ព័ត៌មានសិល្បៈ និងកម្សាន្ត

អត្ថន័យរិះគន់ឡើងកប់ បទភ្ជុំ សុគន្ធ ដេវីត

មិនខុសពីការសន្យា តារាចម្រៀងយុវវ័យ លោក សុគន្ធ ដេវីត បានបញ្ចេញបទពាក់ព័ន្ធនឹងបុណ្យភ្ជុំរបស់ខ្លួនមែន ដោយបទចម្រៀងមួយនេះ គឺជាលើកទី១សម្រាប់បទចម្រៀង ដែលមានអត្ថន័យពាក់ព័ន្ធនឹងបុណ្យភ្ជុំ ចាប់តាំងពីលោកបានក្លាយជាតារាចម្រៀងអាជីព។ បទចម្រៀងរបស់លោក ត្រូវគេឃើញបង្ហោះឡើងចំ ថ្ងៃបិណ្ឌ១ ទី២៥ កញ្ញានេះតែម្ដង ដោយមានការរំពឹងថា នឹងមានការចាប់អារម្មណ៍ មិនចាញ់បទរបស់លោកមុនៗនោះទេ ដោយសារតែមានអត្ថន័យរិះគន់មនុស្សមួយចំនួន ក្នុងអំឡុងបុណ្យភ្ជុំឡើងកប់ ស្របគ្នាដែលខ្លឹមសារសាច់រឿង ក៏មានរសជាតិបញ្ច្រាសទិសពីគ្នា។

លោក សុគន្ធ ដេវីដ និយាយថា ដោយសារតែលោកចង់ធ្វើឲ្យអ្នកគាំទ្រប្លែកត្រចៀក ទើបលោកសម្រេចចេញចម្រៀង Original Song មួយបទ ទាក់ទងនឹងពិធីបុណ្យភ្ជុំ ដោយបទចម្រៀងរបស់លោក គឺមានអត្ថន័យដៀលដល់បុគ្គលមួយចំនួនឡើងកប់ៗតែម្ដង ជាពិសេសសម្រាប់អ្នក ដែលមានទម្លាប់យកអំឡុងបុណ្យភ្ជុំ ដែលតែងនិយាយជាប់មាត់ថាទៅធ្វើបុណ្យជួបជុំគ្រួសារ តែការពិតទៅវក់នឹងផឹកស៊ីនោះ។ យ៉ាងណាមិញ លោកថាសម្រាប់ខ្លឹមសារក្នុង MV មិនមានសាច់រឿងកាចៗដូចគ្នានឹងខ្លឹមសារច្រៀងនោះទេ ដោយលោក និងក្រុមការងារ ធ្វើជាសាច់រឿងអប់រំច្រើនជាង។

លោក សុគន្ធ ដេវីដ បញ្ជាក់ថា ទម្រាំតែអាចបញ្ចេញបទ «ច្បាស់អត់ថា ទៅធ្វើបុណ្យ» នេះចំថ្ងៃបិណ្ឌ១ គឺលោក និងក្រុមការងារដុតដៃដុតជើង ស្ទើរតែរកពេលដកដង្ហើមមិនឃើញនោះទេ ដោយសារតែលោកមិនចង់បញ្ចេញបទនេះយឺតពេល។ លោកថាខ្លួនស្រឡាញ់ពេញចិត្តអត្ថន័យ ក្នុងបទចម្រៀងនេះយ៉ាងខ្លាំង ដោយសារតែខ្លឹមសារឆ្លុះបញ្ចាំងពីបរិយាពិតៗ នៅក្នុងសង្គមតែម្ដង ជាពិសេសចំពោះក្មេងៗ ដែលបែងចែករដូវបុណ្យទានជួបគ្រួសារ និងការសប្បាយភ្លើតភ្លើនមិនដាច់ ហើយមានខ្លះក្លាយទៅបង្កផលវិបាកអោយឪពុកវិញនោះ។ លោកថាអ្នកខ្លះប្រកាសថា ទៅភ្ជុំធ្វើបុណ្យជួបជុំឪពុកម្ដាយ ប៉ុន្តែការពិតឃើញនៅតែកន្លែងផឹកស៊ីរាំច្រៀង និងខ្លះបង្កើតជារឿង ធ្វើឲ្យឪពុកម្ដាយឈឺក្បាលប៉ុណ្ណោះ ខណៈដែលមនុស្សមួយចំនួន ទៅលេងឪពុកម្ដាយ ក៏បង្ខំឲ្យអ្នកមានគុនកាប់មាន់កាប់ទាសម្លាប់ជីវិតសត្វ ទទួលមិត្តភ័ក្រ្តរបស់ខ្លួនឲ្យផឹកស៊ីក៏មាន។ លោកមិនទាន់ដឹងថា បទចម្រៀងមួយបទនេះ ទទួលការបានគាំទ្រកម្រិតណានៅឡើយទេ ប៉ុន្តែយោងតាមអត្ថន័យដែលខុសប្លែកគេ បូករួមនឹងខ្លឹមសារMV ក៏មានការអប់រំប្លែកផង គឺ Original Song ថ្មីសន្លាងនេះ លោកអាចរំពឹងច្រើន៕

https://youtu.be/pHWvvymY_W0

មតិយោបល់