ព័ត៌មានសិល្បៈ និងកម្សាន្ត

តូច ស្រីពេជ្រ មិនខ្វល់អ្នកចាប់អារម្មណ៍ពាក្យ«ប្ដីៗ»ទៅកាន់គូស្នេហ៍

បើទោះជាទើបស្រឡាញ់គ្នា និងមិនទាន់មានពិធីប្រពៃណីណាមួយជាមួយគ្នា ប៉ុន្តែតារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ និងគូស្នេហ៍ថ្មី កាន់តែបង្ហាញចំណងស្នេហ៍បេះមិនដាច់ជាមួយគ្នានៅលើទឹកដីអាមេរិក។ អ្វីដែលគេកត់សម្គាល់ គឺអ្នកនាងបានទាំំងហៅបុរសដែលអ្នកនាងប្រកាសថាគូស្នេហ៍នោះថា ជាប្ដីៗដោយមិនខ្វល់ពីការររិះគន់ថា មាន ឬមិនមានពិធីរៀបការជាមួយគ្នានោះផង។

នៅលើគណនេយ្យផ្លូវការរបស់មេម៉ាយស្រីរូបនេះ ស្ទើរតែផុសរូបស្វីតៗ បង្ហាញពីភាពផ្អែមល្ហែមជាមួយអនិកជនជាគូស្នេហ៍ ដែលត្រូវគេស្គាល់ថាឈ្មោះ សំអាត ដល់ថ្នាក់ហ្វេនហ្វេនរបស់នាងលួចច្រណែន។ អ្នកនាងប្រកាសដោយឥតលាក់លៀមថា បុរសដែលអ្នកនាងកៀកកើយ គឺជាបុរសដែលអ្នកនាងផ្ញើខ្លួន ដោយអ្នកនាងរំពឹងយ៉ាងមុតមាំថា ស្នេហារបស់ខ្លួននឹងគ្មានរឿងប្រេះស្រាំដូចគ្នានឹងចំណងស្នេហាជាមួយស្វាមី ដូចដែលអ្នកនាងទម្លាយថាពិតជាបែកស្វាមីក្រោយទៅដល់អាមេរិកនោះផង។ អ្នកនាងត្រូវគេឃើញបង្ហាញរូបថត និងសកម្មភាពដូចប្ដីប្រពន្ធដាក់គ្នាបង្អួតភ្នែកអ្នកលេងហ្វេសប៊ុកនោះ ប៉ុន្តែគេមិនដែលឃើញអ្នកនាងប្រកាសពីគម្រោងរៀបការជាមួយគ្នានោះទេ ខណៈដែលអ្នកនាងក៏ធ្លាប់បញ្ជាក់ថាគម្រោងរៀបការគឺអាចយូរទៀត បើទោះជាអ្នកនាងសម្រេចចិត្តហៅគូស្នេហ៍ថាប្ដីៗយ៉ាងពេញៗមាត់។

អ្នកនាង តូច ស្រីពេជ្រ ធ្លាប់បានបញ្ជាក់ថា អ្នកនាងធ្លាក់ខ្លួនមេម៉ាយទៅហើយ ដូច្នេះបើទោះជាអ្នកនាងប្រើពាក្យថាប្ដីចំពោះបុរសដែលអ្នកនាងជ្រើសរើសដោយមិនមានចំណងអាពាហ៍ពិពាហ៍ក៏មិនមែនជារឿងចម្លែកនោះដែរ សំខាន់អោយតែអ្នកនាង និងគូស្នេហ៍ស្រឡាញ់យល់ចិត្តគ្នា។ ម្យ៉ាងមកពីអ្នកនាងចង់ទុកពេលមើលចិត្តថ្លើមគ្នាអោយច្បាស់លាស់សិនផង ទើបអ្នកនាងគិតថាស្រឡាញ់គ្នា និងមើលចិត្តចិត្តគ្នាអោយបានយូរបន្តិច ចាំមានពិធីមង្គលជាមួយគ្នាក៏មិនទាន់យឺតពេល។

មតិយោបល់