ព័ត៌មានជាតិ

ចោរថ្លើមធំ! លួចម៉ូតូរ៉ឺម៉កកង់៣ ពីយប់ ព្រឹកឡើងប្រកាសលក់

ភ្នំពេញៈ បុរសរត់ម៉ូតូរឺម៉កកង់៣ម្នាក់ ត្រូវបានចោរលួចកាច់កម៉ូតូយកទៅបាត់ កាលពីវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណតរថយន្តក្រុង “រស្មីភ្នំពេញ” លើផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះ ពិល ចាន់ថន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាអ្នករត់រ៉ឺម៉កកង់៣ ស្នាក់នៅទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតភូមិចនលាតដៃ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានទុកម៉ូតូរបស់ខ្លួននៅមុខក្រុមហ៊ុនដូចរាល់ដង ដោយជនរងគ្រោះបានអង្គុយលេងលើរីម៉កកង់៣របស់ខ្លួន។ ក្រោយមកជនរងគ្រោះបានចូលទៅក្នុងក្រុមហ៊ុន ហើយក៏បានដេកលក់មួយភ្លែត ពេលដឹងខ្លួនឡើង ស្រាប់តែបាត់ម៉ូតូរីម៉កកង់៣ បន្ទាប់មកជនរងគ្រោះបានទៅឆែកមើលកាមេរ៉ាសុវត្ថិភាព ទើបដឹងថា ចោរនោះ លួចយកម៉ូតូរីម៉កកង់៣ កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រ។

លុះព្រឹកឡើងជនរងគ្រោះ បានឮដំណឹងថា មានគេប្រកាសលក់កន្ទុយរ៉ឺម៉កម៉ូតូកង់៣ ដែលស្ថិតនៅខាងក្រោយភោជនីយដ្ឋាន “បុប្ផារាជធានី” នៅម្តុំផ្លូវរថភ្លើង ក្រុមទី១៤ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ភ្លាមៗនោះ ជនរងគ្រោះក៏បានទៅមើលឃើញថា ជាកន្ទុយរឺម៉កម៉ូតូរបស់ខ្លួនដែលបានបាត់យប់មិញពិតប្រាកដមែន។

ក្រោយពីជនរងគ្រោះបានទៅដល់ទីនោះហើយ ស្រាប់តែជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែកន្ទុយរឺម៉កម៉ូតូកង់៣ តែប៉ុណ្នោះ៕

https://youtu.be/HGzrpP6HxOE

https://youtu.be/L672Lq5NIpQ

https://youtu.be/XwkhqIRxC9Q

មតិយោបល់