ខណៈដែល ឈុតបុរាណ ឬហៅថាឈុតប្រចាំជាតិរបស់ Miss Grand Cambodia បានក្លាយជាឈុតលំដាប់លេខ១ ក្នុងចំណោម Top Ten ពីការបោះឆ្នោតជ្រើសរើសឈុតប្រចាំជាតិរបស់ Miss Grand ពិភពលោក នៅប្រទេសមីយ៉ាន់ម៉ា ក្រឡេកមើលសង្គមហ្វេសប៊ុកឯណេះវិញ ក៏បែកម៉ាំណាស់ដែរ ដោយសារតែមានភាគីអ្នកប្រឆាំង និងអ្នកគាំទ្រ។ ភាគីទាំងពីរត្រូវគេឃើញ វាយបកគ្នាទៅវិញទៅមក ដោយមិនសំចៃមាត់ផង ដោយមានទាំងតារាមួយចំនួន បានលូកដៃក្នុងសង្គ្រាមពាក្យសម្ដីនេះផង។
ជម្លោះដែលបានផ្ទុះឡើងនេះ គឺបន្ទាប់ពីអ្នកគាំទ្របេក្ខនារីវៀតណាម និងថៃ ជាដើម បង្ហោះសារ និងបង្ហោះរូបកាត់ត ក្នុងន័យមាក់ងាយដល់Miss Grand Cambodia ក្រោយពេលជាប់លេខពីការបោះឆ្នោត និងបន្ទាប់ពីតារាហ្វេសប៊ុកភេទទី៣ កញ្ញា ចំប៉ីខ្មៅ ដែលប្រើឈ្មោះក្នុងហ្វេសប៊ុកថា Heng Yin បង្ហោះសារ និងនិយាយឌឺដង ដល់ឈុតរបស់Miss Grand Cambodia ធ្វើឲ្យមានប្រតិកម្ម។ គ្រប់ការបង្ហោះរបស់ចំប៉ីខ្មៅ រមែងទទួលបានការតបតដោយប្រតិកម្មផ្សេងៗ ពីសំណាក់អ្នកលេងហ្វេសប៊ុក ដោយអ្វីដែលគេចាប់អារម្មណ៍ គឺតារាមួយចំនួន ក៏ចេញមុខរិះគន់។
ក្នុងនោះតារាចម្រៀង លោក ដួង តារាផាឌីន សម្ដែងលោក រុន ណាកូ និងតារាភេទទី៣ លោក អៀម សុខា ជាដើមសុទ្ធតែបានចេញមុខធ្វើគូជម្លោះដោយពាក្យសម្ដីជាមួយចំប៉ីខ្មៅ យ៉ាងចាស់ដៃ ខណៈដែលចំប៉ីខ្មៅ ក៏បានវាយបកត្រលប់មកវិញ ធ្វើឲ្យផ្ទុះជម្លោះព្រោះតែមានគំនិតផ្ទុយគ្នា លើឈុតសំលៀកបំពាក់ Miss Grand Cambodia។
យ៉ាងណាមិញ គេមើលឃើញថាជម្លោះមួយនេះ គ្រាន់តែជាការឌឺដងដាក់គ្នាប៉ុណ្ណោះ ខណៈដែលអ្នកគាំទ្រជាច្រើន និយាយថាការរិះគន់របស់ចំប៉ីខ្មៅ និងអ្នករិះគន់ Miss Grand Cambodia មួយចំនួន គឺគ្រាន់តែចង់ឲ្យគេស្គាល់ផេក របស់ខ្លួនច្រើនជាងចង់បង្កជម្លោះ៕
មតិយោបល់