ភ្នំពេញៈ បុរសម្នាក់បានបាក់ភ្លៅបែកថ្លើមស្លាប់ភ្លាមៗគួរឲ្យអាណោចអធ័ម បន្ទាប់ពីរថយន្តស្ទូចមួយគ្រឿង បើកបុកពីក្រោយរួចកិនពីលើអូសជាច្រើនម៉ែត្រ។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទល់មុខនឹងភោជនីយដ្ឋានផ្ទះស្រាបៀរ ផ្លូវ២១៧ ភូមិឬស្សី ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
សពជនរងគ្រោះ មានឈ្មោះ ណេត វណ្ណេត ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូម៉ាកស្កុបពី ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1BG-1597.
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាកស្កុបពី ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1BG-1597 បានធ្វើដំណើរតាមផ្លូវ២១៧ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុផ្លូវរៀងស្ទះ ហើយព្រមទាំងមានភ្លើងស្តុបផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ទៀតបានបើករថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4590 បានធ្វើដំណើរ ក្នុងទិសដៅស្របគ្នា បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យមានអ្នកដួលចូលក្រោមរថយន្ត ហើយរថយន្តកិនអូសពីលើ បណ្តាលឲ្យរងរបួសបាក់ភ្លៅខាងស្តាំ រយះចេញខ្លាញ់មកក្រៅ ហើយភ្លាមៗនោះដែរ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លីនិក សួគ៌ា តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក បានរយៈពេល២ម៉ោងកន្លះ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តែម្តង។
ដោយឡែក រថយន្តបង្កវិញ នៅពេលបង្ករគ្រោះថ្នាក់ហើយ គឺមិនបានឈប់ដោះស្រាយនៅនិងកន្លែងកើតហេតុនោះទេ គឺបានព្យាយាមបើករថយន្តរត់គេច ជិត១គីឡូម៉ែត្រ មកដល់ជិតនិងវត្ត ផ្លូវចូលទៅកន្លែងចាក់សំរាមចាស់ ទើបអ្នកបើកបរ បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកិច្ចជំនាញក្រុង បានចុះទៅធ្វើការវាស់វែង រថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីទាក់ទងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕









មតិយោបល់