតិយោបល់